The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Koeman ការពារ​វិធី​សារស្ត្រ​របស់​ខ្លួន ក្រោយ​ក្រុម Barca ស្មើ​ជាមួយ​ Granada




Koeman ការពារ​វិធី​សារស្ត្រ​របស់​ខ្លួន ក្រោយ​ក្រុម Barca ស្មើ​ជាមួយ​ Granada

Content image - Phnom Penh Post
MaximeGonalons (ឆ្វេង) របស់ Granada លោត​ប្រជែង​តែត​បាល់​ជាមួយ Gavi របស់ Barca ក្នុង​ការ​ប្រកួត នៅ La Liga កាល​ពី​ថ្ងៃ​ចន្ទ​។ AFP

Koeman ការពារ​វិធី​សារស្ត្រ​របស់​ខ្លួន ក្រោយ​ក្រុម Barca ស្មើ​ជាមួយ​ Granada

ក្រុងម៉ាឌ្រីដ​៖ លោក Ronald Koeman បាន​ការ​ពារដោយ​ផ្ទាល់​ ​​ចំពោះការ​ផ្លាស់​ប្ដូរ​​តាក់​​ទិក​របស់​គាត់ ក្រោយ​ត្រូវ​បាន​បន្ទោស​ថា បាន​បំបាត់​ចោលនូវ​​ទម្លាប់​ប្រយុទ្ធរបស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ដោយ​ការ​លេង​ស្មើ​ ១-១​ ជាមួយ​ក្រុម Granada នៅផ្ទះ​ខ្លួន​ឯង ពី​ការ​ប្រកួត នៅក្រប​ខ័ណ្ឌ La Liga កាល​ពី​ថ្ងៃ​ចន្ទ។​

លោក Koeman បាន​ប្ដូរ​ខ្សែការពារ Gerard Pique ឱ្យ​ចូល​លេង​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ​ខ្សែបម្រើ​ Luuk de Jong ដោយកីឡាករ Ronald Araujo ដែល​ជា​ខ្សែការ​ពារ ១​រូប​ផ្សេង​​ទៀត ក៏​ត្រូវ​បាន​ឱ្យ​ឡើង​ទៅ​តំបន់​ប្រយុទ្ធ​ដែរ ខណៈ​ដែល​ក្រុម Barca លើក​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ដល់​ ៥៤ ​លើក ដើម្បី​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ​។​

ចុង​ក្រោយ កីឡាករ Araujo ក៏​អាច​តែត​បញ្ចូល​ទី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ​តាម​ស្មើ​បាន​សម្រេច​ នៅ​នាទីទី​ចុង​ក្រោយ​ នៃ​ការ​ប្រកួត ខណៈ​ដែល​​ក្រុម​ភ្ញៀវ Granada​ មាន​ការ​សោក​ស្ដាយ ដែល​មិន​អាច​ការ​ពារ​គ្រាប់​បាល់​នាំមុខ តាំង​ពី​នាទីទី​២ របស់​កីឡាករ Domingos Duarte​។

តែ​យ៉ាង​ណាក្ដី ទោះ​បី​ជា​អាច​តាម​ស្មើ​វិញ​បាន​ក៏​ដោយ ក៏អ្នក​គាំ​ទ្រ​របស់​ក្រុម Barca​ យល់​ថា ១ ពិន្ទុ​នេះ មិន​គ្រប់​គ្រាន់​នោះ​ឡើយ​ ដោយ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​ពួក​គេ​ ហើយ​បាន​ចោទ​គ្រូបង្វឹក លោក Koeman ថា បាន​ធ្វើ​ឱ្យ​របៀប​ប្រយុទ្ធ​របស់​ក្រុម ​ត្រឡប់​ត្រឡិន​អស់​។

អ្នក​ចាត់​ការ​សញ្ជាតិហូឡង់ លោក Koeman បាន​ថ្លែង​ថា​៖ «​យើង​បាន​ផ្លាស់​ប្ដូរ​ស្ទាយល៍ (របៀប) នៃ​ការ​លេង​បន្តិច​។ កន្លែង​ទំនេរ ​កាន់​តែ​ទូលាយ ដោយ​មិន​មែនលេង​នៅ​​តំបន់​កណ្ដាល​ទេ​។ យើង​ឱ្យ​លេង​គាំទ្រ​កីឡាករ Pique, De Jong និង Araujo ​ពីខាង​​ស្លាប ហើយ​ជាមួយ​នឹង​ការ​លេង​នោះ យើង​ក៏តាម​ស្មើ​បាន​»​។​

តំណែង​របស់​លោក Koeman កំពុង​ស្ថិត​ក្នុង​ភាព​មិន​រឹង​មាំ​រួច​ជាស្រេច​ហើយ ក្រោយ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ ក្នុង​លទ្ធផល ៣-០ ដោយ​សារ​ក្រុម​អាល្លឺម៉ង់ Bayern Munich​ នៅ​ក្រប​ខ័ណ្ឌ Champions League ជា​ការ​ប្រកួត​មួយ ដែល​ក្រុម​របស់​លោក​ ​ស៊ុត​ត្រូវ​គោល​ដៅ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​។

បន្ថែម​លើ​នេះ ការ​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​ខក​ចិត្ត លើក​​នេះ​ទៀត វា​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រឹត​តែ​មិន​សប្បាយ​ចិត្ត ​ចំពោះ​រូប​គាត់ ជាពិសេស​ពួក​គេ ចង់​ឃើញ​​ស្ទាយល៍​លេង​ដើម​​របស់​ក្រុម​Barca ជាជាង​លទ្ធផល​។

«​ប្រសិន​បើ​អ្នក​បាន​ឃើញ​បញ្ជី​ឈ្មោះ​របស់​កីឡាករ​ទាំង​អស់​ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ម៉េច​? លេង​ស្ទាយល៍ តាគីតាកា (Tiki-taki) (ការ​​គ្រប់​គ្រង​បាល់​ឱ្យ​បាន​ច្រើន​ដោយ​ការ​បញ្ជូន​ឱ្យ​គ្នា​ខ្លីៗ​​) ឬ​? លេង​ស្ទាយល៍​ ពេល​ដែល​មិន​មាន​ចន្លោះ​ (ទី​ទំនេរ) អ៊ីចឹង​ឬ​?​»​។ នេះ​ជា​ការ​លើក​ឡើង​បន្ត​របស់​ លោក Koeman​។

លោក Koeman បាន​បន្ថែម​ទៀត​ថា​៖ «​យើង​បាន​ធ្វើ​អ្វី ដែល​ពួក​យើង​ត្រូវ​ធ្វើ​ហើយ​។ យើង​ព្យាយាម​សាក​ល្បង​យក​ជ័យ​ជម្នះ​ជាមួយ​នឹង​វិធី​ផ្សេង​មួយ​ទៀត​។ យើង​មិន​មាន​កីឡាករ​ ដែល​មាន​សមត្ថ​ភាព​ពិសេស​ផ្ទាល់​ខ្លួន ឬ​ល្បឿន​លឿន​នោះ​ទេ​។ យើង​កំពុង​ពិភាក្សា​រឿង​នេះ។ ខ្ញុំ​នឹង​មិន​និយាយ​អ្វី​ទៀត​ទេ ព្រោះ​វា​ហាក់​បី​ដូច​ខ្ញុំ ​ត្រូវ​ប្រកែក​តវ៉ា​​គ្រប់​យ៉ាងអ៊ីចឹង​»​។

ក្រុម​ Barca ក្រោយ​បញ្ចប់​ហ្គេម​ទី ៤ របស់​ខ្លួន​នេះ ស្ថិត​នៅ​លេខ ៧ ក្នុង​តារាង​ពិន្ទុ​របស់​ La Liga ដោយ​មាន ៨ ​ពិន្ទុ​ ពោល​ គឺ​តាម​ពី​ក្រោយ​ក្រុម​លេខ ១ Real Madrid ៥ ពិន្ទុ និង​ក្រុមការ​ពារ​ជើង​ Atletico Madrid ដែល​នៅ​ទី​២ ចំនួន ៣ ពិន្ទុ តែ​ក្រុម​ទាំង ២​នេះ ប្រកួត​លើស ១ ​ហ្គេម​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍