The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - FIFA នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំក្នុង​វិស័យ​បាល់​ទាត់ ចំពោះ​កាល​វិ​ភាគ​ប្រកួត​អន្តរជាតិ




FIFA នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំក្នុង​វិស័យ​បាល់​ទាត់ ចំពោះ​កាល​វិ​ភាគ​ប្រកួត​អន្តរជាតិ

Content image - Phnom Penh Post
រូប​ថត​របស់ប្រធាន FIFA លោក Infantino ដែល​ចូល​រួម ​ក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​នៃ​​យោគ​យល់​គ្នា នៅ​ក្រុង​វីយែន កន្លងមក​។ AFP

FIFA នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំក្នុង​វិស័យ​បាល់​ទាត់ ចំពោះ​កាល​វិ​ភាគ​ប្រកួត​អន្តរជាតិ

ក្រុង​ប៉ារីស​៖ សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA) បាន​ធ្វើការ​អញ្ជើញ​សហព័ន្ធ​បាល់​ទាត់​ជាតិ​នីមួយ​ៗ ឱ្យ​ចូល​រួម​ប្រជុំ​តាម​អន​ឡាញ នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​នេះ ដើម្បី​ពិភាក្សា​ពី​កាល​វិភាគ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ ដែល​ជា​កិច្ច​ប្រឹង​ប្រែង​ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​រៀប​ចំ​ព្រឹត្តិការណ៍ World Cup ដែល​ធ្លាប់​កើត​ឡើង​រៀង​រាល់ ៤ ​ឆ្នាំ​ម្ដង ឱ្យ​មក​ត្រឹម​ ២ ឆ្នាំ​ម្ដងវិញ​​។​

ស្ថាប័នគ្រប់​គ្រង​បាល់​ទាត់​ពិភពលោកមួយ​នេះ ចង់​បើក​ឱ្យ​មាន​ដំណាក់​កាល​ពិភាក្សា​គ្នា​ជាថ្មី​ ចំពោះ​​កាល​វិភាគ​ប្រកួត​អន្តរជាតិ​ទាំង​ផ្នែក​បុរស និង​នារី ដែល​នឹង​ត្រូវ​ផុត​នៅ​ចុង​ឆ្នាំ ២០២៣ និង ​២០២៤ តាម​លំដាប់​លំដោយ​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ FIFA​ បាន​ឱ្យ​ដឹង​ថា​៖ «​មាន​ការ​យល់​ស្រប​យ៉ាង​ទូលំ​ទូលាយ​ ក្នុង​រង្វង់​អ្នក​រៀប​ចំហ្គេម​ថា កាល​វិភាគ​ប្រកួត​អន្តរជាតិ គួរ​តែ​ត្រូវ​បាន​កែប្រែ និង​ធ្វើ​ឱ្យ​ប្រសើ​រឡើង​។ បន្ទាប់​ពី​មាន​ការ​អញ្ជើញ ​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ក្នុង​នោះ​រួម​ទាំង​សហព័ន្ធ​នានា​ផង​ដែរ​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ កិច្ច​ពិភាក្សា​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​»​។

«​FIFA ក៏​បាន​អញ្ជើញ​ផងដែរ​ នូវ​សមាគម​ជា​សមាជិក​របស់​ខ្លួន ឱ្យ​ចូល​រួម​ការ​ប្រជុំ​តាម​អន​ឡាញ​លើក​ទី១ នេះ នៅ​ថ្ងៃ​ទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០២១​។ នេះ​ជាឱកាស ១ ក្នុង​ចំណោម​ឱកាស​ជាច្រើន​ ក្នុង​ការ​បង្កើត​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​ជា​វិជ្ជមាន​ និង​បើក​ទូលាយ ទាំង​នៅ​កម្រិត​តំបន់ និង​ពិភពលោក នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​។ FIFA ឱ្យ​ដឹង​បន្ថែម ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​។

សំណើដ៏​ចម្រូង​ចម្រាស់​ ក្នុង​ការ​ឱ្យ​មាន​ការ​រៀប​ចំ World Cup ២​ ឆ្នាំ​ម្ដង ត្រូវ​បាន​សើ​រើ​​ឡើង​វិញ​ ដោយ​អតីត​អ្នកចាត់​ការ​ក្រុម​កាំ​ភ្លើង​ធំ ​Arsenal លោក Arsene Wenger ដែល​បច្ចុប្បន្ន មាន​តួនាទី​ជាប្រធាន​ក្រុម​អភិវឌ្ឍន៍​កីឡា​បាល់​ទាត់​ទូទាំង​ពិភពលោក​របស់ FIFA​។

គំនិត​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​ជាអន្តរជាតិ​រៀង​រាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០២៥-២០២៦ តទៅ ដោយ​ឆ្លាស់​គ្នា​រវាង​ព្រឹត្តិការណ៍ World Cup និង​កម្មវិធី​ប្រកួត​ប្រចាំ​តំបន់​ផ្សេង​ទៀត ដូច​ជា​ជើង​ឯក​ទ្វីប​អឺរ៉ុប (European Championship) និង​ជើង​ឯកទ្វីប​អាមេរិក​ឡាទីន​​ (Copa America) ជាដើម​។

ប្រធាន​សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA) លោក Aleksander Ceferin ជំទាស់​ទាំង​ស្រុង​ ចំពោះ​ការ​ស្នើ​នេះ ហើយ​ព្រមាន​ថា ក្រុម​ជម្រើសជាតិ នៅ​អឺរ៉ុប នឹង​ធ្វើ​ពហិការ​ចំពោះ​ការរៀប​ចំ World Cup ២ឆ្នាំ​ម្ដង​នេះ​ ខណៈ​ដែល​សហព័ន្ធ​បាល់​ទាត់​អាមេរិក​ឡាទីន (CONMEBOL) បាន​លើក​ឡើង​​ថា គម្រោង​ការ​នេះ មិន​មាន​ភាព​យុត្តិធម៌ សម្រាប់​ការ​ប្រកួត​ប្រជែង​កីឡា​ឡើយ​។

ជាមួយ​គ្នា​នេះ ​ប្រធាន ​FIFA​ លោក Gianni Infantino​ បាន​ធ្វើ​ការ​សន្យា​ថា ​ការ​សម្រេច​ចំពោះ​ការ​រៀប​ចំព្រឹត្តិការណ៍ World Cup រៀង​រាល់ ២ ឆ្នាំ​ម្ដង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍