ភ្នំពេញ៖ ក្រុមបាល់​ទាត់ជម្រើសជាតិ​កម្ពុជា ​នឹង​ត្រូវ​ប្រឈមជាមួយ​ក្រុម​ជម្រើសជាតិ ដែល​កំពុង​មាន​​ភាព​​លេចធ្លោ​ខ្លាំង​ជាងគេ ប្រចាំ​នៅ​តំបន់​អាស៊ាន គឺ​វៀតណាម សម្រាប់​ការ​ប្រកួត​​​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ​ ២០២០ (AFF Suzuki Cup 2020) ដែល​​ត្រូវ​​​បាន​លើក​មក​ធ្វើ​នៅឆ្នាំ​ ២០២១ ​នេះ ក្រោយ​បាន​ពន្យារពេល ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ កាលពី​ឆ្នាំមុន។

ការ​មាន​ឱកាសជួបគ្នា​នេះ ​គឺ​យោងទៅ​តាមលទ្ធផល នៃការចាប់ឆ្នោត ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ីអាគ្នេយ៍ នា​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុមជម្រើសជាតិកម្ពុជា និងក្រុមការពារ​តំណែង​ជើង​ឯក វៀតណាម បាន​ឈរ​នៅ​ពូល B ជាមួយគ្នា ហើយ​​ក្រុមម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​​ឡាវ ក៏​ឈរ​នៅពូលនេះ​ដែរ​។

ចំណែក​ពូល ​A ​មាន​ក្រុម​ជម្រើសជាតិ​ថៃ មីយ៉ាម៉ា ហ្វីលីពីន សិង្ហបុរី និង​មួយក្រុមទៀត អាច​ជា​ក្រុម​ ព្រុយណេ ឬ​ក្រុម​ទីម័រខាងកើត ដោយ​សារ​ក្រុមទាំង ​២ នេះ ត្រូវ​ប្រកួត Play-off ដើម្បីប្រជែង​គ្នា​យក​កៅអីឡើង​មក​លេង​នៅ​វគ្គ​ចែកពូល​នេះ។

ចាន់ វឌ្ឍនាកា បានអូស​បាល់រំលងអ្នកចាំទី កែវ សុខសិលា ហើយ​ភាព​លេច​ធ្លោ​របស់គេ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ភាគ​ច្រើន គិត​ថា វឌ្ឍនាកា នឹងអាច​មានឈ្មោះ នៅ​ក្នុងជម្រើសជាតិ​កម្ពុជា ជា​ថ្មី។ រូប​ថត បឹងកេត

​តាម​រយៈ​លទ្ធផល នៃ​ការ​ចាប់​ឆ្នោតនេះ បាន​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង នៅ​ក្នុងពូល B មាន​ភាព​តានតឹងខ្លាំង​ជាង​ពូល ​A ជា​ពិសេស​​ក្រុមកម្ពុជា ព្រោះ​ក្រៅ​ពីសមត្ថ​ភាព​លេង​ដ៏​លេច​ធ្លោ​របស់​ក្រុម​ម្ចាស់ជើង​ឯក វៀតណាម គឺ​ក្រុមឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺ​សុទ្ធសឹង​​ មានសមត្ថ​ភាព​ខ្លាំង ខណៈ​ក្រុម​ឡាវ អាច​និយាយ​បាន​ថា មានសមត្ថភាព​ប្រហាក់ប្រហែល ឬ​អាច​ក្រោមជាង កម្ពុជា បន្តិ​ច​បន្តួច។

យ៉ាង​ណា​ក៏​ដោយ ​តាម​រយៈការ​ប្រកួត​ប្រជែង នៅ​លីគកំពូល​កម្ពុជា​រដូវ​កាលឆ្នាំ ​២០២១ ​នេះ ត្រូវបានគេ​មើល​ឃើញ​ថា កីឡាករ​វ័យក្មេង​​របស់​កម្ពុជាជា​ច្រើន​រូប កំពុង​បាន​បង្ហាញ​ការ​​លេង​​យ៉ាង​​ល្អ ហើយ​ខ្សែ​ប្រយុទ្ធ​ ធ្លាប់មាន​ឈ្មោះ​បោះសំឡេង នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ ចាន់ វឌ្ឍនាកា ក៏បាន​បង្ហាញ​ទម្រង់លេង​ដ៏អស្ចារ្យ​ ជាថ្មី​ ​ផងដែរ ដែល​គេ​រំពឹង​ថា ម្ចាស់​អាវលេខ​ ១១ រូបនេះ អាច​នឹង​បាន​ជាប់ឈ្មោះ នៅ​ក្នុងក្រុម​ជម្រើសជាតិកម្ពុជាជាថ្មី ដើម្បី​រួម​ចំណែក​​​ចូល​រួម​ប្រកួត​ពាន​ AFF Suzuki Cup​ នេះ ដោយ​​​ក្រុម​ក្រុមគោព្រៃកម្ពុជា នឹងចាប់​​ប្រកួត​​ពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ ដល់​ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២៕