ក្រុង​ឡុង​ដ៍​៖ កីឡាករ Anthony Joshua និយាយ​ថា ការ​ប្រកួត​ប្រដាល់​ទម្ងន់​ធ្ងន់​ដ៏​គួរ​ឱ្យ​ចង់​មើល ទល់​នឹង​មិត្ត​រួម​ជាតិ​អង់គ្លេស Tyson Fury នឹង​កើត​ឡើង​ឆាប់​ៗ​ នៅ​ចក្រភព​អង់គ្លេស មុន​ពេល​រូបគេ​ សម្រេច​ចិត្ត​ព្យួរ​​ហ្កង់​ប្រដាល់​របស់​ខ្លួន​ ខណៈបច្ចុប្បន្ន​អ្នក​ប្រដាល់​ឆ្នើម​ទាំង ២ ​នេះ កំពុង​គ្រង​ខ្សែក្រវាត់​គ្រប់​ស្ថាប័ន​ទាំង​អស់ ​របស់​កីឡាប្រដាល់ ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ​។

ការ​និយាយ​ដល់​ការ​ប្រកួត​ដ៏​អស្ចារ្យ ​រវាង​អត្តពលិក​រួម​ជាតិ​ ដែល​កើត​មាន​ជាច្រើន​ខែ​មក​ហើយ​នោះ​ ទំនង​ជា​ជិត​បញ្ចប់​ជាមួយ​នឹង​​ការ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ កាល​ពី​ដើម​ឆ្នាំ​នេះ ស្រាប់​តែ​អាជ្ញាកណ្ដាល​របស់​អាមេរិក បញ្ជា​ឱ្យ​ ​Fury ត្រូវ​ប្រកួតជាមួយ Deontay Wilder ជាលើក​ទី៣។

ដូច្នេះ អ្នក​ប្រដាល់ ​Fury វ័យ ៣៣​ ឆ្នាំ​ ដែល​នៅ​មុន​នេះ ស្មើ និង​បន្ទាប់​មក​ឈ្នះ Wilder ​ដោយ​វាយ​ឱ្យ​សន្លប់ នោះ កំពុង​ត្រៀម​ខ្លួន​ឡើង​សង្វៀន​ ដើម្បី​ការ​ពារខ្សែ​ក្រវាត់​ដើម​ដំបូង​របស់​​ខ្លួន ក្នុង​ស្ថាប័ន WBC ទល់​នឹង​​អ្នក​ប្រដាល់អាមេរិក នៅឡាសវេហ្គាស នា​ខែ​ក្រោយ​។​

ចំណែក ​Joshua ត្រូវ​ប្រឈម​ជាមួយ​អ្នកប្រដាល់​អ៊ុយ​ក្រែន Oleksandr Usyk ដែល​នឹង​ប្រកួត​ ដើម្បី​​ដណ្ដើ​ម​ខ្សែ​ក្រវាត់​ស្ថាប័ន WBO នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ នា​ទីក្រុង​ឡុងដ៍ ដោយ​អ្នក​ទស្សនា​ប្រមាណ​ជា ៦០ ០០០​ នាក់​ ត្រូវបាន​រំពឹង​ថា នឹង​មាន​វត្តមាន​ នៅក្នុង​កីឡដ្ឋាន Tottenham Hotspur ដែល​ជា​ផ្ទះ​របស់​ក្លិបបាល់​ទាត់​ នៅ​ក្រប​ខ័ណ្ឌ Premier League​។

យ៉ាង​ណា​ក្ដី Joshua ដែល​ជាម្ចាស់​ខ្សែ​ក្រវាត់ ​របស់​ស្ថាប័ន WBA និង IBF ផង​ដែរ​នោះ ​បាន​និយាយថា រូប​គេ នឹង​ប្រឹង​ប្រែង​ឱ្យ​ការ​ប្រកួត​ជាមួយ Fury កើត​មាន​ឱ្យ​ទាល់​តែ​បាន​។​

«​វា​នឹង​កើត​ឡើង​។ ខ្ញុំ​ដឹង​ពី​អ្វី ដែល​មនុស្ស​គ្រប់​គ្នា កំពុង​នាំ​គ្នា​និយាយពី​ភាព​ប៉ិន​ប្រសប់​របស់​វិស័យ​ប្រដាល់​ តែ​ខ្ញុំ​នឹង​ធ្វើការ​សន្យា​ មុន​ពេល​បញ្ចប់​អាជីព​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​សមត្ថភាព​របស់​ខ្ញុំ​ ដើម្បី​បាន​ប្រកួត​ជាមួយ ​​​Tyson Fury​»​។ នេះ​ជា​សម្ដី​របស់ Joshua ដែល​​បាន​ប្រាប់​ទៅ Daily Mail​។

អ្នក​ប្រដាល់​វ័យ ៣១ ​ឆ្នាំ បាន​បន្ត​ថា​៖ «យើង​បាន​ឃើញរឿង​បែប​នេះ ​ជាមួយ​នឹង​​ការ​ប្រកួត​របស់ Floyd Mayweather និង Manny Pacquiao (អត់​បាន​ប្រកួត​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ខ្លាំង​ដូច​គ្នា​) រួច​ហើយ តែ​​នោះ ​គឺ​ជា​ការប្រកួត​របស់​ស៊ុបភើស្តារ ២រូប​»។

«​ខ្ញុំ និង Fury គឺ​ជា​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​​ ជា​អ្ន​ក​ប្រយុទ្ធ​ ២​ រូប ជាអ្នក​ប្រដាល់​ ២ រូប ដែល​ចេញ​មក​ពី​ប្រព័ន្ធស្ម័គចិត្ត (អ្នក​ប្រដាល់​មិនអាជីព)​ នៅ​ចក្រភព​អង់គ្លេស ហើយ​បានគ្រង​ជើង​ឯក​​ពិភពលោក យ៉ាង​ឆាប់​រហ័ស​បំផុត​។ យើង​នឹងធ្វើ​ឱ្យ​វា​កើត​ឡើង​ឱ្យ​បាន នៅ​ចក្រភព​អង់គ្លេសនេះ​»​។​ Joshua បាន​បន្ថែម​។

សម្រាប់​ Joshua ធ្លាប់​ចាញ់​តែ​ម្ដង​គត់ ក្នុង​ចំណោម​ការ​ឡើង​សង្វៀន ២៥ លើក​របស់​ខ្លួន​ ដោយ​ឈ្នះ​ ២៤ ​លើក ក្នុង​នោះវាយ​ដៃ​គូ​ឱ្យ​សន្លប់ ឬ​បោះ​បង់ការ​ប្រកួត ២២ ​ដង ខណៈ​ដែល Fury មិន​ទាន់​ស្គាល់​ពាក្យ​ថា «បរាជ័យ» នៅ​ឡើយ​ទេ​ ពី​ការ​ប្រកួត ៣១​ ដងរបស់​ខ្លួន ក្នុង​នោះ​ក្រៅ​ពី​ស្មើ ១ លើក គឺ​ឈ្នះ​ទាំង​អស់ ហើយ​ការ​ដាល់​ឱ្យ​គូប្រកួតសន្លប់ ​មាន​ចំនួន ២២ ​ដង​៕ AFP/VN