ក្រុង​មីឡាន​៖ លោក Jose Mourinho ស្គាល់​រសជាតិ​បរាជ័យ​ ជាលើក​ដំបូង​ហើយ ចាប់​តាំង​ពី​វិល​មក​ធ្វើ​តួនាទី​ជា​គ្រូបង្វឹក​ នៅ​ប្រទេស​អ៊ីតាលី ខណៈ​ដែល​ក្រុម ​AS Roma របស់​គាត់ ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Hellas Verona ៣-២ ពី​ការ​ប្រកួត​ដ៏​​ស្វិត​ស្វាញ ក្នុង​ក្រប​ខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ​អាទិត្យ​។

ការ​ស៊ុត​បាល់​ក្នុង​លំហ​យ៉ាង​ស្អាត ពី​កីឡាករប្រធាន Marco Faraoni មិន​ត្រឹម​តែ​បាន​មក​បញ្ចប់​ការ​ចាប់​ផ្ដើម​ជាមួយ​នឹង​ជ័យ​ជម្នះ ១០០​ ភាគ​រយ​របស់​ក្រុម Roma ត្រឹម​ហ្គេម​ទី៤​​ នេះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ក្រុម Verona អាច​ឈ្នះ ​ជាលើកទី១ នៃ​យុទ្ធ​នាការ​ នៅ Serie A នារដូវកាល​ថ្មីនេះ​ទៀត​ផង​​។​

ក្រុម​ Roma ទំនង​ជា​កំពុង​ស្ថិត​លើ​ផ្លូវ​ ក្នុង​​ការ​ដណ្ដើម​បាន​ ៣ ពិន្ទុ​មួយ​ផ្សេង​ទៀត​ហើយ បន្ទាប់​ពី​ខ្សែ​បម្រើ ​Lorenzo Pellegrini ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​នាំមុខ នៅ​វគ្គ​ទី១​ ជាមួយ​នឹង​ការ​ស៊ុត​កែង​ជើង​យ៉ាង​ស្អាត​។

តែ​យ៉ាង​ណា ហ្គេម​ចាប់​ផ្ដើម​ប្រែ​ប្រួល នៅ​វគ្គ​ទី២ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ Verona ជា​អ្នក​នាំ​មុខ​វិញ ​ជាមួយ​នឹង​គ្រាប់​បាល់​របស់​កីឡាករ Antonin Barak និង Gianluca Caprari មុន​នឹង​ក្រុម Roma តាម​ស្មើ​បាន ដោយសារ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Ivan Ilic​ នៅ​នាទីទី៥៨​។

ក្រុម​របស់​លោក Mourinho រីក​រាយ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ពោល​គឺ​នៅ ៥ នាទី​បន្ទាប់ ខ្សែការពារ​ស្ដាំ Faraoni ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម Verona នាំមុខ​ជាថ្មី ហើយ​ក៏​ជា​លទ្ធផល​ផ្លូវ​ការ​តែ​ម្ដង​។​

ក្រោយ​ក្រុម​រង​បរាជ័យ លោក Mourinho បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ DAZN ថា៖ «យើង​​លេង​មិន​បាន​ល្អ​ទេ យើង​មិន​អាច​ប្រែ​ប្រួលឱ្យ​បាន​ល្អ តាម​វិធី​លេង​របស់​ពួក​គេ​។ យើង​ចាញ់​ការ​ប្រជែង​ពួក​គេ​ជាញឹក​ញាប់​។ ខ្ញុំ​ត្រូវ​ការ​វីដេអូ ខ្ញុំ​ត្រូវ​ការ​ពេល ២-៣ ម៉ោង ដើម្បី​ដឹង​ឱ្យ​បាន​ច្បាស់​ថា តើ​មាន​អ្វី​ ដែល​កើត​ឡើង​?​»។

ក្រុម Roma ក្រោយ​បញ្ចប់​ទៅ ៤ហ្គេម នៅ​លំដាប់​ទី ៤​ ក្នុង​តារាង​ពិន្ទុ Serie A ដោយ​មាន​ ៩ ពិន្ទុ ខណៈ​ដែល​ក្រុម Verona រំកិល​ឡើង​ផុត ​ពី​ក្រុម​នៅ​បាត​តារាង​ទាំង ៣ ដោយ​ទៅ​ឈរ​នៅ​លេខ ១៤ បន្ទាប់​ពីចាប់​ផ្ដើម​ដោយ​ជ័យ​ជម្នះ​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​ថ្មី​ លោក Igor Tudor ដែល​មក​ជំនួស​តំណែង​របស់​លោក Eusebio Di Francesco កាល​ពី​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​៕ AFP/VN