​ក្រុងម៉ាឌ្រី​ដ​: កីឡាករ Luis Suarez ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ក្នុងនោះ​រួមទាំង​គ្រាប់​ជ័យជម្នះ នៅក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​ផងដែរ ខណៈដែល​ក្រុម Atletico Madrid បាន​វាយបក​យកឈ្នះ​ក្រុម Getafe ដែល​សល់​គ្នា ​១០​ នាក់ ២-១ ហើយ​ឡើងទៅ​ឈរ នៅលើ​កំពូល​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុម​ម្ចាស់ផ្ទះ Getafe មាន​គ្រាប់​បាល់​នាំមុខ តាមរយៈ​ការ​តែ​តរបស់​ខ្សែការពារ Stefan Mitrovic នៅ​នាទីចុងក្រោយ​នៃ​វគ្គ​ទី១ តែ​ហ្គេម​ចាប់ផ្ដើម​ប្រែប្រួល នៅពេលដែល​ខ្សែបម្រើ ​Carles Alena ត្រូវបាន​បណ្ដេញចេញ​នៅ​នាទី​ទី៧៤​។​

​ក្រុម​ការពារ​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ Atletico ឥឡូវនេះ នាំមុខ ១ ពិន្ទុ​បណ្ដោះអាសន្ន​លើ ក្រុម Real Madrid ដែល​ត្រូវ​បើក​ទ្វារផ្ទះ​ស្វាគមន៍​ក្រុម Real Mallorca ក្នុង​ប្រកួត​បន្ទាប់​។​

​គ្រូបង្វឹក​របស់​ក្រុម Atletico លោក Diego Simeone បាន​ប្រាប់​ឱ្យដឹងថា​៖ «​នៅ​វគ្គ​ទី​១ យើង​ខ្វះ​ការធ្វើ​ចលនា​រុលទៅមុខ និង​ភាពស្វាហាប់ ហើយ​ការប្រកួត គ្មាន​ជីវិត​ជីវា​៉​ទាល់តែសោះ រហូតដល់​កើតមាន​គ្រាប់​បាល់​របស់​ក្រុម​គូបដិបក្ខ​។ នៅ​វគ្គ​ទី​២ ការ​​ប្រកួត មាន​ចង្វាក់​ល្អ​ជាង​មុន មាន​ថាមពល​ជាង​មុន ហើយ​យើង​មាន​ភាព​អំណោយផលនៅ​តំបន់​ប្រយុទ្ធ​ជាង​មុន​»​។​

​កីឡាករ Suarez ស៊ុត​បញ្ចូល​​ទី​ឱ្យ​ក្រុម Atletico តាម​ស្មើ​នៅ​នាទី​ទី៧៨ មុននឹង​តែ​ត​គ្រាប់​ជ័យជម្នះ​នៅ​នាទី​ទី៩០+១ ហើយក៏​ជាការ​ធ្វើបាន​សម្រេច​គ្រាប់​ទី៣ នៅ​រដូវ​កាល​នេះ​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​​រូ​ហ្គា​យ​វ័យ ៣៤​ ឆ្នាំ ដែល​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី៣ ក្នុងចំណោម ៦ ​ហ្គេម​ដំបូង​។​

​ចំណែក​ខ្សែប្រយុទ្ធ Antoine Griezmann នៅតែ​រក​មិនទាន់​ឃើញ​គ្រាប់​បាល់​ដំបូង​នៅឡើយ​ទេ បន្ទាប់ពី​បាន​ចូល​លេង ៤​ លើក គិត​ចាប់តាំងពី​វិល​មក​ចូលរួម ជាមួយ​ក្លិប Atletico ជាថ្មី​ម្ដងទៀត ដោយ​ការចាកចេញ​ពី​ក្លិប​រួម​លី​គ Barcelona​។​

«​រូបគេកំពុងស្ថិត នៅក្នុង​ដំណាក់កាល​សម្រប​ខ្លួន​ជាមួយ​ក្លិប Atletico ថ្មី ដែល​លែង​ជា​ក្លិប Atletico ដែល​គេ​ធ្លាប់​ស្គាល់​ពីមុន​។ ខ្ញុំ​មានជំនឿថា រូបគេ​នឹង​រះ​ឡើងវិញ​ម្ដងទៀត ដូច​ពីមុន​។ ខ្ញុំ​គ្មានអ្វី​ត្រូវ​សង្ស័យ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Simeone ដែល​យោង​ដល់​កីឡាករ​អន្តរជាតិ​បារាំង Griezmann​។​

​ការប្រកួត​នៅក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ ក្រុម Athletic Bilbao ចាញ់​ក្រុម Rayo Vallecano ២-១ នៅ​ទឹកដី​ខ្លួន ខណៈ​ក្រុម​​ភ្ញៀវ មាន​គ្រាប់​បាល់​ជ័យជម្នះ ដោយសារ​គ្រាប់​បាល់​ដំបូង​របស់​ខ្សែប្រយុទ្ធ​ចាស់វស្សា​សញ្ជាតិ​កូ​ឡុំ​ប៊ី Radamel Falcao នៅ​នាទី​ទី​៩០+៦៕ AFP/VN