ភ្នំ​ពេញៈ សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា និង​ដៃគូ​សហការ បាន​បើក​ទំព័រ​សករាជ​ថ្មី នៃ​ការ​ប្រដាល់សកល Ultimate Boxing Championship 2021 ជា​លើកដំបូង​របស់ខ្លួនជា​ផ្លូវការ​ហើយ ប៉ុន្តែ​លទ្ធផលដែល​ទទួលបានពី​ការប្រកួតនៅលើ​សង្វៀន​របស់​ក្លិប​ប្រដាល់​របស់​នាយកដ្ឋានអង្គរក្ស កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ ត្រូវបាន​អ្នក​​ជំនាញ​របស់​សហព័ន្ធ​កីឡាប្រដាល់​​សកល​កម្ពុជា មើលឃើញថា នៅ​មិនទាន់​បានល្អនៅឡើយ​ទេ ដែល​ទាមទារត្រូវមាន​ការកែប្រែ និង​រៀបចំ​ឱ្យបាន​ល្អ​ជាង​នេះ សម្រាប់​ការប្រកួតលើក​ទី​២ នាពេល​ខាងមុខនេះ​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​ប្រាប់​ក្រោយ​ការប្រកួត​ចប់​ថា៖ «​ការចាប់ផ្តើម​ប្រកួត​ថ្ងៃ​ដំបូង​នេះ ការ​ផ្គូផ្គង​កីឡាករមិនទាន់​បានល្អ​ដោយ​កម្រិត​បច្ចេកទេស នៅមានកម្រិត​ខុស​​គ្នា​ឆ្ងាយ ធ្វើឱ្យ​មានការ​សន្លប់​ជាច្រើន​គូ ប៉ុន្តែ​ការប្រកួត​លើក​ទី​២ យើង​នឹង​ពង្រឹង​ពី​ការផ្គូផ្គង​ឱ្យបាន​ល្អ​ជាង​នេះ ហើយ​ជាមួយគ្នានេះ សហព័ន្ធ នៅតែ​រក្សា​ឱ្យបាន​នូវ​អនាម័យ​ល្អ តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ឺង​មា​៉​ត់​»​។​

​ទោះយ៉ាងណា លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​ទទួលស្គាល់ថា កីឡាករ​បាន​ប្រកួត​ដោយ​អស់ពី​សមត្ថភាព ហើយ​លោកក៏​ទទួលស្គាល់​ដែរ​ថា ការប្រកួត​ពិតជា​មាន​ការ​សន្លប់ ហេតុនេះ​បញ្ហា​ផ្គូផ្គងត្រូវ​កែ​មានការ​កែលម្អ​ឡើងវិញ​ផងដែរ​។ ជាមួយគ្នានេះ បញ្ហា​តម្លៃ​ខ្លួន​កីឡាករ មក​ប្រកួត យើង​ក៏​ត្រូវបាន​ស្វះ​ស្វែងរក​ឱ្យបាន​កាន់តែ​ប្រសើរ​ផងដែរ ចំណែក​ការផ្សាយ​ផ្ទាល់ពេល​ប្រកួតក៏បាន​ជួប​បញ្ហាលំបាក និង​រអាក់រអួល​ខ្លះ​ដែរ ដែល​យើង​ត្រូវតែ​កែប្រែ​ឱ្យ​បានល្អ​ដូចគ្នា ព្រោះ​ការប្រកួត​នេះ វា​សំខាន់​ណាស់​។​

«​ការប្រកួត​នេះ ​គឺជា​ឱកាស​សំខាន់បំផុតសម្រាប់​កីឡាករ កីឡាការិនី តាម​បណ្តា​ក្លិប ក៏ដូចជា​កីឡាករ​ជម្រើសជាតិ ក្នុង​ការវាស់ស្ទង់​កម្រិត​គុណភាព​បច្ចេក​ទេស​របស់​ពួកគាត់ ជា​ជំហានៗ ឈាន​ឆ្ពោះទៅ​ស្វែងរក​កីឡាករ កីឡាការិនី​ឆ្នើមៗ ចូលរួម​ប្រកួតប្រជែង​អន្តរជាតិ ជាពិសេស គឺ​ស៊ី​ហ្គេម ២​ លើក ចំពោះមុខ​នេះ​»​។

​អគ្គលេខាធិការ​វ័យក្មេង លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាកថា​៖ «​ប្រសិនបើការហ្វឹកហាត់មិនបាន​ចូលរួម​ប្រកួតប្រជែង​ទេនោះ​ពួកគាត់​ក៏​មិនអាច​ដឹង​ពី​សមត្ថភាព​របស់​ពួកគាត់​បានដែរ ដូច្នេះ​តាមរយៈ​ព្រឹត្តិការណ៍​នេះ យើង​នឹង​អាច​បន្តដំណើរ​ការអភិវឌ្ឍ​សិទ្ធ​ផល​របស់​ពួក​-​គាត់​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បើកឆាក ចំនួន ​៦ ​គូ កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ គឺ​លទ្ធផល​ចាញ់ឈ្នះ​ដោយ​សន្លប់ មាន​ ២​ គូ និង​ឈ្នះ​-​ចាញ់​ដោយ​ពិន្ទុ មាន​ចំនួន​ ៤ ​គូ ចំណែក​ការប្រកួត​លើក​ទី​២ នឹងត្រូវ​ធ្វើ​នៅលើ​សង្វៀន ក្នុង​ក្លិប​នាយកដ្ឋានអង្គរក្សដដែល នា​ថ្ងៃទី ​២៦ ខែ កញ្ញា ឆ្នាំ​ ២០២១៕