ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួតកីឡាអេឡិចត្រូនិកលក្ខណៈ​លីគ​អាជីព​លំដាប់​អន្តរជាតិ MPL KH Season 1 លើ​វិញ្ញាសា​ Mobile Legends: Bang Bang បាន​រក​ឃើញ​​ក្រុម​ខ្លាំងទាំង​​ ៦ ដើម្បី​​​​​ឡើងទៅ​ប្រកួត នៅ​វគ្គ Playoff ជា​ផ្លូវ​ការ​ហើយ​​​ បន្ទាប់​ពីក្រុមទាំង​នេះ បានជម្នះការ​ប្រកួត​យ៉ាងលំបាក និងស្វិតស្វាញ នៅក្នុងការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ និង​វគ្គ Regular ​ក្រោម​​ការ​ចាប់​អារម្មណ៍យ៉ាង​​ខ្លាំង​ពី​អ្នក​គាំទ្រនោះ។

ជាមួយ​ការ​រៀបចំ​យ៉ាង​ល្អ​ ​របស់​ MOONTON Games និងដៃ​គូសហការ Smart Axiata ដោយ​មាន​​ភេសជ្ជៈ Sting និង​ NCX Honda ជា​អ្នក​ឧបត្ថម្ភ​នោះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួតជម្រុះ​វិល​ជុំ ដែលបាន​ធ្វើ​ចាប់​​ពី​ថ្ងៃ​ទី ​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី ​១៩ ខែ​ កញ្ញា ឆ្នាំ​ ២០២១ មានការ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ពី​អ្នក​និយម​ចូល​ចិត្ត​កីឡា​អេឡិចត្រូនិក នៅកម្ពុជា។

តាម​រយៈ​ការ​ប្រកួត​សន្សំពិន្ទុ រវាង​ក្រុមចំនួន ៨ ក្នុង​វគ្គ​នេះ ពិត​ជាតឹង​តែង​ខ្លាំង ព្រោះ​​ក្រុម​​នីមួយ​ៗ ​​​ត្រូវ​ប្រកួត​​ចំនួន ​៧ ​លើក​ដូច​គ្នា។ ​មានន័យ​ថា ពួក​គេ​ ត្រូវ​ប៉ះ​គ្នា​ទាំង​អស់ ហើយ​ជា​លទ្ធផល ​ក្រុម DG Quantum,​ FENNEC Esport,​ Notorious Angels និង​ក្រុម Walker Esports សុទ្ធតែ​បាន​ឆ្លងផុត​ពីការ​ប្រកួត​ដ៏លំបាកនេះ ដើម្បីឡើងទៅកាន់ការ​ប្រកួត​វគ្គ​បន្ត។

ជ័យជម្នះ​របស់​ក្រុម DG Quantum,​ FENNEC Esport,​ Notorious Angels និង​ក្រុម Walker Esports បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ដល់​​​ក្រុម​​ខ្លាំង Impunity KH, See YouSoon, New Blood និង Burn Gaming ដែល​អង្គុយ​ចាំ ​នៅ​​​វគ្គ Regular តាម​រយៈ​​សមត្ថភាព និង​បច្ចេកទេស​ពិសេស​របស់​​​ក្រុមទាំង ​៤ ដែល​ទើប​បាន​ឡើង មក​ដល់​វគ្គ Regular​នេះ។

កីឡាករ​តំណាងក្រុមទាំង​៨ ដែល​បាន​ឡើង​មក​ដល់​វគ្គ Regular ប៉ុន្តែពេលនេះ បាន​ធ្លាក់​២​ក្រុម​ហើយ។ រូប សហការី

យ៉ាងណាមិញ សម្រាប់ការ​ប្រកួតប្រជែង​រវាងខ្លាំង​ទាំង ​៨ ​ខាង​លើក​នេះ ពិតជា​មាន​ភាព​តឹង​តែង​ខ្លាំង ​ហើយ​នៅរាល់​​ការ​ប្រកួត​នីមួយ​ៗ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​សង​ខាង និង​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡាអេឡិចត្រូនិក​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​គាំទ្រ​​ជាង ​៦ ​ម៉ឺន​នាក់ ​​បាន​តាម​ដាន​ទស្សនា​ការ​ប្រកួត តាម​រយៈ​ការ​​ផ្សាយ​ផ្ទាល់ លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​រៀង​ៗ​ខ្លួន ​​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ​ដល់​ក្រុម​សំណព្វ​ចិត្ត​របស់​ពួក​គេ។

ការ​គាំទ្រ​យ៉ាង​ច្រើនលើសលប់ ​ពី​អ្នក​គាំទ្រ​​ និង​អ្នក​ស្រឡាញ់​កីឡា​អេឡិចត្រូនិក​នេះ ជា​កត្តា​ដ៏​សំខាន់​បំផុត ក្នុងការ​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នីមួយ​ៗ ​ឱ្យ​​ប្រឹង​ប្រែង​ប្រកួតគ្នា​ ហើយ​សកម្ម​ភាព​នេះ វា​ជា​ផ្នែក​ដ៏​សំខាន់​ ក្នុងការ​​ជំរុញ​​កីឡា​ E-sports នៅ​កម្ពុជា ឱ្យ​​កាន់​តែ​រីក​ចម្រើន និង​បង្ហាញ​ឱ្យ​​ឃើញ​ថា វិស័យ​កីឡា​អេឡិចត្រូនិក​ នៅ​កម្ពុជា ​កំពុង​ដើរ​លើផ្លូវ​ត្រូវ ដើម្បី​​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ និង​លំដាប់​អន្តរជាតិ។

ជា​មួយ​គ្នា អ្នក​ឧបត្ថម្ភ ​ក៏​បាន​បន្ថែមនូវ​​យុទ្ធនាការណ៍​ខ្លាំង​ក្លា និង​ការ​ផ្សព្វផ្សាយ​ទាំង​ក្រៅ​អនឡាញ​ ដែល​បាន​ជំរុញ​ឱ្យ​​ព្រឹត្តិការណ៍​នេះ​ កាន់​តែមានភាព​​អធិក​អធម​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​នោះ ក្រុម DG Quantum,  SeeYouSoon,  Impunity KH,  Burn Gaming, Fennec Esports និង ក្រុម New Blood បាន​ទទួល​ជ័យជម្នះ និង​ត្រូវ​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ Play-Off។

តារាង​ចំណាត់​ថ្នាក់​ ក្រោយការ​ប្រកួត​វគ្គ Regular បាន​បញ្ចប់ ហើយ​ក្រុម​លេខ​៧ និងលេខ​៨ ក្រោយ​គេ ត្រូវ​កាត់​ចោល មិនបានឡើងទៅលេង​វគ្គ Play-off នោះ​ទេ។

​តាម​រយៈ​លទ្ធ​ផល​នៃ​ការ​ប្រកួត​វិល​ជុំ ក្នុង​វគ្គ Regular​ ក្រុម DG Quantum បាន​ទទួល​ចំណាត់ថ្នាក់លេខ​ ១ ក្នុងការ​ប្រកួត​វិលជុំទាំង ​​៧ ​លើក ដោយពួកគេ ឈ្នះ​ ៦ និងចាញ់ ត្រឹម​១​ប្រកួត មាន​ ៦ ពិន្ទុ ចំណែក​ក្រុម SeeYouSoon ឈរ​នៅ​លេខ​ ២ មាន ៥ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម  Impunity KH ចំណែក​ក្រុម Burn Gaming ឈរ​នៅ​លេខ​៤ ដោយមាន ​៤ ពិន្ទុ ស្មើជាមួយ​ក្រុម​លេខ ៥ Fennec Esports រីឯ​ក្រុម New Blood ដែល​មានត្រឹម​ ២ ពិន្ទុ ជាមួយ​ការ​ឈ្នះ​ ២ និងចាញ់​ ៥​ ប្រកួត ឈរ​នៅលេខ​ ៦ ប៉ុន្តែ​ក្រុម Notorious Angels និង​ក្រុម Walker Esports ដែល​ឈរ​នៅលេខ ​៧ និងលេខ​ ៨ ត្រូវបានកាត់ចោល និង​ធ្លាក់ត្រឹម​វគ្គ Regular នេះ។

តាម​គណៈកម្មការរៀបចំការ​ប្រកួតនេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​វគ្គ​ Play-Off នឹង​ត្រូវ​​ប្រព្រឹត្ត​ទៅ​ ពី​ថ្ងៃ​ទី ១ ដល់ ទី ​៣ ខែ​ តុលា ឆ្នាំ ​២០២១ រួច​យក​ក្រុម​ឈ្នះ ​ឡើងទៅ​បក្រកួត​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ​​ដើម្បី​កាត់​សេចក្តី​រក​ក្រុម​​គ្រង​ជើង​ឯក​​ MPL KH ​រដូវ​កាល​ទី​១​ នេះ។

ជាមួយ​គ្នា​នេះ ​​ប្រាក់រង្វាន់​ចំនួន ​៤ ម៉ឺន​ដុល្លារ ត្រូវ​​បានគេ​ត្រៀមទុក​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ជូនដល់​ក្រុមម្ចាស់​ជយលាភី ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ក្រុមម្ចាស់​ជើងឯកការ​ប្រកួត​ MPL KH នេះ ​នឹង​​​​ក្លាយ​ជា​ក្រុម ​​តំណាង​ឱ្យ​​កម្ពុជា ​​ត្រូវ​​​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ក្នុ​ងព្រឹត្តិការណ៍ M3 World Championship នៅ​ចុង​ឆ្នាំ ២០២១ ​នេះ៕