The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជើងខ្លាំង Plant និង Alvarez ប្ដូរកណ្ដាប់គ្នាក្រៅសង្វៀន នៅមុនជំនួបក្នុងខែវិច្ឆិកា




ជើងខ្លាំង Plant និង Alvarez ប្ដូរកណ្ដាប់គ្នាក្រៅសង្វៀន នៅមុនជំនួបក្នុងខែវិច្ឆិកា

Content image - Phnom Penh Post
រូបថត​ឯកសារ បង្ហាញ​ពី Alvarez (ឆ្វេង) ដាល់​ទៅ​លើ ​​Billy Joe Saunders អំឡុងការប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​មធ្យម កាល​ពី​ថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ​ ២០២១​។ AFP

ជើងខ្លាំង Plant និង Alvarez ប្ដូរកណ្ដាប់គ្នាក្រៅសង្វៀន នៅមុនជំនួបក្នុងខែវិច្ឆិកា

ក្រុង​ប៊ែវ័រលី​ហីលស៍៖​ អ្នក​ប្រដាល់ជើង​ខ្លាំង Saul Alvarez (Canelo) និងគូ​ប្រកួត​របស់​ខ្លួន Caleb Plant បាន​ឈាន​ដល់​ការ​វាយ​តប់​គ្នា កាល​ពី​ថ្ងៃ​អង្គារ គឺ​ពេល​ដែល​សន្និ​សីទ​កាសែត​ ​ឃោសនា​ពី​ជំនួប​ នៅ​​​ខែ​វិច្ឆិកា​របស់​ពួកគេ ដែល​ជា​ការ​ប្រកួត ដើម្បី​គ្រង​​ខ្សែ​ក្រវាត់​​ពិភព​លោក​ទាំង​អស់របស់​កីឡាប្រដាល់ ក្នុង​ប្រភេទ​ទម្ងន់​មធ្យម បាន​ផ្ទុះ​ឡើង​ជា​អំពើ​ហិង្សា​។

អ្នក​ប្រដាល់ មិន​ដែល​ចាញ់​សញ្ជាតិ​អាមេរិក Plant ​បាន​ដាច់​រយះ​ក្រោម​ភ្នែក​ខាង​ស្ដាំ ក្រោយ​ពី​មាន​ការ​ដាល់​គ្នា​ទៅ​វិញ​ទៅមក​ទាំង​កំរោល​ នៅ​ឯ​សណ្ឋាគារ Beverly Hilton ក្នុង​ក្រុងប៊ែវ័រលី​ហីល​ស៍ (Beverly Hills) នេះ។

អ្នក​ប្រដាល់ Alvarez របស់​ម៉ិក​ស៊ិក ដែល​ត្រូវ​បាន​ចាត់​ទុក​ជាទូទៅថា ជា​អ្នក​ប្រយុទ្ធ​ដល់​ខ្លាំង​បំផុត សម្រាប់​ប្រភេទ​គីឡូផ្សេង​ ក្នុង​វិស័យ​ប្រដាល់នេះ បាន​បង្ក​ឱ្យ​មាន​ជម្លោះ​កើត​ឡើង ក្រោយ​ពី​បាន​សំឡឹង​​មុខគ្នា​​ជាមួយ​គូបដិបក្ខ Plant​។

ដោយ​អ្នក​​ទាំង ២ ទំនង​ជា​កំពុង​ប្រើ​ពាក្យ​ពេចន៍​ឌឺដង​គ្នា​ទៅវិញ​ទៅមក Alvarez ឬ Canelo បាន​រុញ​ទ្រូង​របស់ Plant យ៉ាង​ពេញ​កម្លាំង រហូត​ធ្វើ​ឱ្យ​ផ្ងាក​ក្រោយ​ ធ្លាក់​ពី​លើ​វេទិកា ហើយ​ពេល​កីឡាករ​អាមេរិក ដើរ​ត្រឡប់​មកវិញ បាន​តប​ត​ជាមួយ​នឹង​ការទះ​ដៃ​ឆ្វេង តែ​ត្រូវ​​អ្នក​ប្រដាល់​ម៉ិក​ស៊ិកគេច​ផុត​ ហើយ​សង​ ២ ដៃ​ត្រឡប់​វិញ ទើប​​បង្ក​ឱ្យ​មាន​របួស​ក្រោម​ភ្នែកស្ដាំ​នោះ​​តែម្ដង​។​​

អ្នក​ការពារ​សន្តិសុខ និង​សមាជិក​របស់​អ្នក​ប្រដាល់​ឆ្នើម​ទាំង ២ បាន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​លើ​វេទិកា ដើម្បី​ជួយ​បញ្ឈប់​ជម្លោះ​នោះ​។ ក្រោយ​សន្និសីទ​នោះ ជម្លោះ​ក៏ទំនង​ជា​នឹង​ផ្ទុះ​ឡើង​ផងដែរ បន្ទាប់ Plant ជាថ្មី​ម្ដង​ទៀត បាន​និយាយ​ដាក់ ​​​Alvarez ជាមួយ​នឹង​ពាក្យ​អសុរោះ​ជាច្រើន មុន​ពេល​ចោទ​អ្នក​ប្រដាល់​ម៉ិកស៊ិក​ថា ប្រើ​ថ្នាំ​ហាម​ឃាត់​។​

អ្នក​ប្រដាល់ Alvarez ​ធ្វើ​តេស្តទទួល​បានលទ្ធផល​វិជ្ជមាន ​នៃ​សារធាតុ​ហាម​ឃាត់ ក្នុង​ឆ្នាំ ​២០១៨ ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្អាក នូវ​ការ​ប្រកួត​រវាង​រូប​គេ ​ជាមួយ​នឹង​អ្នក​ប្រដាល់កាហ្សាក់ស្ថាន​​​Gennady Golovkin​។

​អ្នក​ប្រដាល់វ័យ ២៩ ឆ្នាំ Plant បាន​ស្រែក​ខ្លាំង​ៗ​ថា​៖ «​អ្នក​ឯង​ជា​អ្នក​ប្រើ​ថ្នាំជំនួយ។ អ្នក​ឯង​ជា​អ្នក​ប្រដាល់​បោក​ប្រាស់ (ខ្សែលើ)​»​។

ជាមួយ​គ្នា​នេះ Alvarez មាន​វ័យ ៣១ ឆ្នាំ បាន​តប​វិញ​ដោយ​កំហឹង​ថា៖ «​កុំ​យក​លេស មុន​ការ​ប្រកួត​។ ចង់​និយាយ​អ្វី​និយាយ​ទៅ។ ខ្ញុំ​ចង់​ឃើញអ្នក​ឯង នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​។ អ្នក​នឹង​បាន​ឃើញ​អ្វី​ជាពិសេស និង​មាន​អា​រម្មណ៍​ជាពិសេស​»​។​

អ្នក​ប្រដាល់ Alvarez ដែល​ធ្លាប់ប្រកួត​បាន ៥៩​ ​ដង ក្នុង​នោះឈ្នះ ៥៦ (វាយ​ឱ្យ​សន្លប់ ៣៨ ដង) ស្មើ ២ដង និងចាញ់ ១ ដង​ នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ស្ថាប័ន WBA, WBC និង WBO ហើយ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្ថាប័ន IBF​ របស់ ​Plant ដែល​ឈ្នះ​ទាំង​អស់ ពី​ការ​ប្រកួត​ទាំង ២១ ​លើក ក្នុងការ​​វាយ​ដៃ​គូ​ឱ្យ​សន្លប់ ឬ​បោះបង់​ការ​ប្រកួត ចំនួន ១២ ​ដង​៕AFP/VN

អត្ថបទគួរចាប់អារម្មណ៍