ក្រុង​មីឡាន៖ ក្រុម​សេះ​បង្កង់ Juventus កំពុង​​ប្រឹង​ប្រែង​តស៊ូ​ជាមួយ​នឹង​រូប​ភាព ដែល​មិន​គួរ​កើត​មាន ក្នុង​ការ​រើ​ខ្លួនឱ្យ​ផុត ​ពី​ក្រុម​នៅ​បាត​តារាង​ទាំង ៣ នៃ​តារាង​ពិន្ទុ​របស់​ក្រប​​ខ័ណ្ឌ Serie A ក្រោយ​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម AC Milan ១-១ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​ពួក​គេនៅ​មិន​ទាន់​ឈ្នះ​សូម្បី​ម្ដង ពី​ការ​ប្រកួត​ក្នុង​លីគ ៤ លើក​ដំបូង នា​រដូវកាល​ថ្មី​នេះ​។​​

គ្រាប់​បាល់​ នៅ​នាទីទី​៤ របស់​ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Juve នាំ​មុខ​ តែ​ការ​តែត​របស់​ខ្សែ​ប្រយុទ្ធ Ante Rebic នាំ​ឱ្យ​មាន​គ្រាប់​បាល់​តាមស្មើ​ សម្រាប់​ក្រុម Milan ហើយ​ក្រុម​ភ្ញៀវ បាន​បញ្ចប់​ចុង​សប្ដាហ៍ ជាមួយ​នឹង​ការ​ឈរ​នៅ​លេខ ២ ដោយ​សារ​តែ​​មាន​​​គ្រាប់​បាល់​ចំណេញ​តិច​ជាង​ក្រុម​គូប្រជែង​រួម​ក្រុង Inter Milan ដែល​បំបាក់​ក្រុម​Bologna ឥត​ប្រណី ៦-១ កាលពីថ្ងៃ​សៅរ៍​។

ជាមួយ​គ្នា​នេះ ក្រុម Milan ប៊ិះ​នឹង​អាច​ឈ្នះ​ការ​ប្រកួត​នេះ ក្នុង​វិនាទី​ចុង​ក្រោយ​ទៀត​ផង តែ​សំណាង​ល្អ​ ដែល​អ្នក​ចាំ​ទី Wojciech Szczesny ជួយ​សង្គ្រោះ​ក្រុម Juve ឱ្យ​រួច​ផុត​ពីការ​ស៊ុត​យ៉ាង​ស្អាត​របស់​កីឡាករ Pierre Kalulu​។

ក្រុម​សេះ​បង្កង់ ដែល​នៅ​តែ​មិន​ទាន់​នឹង​នរ ក្រោយ​ស៊ុបភើស្តារ Cristiano Ronaldo ចាក​ចេញ​ត្រឡប់​ទៅ​ចូលរួម​ជាមួយក្រុម​បិសាច​ក្រហម Manchester United ​ នោះ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៨ ដោយ​មាន​តែ​ ២​ពិន្ទប៉ុណ្ណោះ ហើយ​មាន​តែ​ក្រុម Cagliari ​និង Salernitana ដែល​នៅ​ក្រោម​ពួក​គេ​​។

គ្រូបង្វឹក​របស់​ក្រុម Juve លោក Massimiliano Allegri បាន​ប្រាប់​ឱ្យ​ដឹង​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ថា​៖ «​អ្នក​ត្រូវ​តែ​មាន​ការ​ប្ដូរ​ផ្ដាច់​ជាង​នេះ ត្រូវ​យល់​ឱ្យ​ច្បាស់ ​ពី​ការ​ប្រកួត​ជាង​នេះ និង​​ត្រូវ​បន្ត​ការ​ផ្ដោត​អារម្មណ៍​។ នេះ​ជា​ផ្នែក​នៃ​ដំណើរ​ការ​វិវឌ្ឍ​ខ្លួន ​ជា​ធម្មតា​​របស់​កីឡាករ​មួយ​ចំនួន​»​។

«​ខ្ញុំ​ទទួល​ស្គាល់​​ថា​ ខ្ញុំ​គិត​ខុស ចំពោះ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​។ ខ្ញុំ​សម្រេច​ចិត្ត​ខុស​។ ខ្ញុំ​គួរ​តែ​ដាក់​ខ្សែ​ការ​ពារ​បន្ថែម​ ហើយ​បិទ​ឱ្យ​ចប់​ត្រឹម​ការ​នាំ​មុខ ១-០ ហ្នឹង ដូច្នេះ ខ្ញុំ​ជាអ្នក​ទទួល​ខុស​ត្រូវ​សម្រាប់លទ្ធផល​នេះ​»​។ អ្នក​ចាត់​ការ​វ័យ ៥៤ ​ឆ្នាំ​ រូបនេះ បាន​លើក​ឡើង​បន្ថែម​។

សម្រាប់​ក្រុម Milan ដែល​អត់​មាន​ទាំងខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic និង Olivier Giroud នោះ នេះ​ជា​ការ​របូត​ពិន្ទុ​ក្នុង​លីគ​ដំបូង​របស់​ខ្លួន នារដូវកាល​នេះ​។ តែ​យ៉ាង​ណា ពួក​គេ​នឹង​អាច​ធូរ​ទ្រូងបាន ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​មិន​ចាញ់​បន្ត​បន្ទាប់​គ្នា បន្ទាប់​ពី​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Liverpool យក​ឈ្នះ ៣-២ ពី​ការ​ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ Champions League កាល​ពី​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​៕ AFP/VN