​ភ្នំពេញៈ កីឡាករ​ជម្រើស​​ជាតិ​គុន​ខ្មែរ រិ​ន ដា​វីត ព្រម​ទទួលយក​ការ​ចាញ់​ជើង​ខ្លាំង​ជំនាន់​ថ្មី ធន់ ផានិត ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រា​ក់លាន នៅលើ​សង្វៀន​ថោ​ន កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ ដា​វីត មិនបាន​សរសើរ​ពី​ក្បាច់​ប្រយុទ្ធ​របស់ ផានិត នោះទេ ហើយ​រូបគេចង់​សងសឹក​ម្តងទៀត ដោយ​សង្ឃឹមថា នឹង​យកឈ្នះ​បាន​វិញ ឱ្យតែ​ហ្វឹកហាត់ពង្រឹងកម្លាំង​ស៊ុ​ហ្វ បាន​ពេញ​ល្អ​។

​តាមរយៈ​ប្រកួត​នោះ រិ​ន ដា​វីត បាន​យកឈ្នះ អេ​លី​ត សេងហួរ ហើយ ធន់ ផានិត ឈ្នះ​កីឡាករ យ៉​ន ពិសី ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ ដូចគ្នា សម្រាប់​ការប្រកួត​វិលជុំ​៣​ទឹក ហើយ​លទ្ធផល​នេះ បានធ្វើឱ្យ ធន់ ផានិត បាន​ឡើងទៅ​ជួប រិ​ន ដា​វីត ជាថ្មី ដើម្បី​ជម្រះបញ្ជី​ចាស់ គឺ​ពេលដែល រិ​ន ដា​វីត បាន​ក្លាយជា​ម្ចាស់​ប្រា​ក់លាន ចំនួន ៣,៤​ លាន​រៀល ហើយ​រូបគេ​បាន​ក្លាយជា​អ្នកចាញ់​។​

​យ៉ាងណាក៏ដោយ តាម​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដែលមាន​ត្រឹម​៣​ទឹក​នេះ ធន់ ផានិត បាន​វាយ​សម្រុក​ខ្លាំង ដើម្បី​ចាប់​បុក​ជង្គង់ ដែល​ធ្វើឱ្យ​កីឡាករ​វាយ​ក្បាច់ រិ​ន ដា​វីត មានការ​ពិបាក​ផងដែរ ហើយ​ជា​លទ្ធផល ផានិត បាន​ក្លាយជា​ម្ចាស់​ជើង​ឯក ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣,៤ លាន​រៀល ក្រោយពេល​ចៅក្រម​ទាំង ​៥ ​រូប បានសម្រេច​ឱ្យ​រូបគេ​ឈ្នះ​ពិន្ទុ រិ​ន ដា​វីត មិន​ឯកច្ឆន្ទ ៤-១​។​

​រិ​ន ដា​វីត ដែល​ទទួលបាន​ប្រាក់រង្វាន់ ១,៨​ លាន​រៀល ក្នុងនាម​ជា​អ្នក​លេខ​ ២​ នោះ បាន​និយាយក្រោយ​ការប្រកួត​ថា​៖ «​ការ​ចាញ់​លើក​នេះ គឺ​ខ្ញុំ​អស់ចិត្ត ប៉ុន្តែ​ខ្ញុំ​នៅតែ​ចង់​ប្រកួត​សងសឹក​វិញទៀត ហើយ​បើ​បាន​ជួបគ្នា​លើក​ក្រោយ ខ្ញុំ​នៅតែមាន​សង្ឃឹម​ឈ្នះ ព្រោះ​ការប្រកួត វា​អាស្រ័យទៅលើ​ការហ្វឹកហាត់​បានល្អ គឺ​នឹង​ប្រកួត​ល្អ​»​។​

​នៅពេល​សួរ​ពី​របៀប​វាយ ឬ​ក្បាច់​ប្រយុទ្ធ​របស់ ធន់ ផានិត កីឡាករ រិ​ន ដា​វីត បាន​បញ្ជាក់ថា​៖ «​ធន់ ផានិត បានតែ​ចូល​បុក និង​ចាប់​បុក​ជង្គង់ ហើយ​ការ​វាយ​បែបនេះ យើង​ពិបាក​ដែរ ព្រោះ​គាត់​ចូល​កៀក​ពេក ពិបាក​វ៉ៃ​។ តែ​ទោះបីជា​យ៉ាង​ណា បើសិន​បាន​ជួបគ្នា​ម្តង​ទៀត ខ្ញុំ​នឹង​ហាត់​ពង្រឹង​សុ​៊​ហ្វ​ឱ្យបាន​ខ្លាំង​ជាង​នេះ ហើយ​ខ្ញុំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការប្រកួតដោយ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​យកឈ្នះ​បាន​វិញ​»​។​

​ចំណែក ធន់ ផានិត បាន​ប្រាប់ថា​៖ «​បើ​គិត​ទាំង​ការ​-​ប្រកួត​លើក​នេះ ពួកយើង ប្រកួត​គ្នា​បាន​៣​លើក​ហើយ ដោយ​លើក​ទី​១ ខ្ញុំ​ជា​អ្នកឈ្នះ ហើយ​លើក​ទី​២ ក្នុង​កម្មវិធី​ដណ្តើម​ប្រាក់​លាន​នេះដែរ ខ្ញុំ​ចាញ់​ពិន្ទុ ប៉ុន្តែ​លើក​នេះ ខ្ញុំ​បាន​យកឈ្នះ​លើ​គាត់​បាន​វិញ ប៉ុន្តែ​ជា​ជ័យជម្នះ ដែល​ទទួលបាន​ទាំង​លំបាក​»​។​

​កូនសិស្សលោក ធន់ សុភា រូបនេះ បាន​បន្ថែមថា​៖ «​ជួប​ប្រកួត​ជាមួយ រិ​ន ដា​វីត លំបាក​ឈ្នះ​ណាស់ ព្រោះ​កម្លាំង​គាត់​ល្អ គាត់​ល្អ​វាយ​បាន​គ្រប់​ស្នៀត និង​វាយ​ចេញ​ច្បាស់ៗ ហេតុ​​នេះ​បើ​ជួបគ្នា​លើក​ក្រោយ​ទៀត​ក៏​លំបាក​ឈ្នះ​គាត់​ណាស់ គឺ​តឹង​តែម្តង​។ និយាយ​ទៅ ការ​ចាញ់ ឬ​ឈ្នះ អាស្រ័យ​លើ​ការ​ប្រកួត​ជាក់ស្តែង គឺមាន​ឱកាស​លើ​ចំណុច​ណា​វ៉ៃ​ចំណុច​នឹងតែម្តង​»​។​

​យ៉ាងណាក៏ដោយ តាមរយៈ​ការយក​ឈ្នះ​លើ រិ​ន ដា​វីត នៅក្នុង​ការប្រកួត​លើក​នេះ ផាន់ ផានិត បានទទួល​ការ​សរសើរ​ខ្លាំង​ពី​អ្នកគាំទ្រ ហើយ​សមត្ថភាព​ប្រកួត​របស់គេ នៅពេលនេះ​កំពុង​លេចធ្លោ​ខ្លាំង ហើយ​សឹងតែ​ពិបាក​រក​គូប្រកួត​ក្នុងស្រុក សម្រាប់​ការប្រកួត​ទាំង​ប្រភេទ​ទម្ងន់ ​៥៧​ គីឡូ​​ក្រាម និង​ ៦០​ គីឡូក្រាម​៕​