ភ្នំពេញៈ ក្រុម​ណាហ្គា​វើ​លដ៍ នឹងធ្វើ​ការផ្លាស់ប្តូរ​នូវ​របៀប​លេង​ថ្មី​មួយទៀត ដោយ​ក្រុម​នេះគ្រោង​ដាក់​កីឡាករ​បរទេស​ឱ្យចូល​លេង​ពេញ​ជើង ក្នុង​ជម្រើស ​១១​នាក់ដំបូង ដើម្បី​ប្រជែង​យក ​៣ ​ពិន្ទុ​ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង នា​ជំនួប​ដ៏​ធំនា​ថ្ងៃ​ពុធ​នេះ ចំណែក​ក្រុម​គិរីវង់​សុខ​សែន​ជ័យ អាច​នឹងមាន​សម្ពាធ ក្រោម​ម​ហិ​​ច្ឆ​តា​ប្រមាញ់​យក ​៣​ ពិន្ទុ ពី​ក្រុម​ភ្នំពេញ​ក្រោ​ន នៅថ្ងៃនេះ​ដែរ​។​

​តាមពិត ការដាក់​កីឡាករ​បរទេស​ឱ្យចូល​លេង​ពេញ​ជើង គឺ​ ៤​ នាក់ នៅលើ​ទីលានវា​មិន​ចម្លែក​នោះទេ ព្រោះ​ក្រុម​ផ្សេងៗ​ទៀត ជាពិសេស​ក្រុម​កំពុង​ប្រកួត​​ប្រជែងនៅក្នុង​តំបន់​កំពូល​តារាង​ទាំង ​៨ (Top8) ក្នុង​ជើង​ទី​២​ នេះ គេ​បាន​អនុវត្ត​គោលការណ៍​នេះ តាំងពី​ដើមរដូវ​កាល​មក គឺ​ខុសគេ​តែ​ក្រុម​ណាហ្គា​វើ​លដ៍ ដែល​បានដាក់​កីឡាករ​បរទេស​ឱ្យចូល​លេងនៅលើ​ទីលាន ជាពិសេស​នៅក្នុង​ជម្រើស ​១១​ នាក់​ដំបូង គឺ​ច្រើន​បំផុត​ត្រឹម​ ៣ ​នាក់​ប៉ុណ្ណោះ​។​

​តែ​ទោះបីជា​យ៉ាងណា ការ​ស្វាគមន៍​ក្រុម​ស្វាយរៀង ដែល​ពួកគេ​ធ្លាប់​ចាញ់ ៣-១ ក្នុង​ជើង​ទី​១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ គ្រូ​បង្គោល​លោក មាស ចាន់ណា បាន​បង្ហើប​ថា អាច​នឹងដាក់​កីឡា​ករ​បរទេស​ ៤​ នាក់​ពេញ នៅក្នុងជម្រើស​ ១១​ នាក់​ដំបូង ដើម្បី​បំពេញ​នៅ​ចន្លោះប្រហោង ខណៈ​កីឡាករ​សំខាន់​ ៣ ​នាក់ មាន គួច សុ​កុម្ភៈ រៀម ស៊ឹង និង សំអឿន ពិដោរ សុទ្ធតែ​មិនអាច​ចូលរួម​ជួយ​ក្រុម​បាន​ដូចគ្នា​នោះ​។​

​លោក មាស ចាន់ណា បាន​ប្រាប់ ពីថ្ងៃ​អង្គា​រថា​៖ «​ស្វាយរៀង ជា​ក្រុម​ល្អ តែ​សំខាន់​យើង​បាត់​កីឡាករ​សំខាន់​ ៣​ នាក់​ទៅទៀត ហេតុនេះយើង​អាច​នឹងដាក់​កីឡាករ​បរទេស ​៤​នាក់ ឱ្យចូល​លេងនៅក្នុង​ជម្រើស ​១១ នាក់​ដំបូង ដើម្បី​កែប្រែ​ហ្គេម​មួយ​នេះ ហើយ​កីឡាករ​វ័យក្មេង​របស់​យើង ដែលមាន​សមត្ថ​ភាពល្អ ប៉ុន្មាន​នាក់​ទៀត ក៏​នឹងត្រូវ​ដាក់ឱ្យចូល​លេង ក្នុងជំនួប​នេះ​ផងដែរ​»​។​

​យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បាន​មើលឃើញថា ក្រុម​ស្វាយរៀង នៅពេលនេះ កំពុងមាន​ទម្រង់​លេង​កាន់តែ​ល្អ ជាពិសេស​តំបន់​ប្រយុទ្ធ បន្ទាប់ពី​ក្រុម​មាន​មូលដ្ឋាន នៅ​ខេត្ត​ស្វាយ​​រៀង មួយ​នេះ បានដាក់​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់ទៀត​ឱ្យចូល​លេង គឺ​កីឡាករ​កា​មេ​រូ​ន Emmanuel Mbarga ដែលជា​ប្អូនបង្កើត​របស់​ខ្សែប្រយុទ្ធ Privat ហើយ Emmanuel នេះហើយ ដែលជា​អ្នក​​រកបាន​គ្រាប់​បាល់​ជួយ​ឱ្យ ស្វាយ​រៀង ឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​រូបគេ​បានទទួល​បាល់​យ៉ាង​ស្អា​តរបស់ Privat នៅ​នាទី​ទី​៨៥​។​

​លោក មាស ចាន់ណា បាន​បញ្ជាក់ថា​៖ «​នៅពេល ស្វាយរៀង បន្ថែម​កីឡាករ​បរទេស​ម្នាក់ទៀត បានធ្វើឱ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​នេះ កាន់តែ​មុត​ស្រួច គឺ​សំខាន់​កីឡាករ​របស់គេ​លឿន​តែម្តង ហើយ​កាលណា ក្រុម​មួយ មាន​កីឡាករ​លឿនៗ បែបនេះ យើង​មានការ​ពិបាក​លេង​។ ទោះយ៉ាងណា ការ​ប្រជែង​យក​ ៣​ ពិន្ទុ​លើក​នេះ វា​សំខាន់​ណាស់ ដែល​យើង​ត្រូវតែ​ខំប្រឹង ហើយ​កីឡាករក៏​គាត់​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការលេងដោយសារ​គាត់​មើលឃើញថា ក្រុម​របស់​យើងមានឱកាសក្នុងការ​ប្រជែង​យកពាន​»​។​

​តាមរយៈ​ការប្រកួត​ ១៣​ លើក​ដូចគ្នា ក្រុម​ស្វាយរៀង កំពុង​ឈរ​នៅ​លេខ​ ១ ទោះ​មាន​ ២៨ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​វិសាខា ភ្នំពេញ​​ក្រោ​ន និង​ណាហ្គា​វើ​លដ៍ ហេតុ​នេះក្រុម​ដែល​ទទួលបាន​ ៣​ ពិន្ទុ ក្នុងជំនួប​នេះ​នឹងមាន​ឱកាសកាន់តែ​ខ្ពស់ ក្នុងការ​ឈានទៅរក​ការលើក​ពាន ខណៈ​ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ដែល​ត្រូវ​ជួប​ក្រុម​គិរីវង់ នៅ​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​ពុធ​នេះដែរ ហាក់​មាន​ភាគរយ​ច្រើន ក្នុងការ​ឈ្នះ​៣​ពិន្ទុ ខណៈ​ការ​ជួបគ្នា នៅ​ជើង​ទី​១ ពួកគេបានឈ្នះ គិរីវង់ ២-១​។​

​ជាមួយគ្នានេះ លោក Oleg គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ក៏បាន​ជំរុញ​ឱ្យ​កូនក្រុម​លោក​កែប្រែពី​ការទទួល​សម្ពាធ​ក្រោយ​ចាញ់​ក្រុម​ស្វាយរៀង ដើម្បី​ធ្វើជា​កម្លាំងចិត្តឆ្ពោះទៅរក​ការ​ឈ្នះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ត្រូវការ​បន្តទៀត​នោះ គឺ​យើង​ត្រូវតែ​ធ្វើការ​ឱ្យមាន​គុណភាព គ្រប់​សកម្មភាព​របស់​យើង​ទាំងអស់ មិន​ថា ទាំង​ការគ្រប់គ្រង​បាល់ និង​ការការពារ​។ យើង​ត្រូវតែ​ក្រោកឈរឡើង បន្ទាប់ពី​ការ​ចាញ់​នេះ ហើយ​បន្ត​ប្រយុទ្ធ​ទៀត ដើម្បី​ពានរង្វាន់ យើង​ទទួលយក​នៅ​សម្ពាធ ហើយ​យក​វា​មក​ធ្វើជា​កម្លាំងចិត្ត ដើម្បី​ការ​ឈ្នះ​នៅពេល​អនាគត​»៕