​ក្រុង​ម៉ានីល​: អ្នក​ប្រដាល់​ជា​និមិត្តរូប​របស់​ហ្វីលីពីន លោក Manny Pacquiao បានប្រកាសថា លោក​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី ក្នុង​ឆ្នាំ​ ២០២២ ដោយ​ធ្វើការ​ប្ដេជ្ញា​ថា នឹង​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ និង​អំពើពុករលួយ​ឱ្យបាន ខណៈ​រូបលោកស្វះស្វែង ដើម្បី​ឈ្នះ​ចិត្តអ្នកបោះឆ្នោតជាមួយនឹង​ប្រវត្តិ​ពី​ជនក្រីក្រ រហូត​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​រប​ស់លោក​។​

«​ឥឡូវនេះ ដល់ពេល​ហើយ​! យើង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ប្រជែង​តំណែង​ដឹកនាំ​»​។ លោក Pacquiao ដែល​បច្ចុប្បន្ន ជា​សមាជិក​ព្រឹទ្ធសភាបាន​និយាយ កាលពី​ថ្ងៃអាទិត្យ ខណៈដែល​រូបលោក​ទទួលយក​ការស្នើ​របស់​ក្រុម​ផ្ដាច់ខ្លួន ពី​គណបក្សកាន់អំណាច​រប​ស់លោក​ប្រធានាធិបតី Rodrigo Duterte​។​

​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ​ប្រភេទ​ទម្ងន់​ខុសគ្នា និង​វីរបុរស​សំណព្វចិត្ត​របស់​ជាតិ​រូបនេះ​បានធ្វើ​ការប្រកាស ប៉ុន្មាន​សប្ដាហ៍ ក្រោយ​បរាជ័យ ដោយសារ​គូប្រកួត​សញ្ជាតិ​គុយបា Yordenis Ugas នៅ​ឡាស​វេ​ហ្គេ​ស ពី​ការប្រកួត ដែល​អាចជា​ការឡើង​សង្វៀន​អាជីព​លើកចុងក្រោយ​របស់គាត់​។​

​លោក Pacquiao ដែល​ចូលប្រឡូក​នយោបាយ ក្នុង​ឆ្នាំ ​២០១០ ក្នុងនាម​ជា​សមាជិកសភា មុនពេល​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​រំពឹង​ជា​យូរ​មកហើយ ក្នុងការ​មាន​ទំនោរ​ទៅរក ការដណ្ដើម​តំណែង​ដ៏​ខ្ពស់បំផុត​នេះ​។​

​អតីត​អត្ត​ព​លិ​កវ័យ​ ៤២ ​ឆ្នាំ រូបនេះ ទទួលបាន​ការសរសើ​រ​យ៉ាងខ្លាំង ពី​មនុស្ស​ជាច្រើន​ក្នុងប្រទេស​កោះ​មួយ​នេះ ចំពោះ​ភាព​តស៊ូ​របស់គាត់ និង​ការ​ទាញ​ខ្លួនឯង​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ រហូត​បាន​ក្លាយជា​មនុ​ស្សម្នាក់ ក្នុងចំណោម​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ និង​មានទ្រព្យ​សម្បត្តិ​បំផុត​របស់​ពិភពលោក​។​

​តែ​យ៉ាងណា Pacquiao ធ្លាប់​ផ្ដល់​ការគាំទ្រ ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿង​​ញៀន ដែល​ធ្វើឱ្យមាន​ការបាត់​បង់ជីវិត និង​ការបញ្ចេញ​មតិយោបល់ដែល​លើក​ឡើង​ថា គូ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាក្រក់​ជាង​សត្វ​ទៅទៀត​។

«​សម្រាប់​អ្នក​ដែល​កំពុង​សួរថា អ្វី ដែលជា​គុណភាព​របស់ខ្ញុំ​? តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ភាពអត់ឃ្លាន ឬ​អត់​?»​។ លោក Pacquiao សួរ​ទៅ​សមាជជាតិ ដែល​ត្រូវបាន​រៀបចំឡើង ដោយ​ក្រុម​ប្រឆាំងនឹង​លោក Duterte របស់​គណបក្ស PDP-Laban​។ «​តើ​អ្នក​ធ្លាប់់​ឆ្លងកាត់​ការ​អត់​មាន​អ្វី​បរិភោគ ធ្លាប់​ខ្ចីលុយ​ពី​ញាតិ​ជិតខាង ឬ​ធ្លាប់​រង់ចាំ​ម្ហូបអាហារ ដែល​នៅសល់​ទេ​? Pacquiao ដែល​នៅ​ចំពោះមុខ​អ្នក​ទាំងអស់គ្នា​នេះ ត្រូវ​រុំ​ព័ទ្ធ​ទៅដោយ​ភាពក្រីក្រ​»​។ Pacquiao បាន​បន្ថែម​៕ AFP/VN