The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Chelsea បំបាក់ Spurs ដល់ផ្ទះ ក្រោយ​ការគោរព​វិញ្ញាណក្ខន្ធ​




Chelsea បំបាក់ Spurs ដល់ផ្ទះ ក្រោយ​ការគោរព​វិញ្ញាណក្ខន្ធ​

Content image - Phnom Penh Post
អ្នក​ចាំទី Lloris បាន​ព្យាយាម​លោត​សង្គ្រោះបាល់ ស៊ុតដោយក្រុម Chelsea។ AFP

Chelsea បំបាក់ Spurs ដល់ផ្ទះ ក្រោយ​ការគោរព​វិញ្ញាណក្ខន្ធ​

ក្រុង​ឡុង​ដ៍​: ក្រុម​តោ​ខៀវ Chelsea បាន​បន្លាយ​ការចាប់ផ្ដើម​ដ៏​ល្អ​ឥត​ខ្ជោះ​របស់ខ្លួន នា​រដូវ​កាល​ថ្មី​បន្តទៀត ជាមួយនឹង​ជ័យជម្នះ ៣-០ លើ​ក្រុម​-​រួម​ក្រុង​ឡុង​ដ៍ Tottenham Hotspur (Spurs) ខណៈ​មុន​ការប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ចាប់ផ្ដើមក្រុម​ទាំងមូលបានធ្វើ​ការគោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Jimmy Greaves​។​

​ជំនួប​រវាង​ក្រុម​រួម​ក្រុង​នេះ នៅ​វគ្គ​ទី១ មិនមាន​គ្រាប់​បាល់​ទេ តែ​ចូលដល់​តង់​ទី​២ ប្រមាណ​ជា​៣​នាទី ខ្សែ​ការពារ Thiago Silva តែ​ត​បញ្ចូល​ទី​ឱ្យ​ក្រុម Chelsea នាំមុខ ហើយ ៨ ​នាទី ​បន្ទាប់ ខ្សែបម្រើ N'Golo Kante បន្ថែម ១ ​គ្រាប់​ទៀត​ឱ្យ​ក្រុម​ភ្ញៀវ ជាមួយនឹង​គ្រាប់​បាល់​ដំបូង​របស់ខ្លួន គិត​តាំង​ខែធ្នូ ឆ្នាំ​ ២០១៩ មក​។​

​ខ្សែការពារ Antonio Rudiger បានបញ្ចប់​លទ្ធផល​ជាមួយនឹង​ទិដ្ឋភាព​នៃ​ទម្រង់​លេង​ដ៏​លេចធ្លោ​របស់​ក្រុម Chelsea ដោយ​ការ​ស៊ុត​សម្រេច ១ ​គ្រាប់ នៅក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ ខណៈដែល​ភាព​ប៉ិនប្រសប់ ខាង​រៀបចំ​ទិច​និក​ថ្មីៗ​នេះ​របស់លោក Thomas Tuchel បាន​ទទួលផល​ជាទី​គាប់ចិត្ត​។​

​ក្រុម Chelsea របស់លោក​គ្រូ Tuchel ដែល​មិន​ចាញ់​សោះ ឡើងទៅ​នៅ​ទី​កំពូល​តារាង​ពិន្ទុ​នៃ​ក្រប​ខ័​ណ្ឌ Premier League បន្ទាប់ពី​ឈ្នះ ៤ ​ដង ក្នុងចំណោម ៥ ​ហ្គេម​ដំបូង​របស់ខ្លួន ដោយមាន ១៣​ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ ២ Liverpool និង​ក្រុម​លេខ ៣ Manchester United ដែល​ទាំង​ ២​ ក្រុម​នេះ ក៏​មិនទាន់​រង​បរាជ័យ​ដូចគ្នា​ដែរ​។​

​ក្រុម​តោ​ខៀវ បាន​របូត​គ្រាប់​បាល់​តែ ១ ​គ្រាប់​ប៉ុណ្ណោះ មកទល់ពេលនេះ សម្រាប់​រដូវ​កាល​ថ្មី បើទោះបី​ជាមាន​កាលវិភាគ​ប្រកួត​តឹងតែង ដោយ​ត្រូវ​ធ្វើដំណើរ​ទៅផ្ទះ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ក្រុម Spurs និង​ក្រុម​កាំភ្លើង​ធំ Arsenal ក៏ដោយ​។​

​យ៉ាងណាក្ដី ពួកគេ​ត្រូវ​ប្រឈម​ជាមួយនឹង​តេស្ដ​ដ៏​ធំ​មួយ​ផ្សេងទៀត​ពី​គុណភាព​នៃ​ការ​ប្រជែង​យកពាន​លី​គ​កំពូល​របស់​ពួកគេ នៅ​ចុង​សប្ដាហ៍​ក្រោយ ពេលដែល​ក្រុម​ការ​ពារ​ជើងឯក Manchester City ធ្វើដំណើរ​មក​សួរសុខទុក្ខ​ពួកគេ​ដល់​ទឹកដី Stamford Bridge​។​

​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Tuchel បាន​ថ្លែង នៅក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​ពិតជា​អត់​សប្បាយចិត្ត​សោះ នៅ ៤៥​ នាទី​ដំបូង​។ យើង​ខ្វះ​ការតាំង​ចិត្ត និង​ថាមពល​។ ការ​លេង​ហ្គេម​មួយ​ដូចនេះ នៅ Premier League ដែលជា​ជំនួប​ក្រុម​នៅក្រុង​តែ ១ ក្នុង​ទឹកដី​របស់​ក្រុម Spurs វា​មិន​មែនមាន​ត្រឹមតែ​ជំនាញ​លេង​ប៉ុណ្ណឹង​ទេ តែ​វា​ក៏ត្រូវ​មានការ​បំពារ​បំពាន (​បុក​គូបដិបក្ខ​) និង​ការ​ប្រជែង (​ជែង​) ឱ្យ​ឈ្នះ​ផងដែរ​»​។​

«​យើង​បាន​និយាយ​គ្នា​យ៉ាងច្បាស់​លាស់​ពី​បញ្ហា​នេះ ពេល​សម្រាក​វគ្គ​ទី១​។ នៅ​វគ្គ​ទី​២ វា​ជា​ទម្រង់​ដ៏​ល្អ​ណាស់​មួយ ហើយ​ជា​ជ័យជម្នះ ដែល​សម​នឹង​ទទួលបាន​ណាស់​។ វា​ជាការឆ្លើយតប​បានល្អ​ណាស់​»​។ លោក Tuchel បាន​បន្ថែម​។​

​ជំនួប​នេះ​កើតឡើង​ចំ​ថ្ងៃ ដែល​អតីត​កីឡាករ ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ទាំង ២ គឺ​លោក Greaves បាន​ស្លាប់ ក្នុង​វ័យ​ ៨១​ ឆ្នាំ ដូច្នេះ មុននឹង​បាល់​ចាប់ផ្ដើម​រមៀល ដើម្បី​ដំណើរការ​ការ​​ប្រកួត កីឡាករ​នៃ​ក្រុម​ទាំង ២ ក៏​ស្មិងស្មាធិ៍ ១​ នាទី ដើម្បី​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​កីឡាករ​ឆ្នើម​រូបនេះ​។​

​ដោយ​ត្រូវបាន​សរសើរ​ថា ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ​បំផុត ដែល​ប្រទេស​នេះ​ធ្លាប់មាន ដោយ​ក្រុម Spurs លោក Greaves គឺជា​កីឡាករ​រក​គ្រាប់​បាល់​បានជា​កំណត់ត្រា​របស់​ក្លិប ជាមួយនឹង ២៦៦ ​គ្រាប់ ក្នុងចំណោម​ការបង្ហាញ​ខ្លួន ៣៧៩​ ដង ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៦១ និង​ឆ្នាំ​ ១៩៧០៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍