The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ជើង​ឯក​ចាស់ Man City ស៊ុត​ ៦ គ្រាប់ ខណៈ​ Liverpool ឆ្លង​ទៅ​ជុំ​បន្តនៅលីគខាប់




ក្រុម​ជើង​ឯក​ចាស់ Man City ស៊ុត​ ៦ គ្រាប់ ខណៈ​ Liverpool ឆ្លង​ទៅ​ជុំ​បន្តនៅលីគខាប់

Content image - Phnom Penh Post
ខ្សែ​បម្រើ​ជប៉ុន Takumi Minamino របស់ Liverpool (ស្តាំ) ពេលប្រជែង​យក​បាល់ជាមួយកីឡាករ Kieran Dowell របស់​ក្រុម Norwich។ រូប AFP

ក្រុម​ជើង​ឯក​ចាស់ Man City ស៊ុត​ ៦ គ្រាប់ ខណៈ​ Liverpool ឆ្លង​ទៅ​ជុំ​បន្តនៅលីគខាប់

ក្រុង​ឡុងដ៍​៖ ក្រុម​មេឃ​ខៀវ Manchester City ​ចាប់​ផ្ដើម​យុទ្ធនាការ​​របស់​ខ្លួន ដើម្បី​បាន​​ឈ្នះ​ជើង​ឯក​លីគ​ខាប់ (League Cup) ៥​ ដង​បន្ត​បន្ទាប់​គ្នា ជាមួយ​នឹង​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ៦-១ លើ​ក្រុម Wycombe កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Takumi Minamino មាន​ចំណែក​យ៉ាង​ធំ ក្នុង​ការ​ជួយ​ឱ្យ​ក្រុម​ហង្សក្រហម Liverpool ឈ្នះ Norwich ៣-០​។​​​

ក្រុម Man City នឹង​ទៅ​នៅ​ពី​លើក្រុម ​Liverpool ជាមួយ​នឹង​ការ​ឈ្នះ​ពាន​លីគ​ខាប់​ជា​កំណត់​ត្រា ៩​ ដង ប្រសិន​បើ​ពួក​គេ​អាច​ការពារ​ជើង​ឯក​បាន​សម្រេច​ នៅ​រដូវកាល​នេះ​។

ក្រុម​ជើង​ឯក​ចាស់​ បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ឥត​ខ្ជោះ​ ចំពោះ​បេសកកម្ម​នេះ ខណៈ​ដែល​លោក Pep Guardiola (Pep) ទទួល​បាន​ផល​ពី​​ការ​ដោះ​ស្រាយ​តំបន់​ប្រយុទ្ធ​ ដោយ​ការ​ដាក់​ឱ្យ​កីឡាករ ​Kevin De Bruyne, Phil Foden, Raheem Sterling, Ferran Torres និង Riyad Mahrez លេង​ជាមួយ​គ្នា ក្នុង​ជម្រើស ១១ នាក់​ដំបូង សម្រាប់​ការ​ប្រកួត នៅ​កីឡដ្ឋាន Etihad នេះ។

​យ៉ាង​ណាក្ដី ក្រុម​មេឃខៀវ ដែល​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ ៦ ​រូប ​មក​ពី​សាលាបាល់​ទាត់​ថ្នាល​របស់​ខ្លួន បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នោះ​ ក៏​ត្រូវ​បាន​ធ្វើ​ឱ្យ​ស្រឡាំង​កាំង​បន្តិច​ដែរ ​ជាមួយ​នឹង​គ្រាប់​បាល់​នាំ​មុខ​របស់​ក្រុម​ភ្ញៀវ Wycombe នៅ​នាទីទី​២២ ដែល​ជា​ការ​ស៊ុត​គ្រាប់​ដំបូង​របស់​កីឡាករ Brandon Hanlan ឱ្យ​ក្រុម​នៅ​លីគ​លំដាប់​ទី៣ មួយ​នេះ​។​

Content image - Phnom Penh Post
Palmer (ឆ្វេង) ស៊ុត​ឱ្យ Man City នាំ​មុខ Wycombe ៦-១ ក្នុង​ការ​ប្រកួត នៅ​លីគខាប់ជុំ​ទី ៣ កាល​ពី​ថ្ងៃ​អង្គារ​។ ​រូប AFP

តែ​កូន​ក្រុម​របស់​លោក Pep​ អាច​តាម​ស្មើ​វិញ នៅ​ ៧​ នាទី​បន្ទាប់​ ដោយ​កីឡាករ ​De Bruyne ដែល​ជា​គ្រាប់​បាល់​ដំបូង​របស់ប្រធាន​ក្រុម​រូប​នេះ គិត​តាំង​ពី​ខែ​ឧសភា មក​ ហើយ​កីឡាករ Mahrez និង Foden ស៊ុត​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ ២ គ្រាប់ មុន​ចប់​វគ្គ​ទី១​។

នៅ​វគ្គ​ទី ២ នាទីទី ៧១ ខ្សែ​ប្រយុទ្ធ Torres បន្ថែម​ការ​នាំ​មុខ​ឱ្យ​ក្រុម​ Man City ១គ្រាប់​ទៀត មុន​ពេល​កីឡាករ​អន្តរ​ជាតិ​អេសហ្ស៊ីប Mahrez ធ្វើ​បាន​សម្រេច​គ្រាប់​ទី២ របស់​ខ្លួន ហើយ​កីឡាករវ័យ​ក្មេង Cole Palmer បង្ហើយ​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ នៅ​នាទីទី​៨៨​។

«​ខ្ញុំ​គ្រាន់​តែ​ត្រូវ​និយាយ​អរគុណ ​ចំពោះ​សាលា​ថ្នាល​។ ពួក​គេទាំង​អស់​គ្នា ​បាន​ធ្វើ​នូវ​កិច្ច​ការ​ដ៏​ពិសេស​អស្ចារ្យ​។ ខ្ញុំ​សំណាង​ល្អ​ណាស់ ដែល​បាន​ធំ​ធាត់ (រីក​ចម្រើន)​ នៅ​ក្នុង​ក្លិប Barcelona។ ក្នុង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ជាមួយ​កីឡាករ​ដល់​ទៅ ៧ ​រូប ដែល​មក​ពី​សាលាថ្នាល​របស់​ក្រុម​ Barca គឺ​ជា​អ្វី​ដ៏​ពិសេស​ឯក​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Pep។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ រូបនេះ បាន​បន្ថែម​ថា​៖ «​នៅ​ទី​នេះ អ្នក​មានអារម្មណ៍​ថា យើង​មិន​មែន​មាន​តែ​កីឡាករ ១ ឬ ២ នាក់ ដែល​មាន​សក្ដានុពល តែ​មាន​ច្រើន​នាក់​។ ពួក​គេ​មាន​អ្វី ដែល​មាន​លក្ខណៈ​ពិសេសដូច​ៗ​គ្នា​»​។​

ចំណែក​ក្រុម Liverpool បាន​ឈ្នះ​ ៣-០ ម្ដង​រួច​ហើយ ក្នុង​កីឡដ្ឋាន Carrow Road របស់​ក្រុម Norwich នេះ កាល​ពី​ការប្រកួត នៅ​ក្រប​ខ័ណ្ឌ Premier League នា​ដើម​រដូវកាល​ ហើយ​ពេល​នេះ ធ្វើ​ឱ្យលទ្ធផល​ដដែល​ហ្នឹង កើត​ឡើង​ម្ដង​ទៀត ក្នុង​កម្មវិធី​លីគ​ខាប់​។

កីឡាករ Minamino ដែល​ចូល​លេង​ជាលើក​ដំបូងនៃ​រដូវកាល​នេះ ក្រោយ​ជា​សះស្បើយ​ពី​របួស​ភ្លៅ បាន​ស៊ុត​ឱ្យ​ក្រុម​ភ្ញៀវ ​Liverpool នាំ​មុខ ហើយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Divock Origi បន្ថែម​គ្រាប់​ទី ២ មុន​ពេល​កីឡាករ​អន្តរជាតិ​ជប៉ុន​ Minamino ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន ក៏​ដូចជា​ជួយ​ឱ្យ​ក្រុម​ហង្សក្រហម​ឈ្នះ​ផ្លូវការ ៣-០​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍