ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង បឺត សង្ឃឹម របស់​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ មាន​ការជឿ​ជាក់​ថា រូបគេនឹង​អាច​បន្ត​យកឈ្នះ​លើគូសត្រូវ​ចាស់ សេក គឹម​សាន នៅក្នុង​ការ​ប្រកួត​ជម្រុះ ​៨​ នាក់​ចុងក្រោយ នៅលើ​សង្វៀន PNN នា​ថ្ងៃអាទិត្យ​នេះ ដើម្បី​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រដណ្តើម​ខ្សែក្រវាត់ ដែលមាន​ប្រាក់រង្វាន់​លេខ​ ១ ចំនួន ​១ ​ម៉ឺន​ដុល្លារ​។

បើទោះបីជា បឺត សង្ឃឹម មិន​ហ៊ាន​មើលរំលង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ សេក គឹម​សាន ដែល​បាន​ឡើងមក​ដល់​វគ្គ​ ៨​ នាក់​ចុង​ក្រោយនេះ ប៉ុន្តែ​រូបគេ​បាន​អះអាងថា គេ​បានដឹង​ចំណុចខ្សោយ​ដៃគូ​ម្នាក់នេះ​ទៅហើយ ព្រោះ​នៅមុន​ការជួបគ្នា ក្នុង​ការប្រកួត​ខ្សែក្រវាត់​នេះ បឺត សង្ឃឹម ធ្លាប់​បានឈ្នះ សេក គឹម​សាន ទាំង​ ៣​ លើក ដោយ​ឈ្នះ​ពិន្ទុ ២​ លើក និង​វ៉ៃ​ឱ្យ​សន្លប់ ​១ ​លើក​។​

​បឺត សង្ឃឹម បាន​និយាយថា​៖ «​ខ្ញុំ​មិនអាច​មើលស្រាល​ដៃគូ​បានទេ ព្រោះ​វគ្គ​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា ដោយសារ​អ្នកចាញ់ នឹង​អស់​ឱកាស ហើយ​គេ​ក៏​ហាត់ យើង​ក៏​ហាត់ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ត្រឹម​ ៦០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ធានាថា វាយ​អស់ពី​សមត្ថភាព និង​ប្រយ័ត្នប្រយែង​បំផុត​។ បន្ថែម​លើ​នេះ ខ្ញុំ​ក៏​ដឹង​ពី​ចំណុចខ្សោយ​របស់គេ​ដែរ តែ​សុំ​មិន​និយាយ គឺ​បើ​មានឱកាស ខ្ញុំ​នឹង​ផ្តួល​ឱ្យ​សន្លប់​តែម្តង ដោយ​គ្មាន​បន្ធូរដៃ​ឱ្យ​ទេ​»​។​

​ចំណែក លោក សេក គឹម​ស៊ន គ្រូបង្វឹក សេក គឹម​សាន បាន​ប្រាប់ថា​៖ «​ខាង​ខ្ញុំមានសង្ឃឹម​ឈ្នះ​ ៥០​ ភាគរយ​ដែរ ព្រោះ គឹម​សាន្ត ហាត់​បាន​ពេញ​ល្អ​ណាស់ កម្លាំង​ក៏​ល្អ​។ យើង​ចាញ់​ប្រៀប​ផ្នែក​ក្បាច់​ជង្គង់​របស់ បឺត សង្ឃឹម ប៉ុន្តែ សេក គឹម​សាន អាចមាន​ប្រៀប​ផ្នែក​កណ្តាប់ដៃ និង​កម្លាំង​ល្អ​ជាង អ៊ីចឹង​បើសិន​មានឱកាស​វាយ​កណ្តាប់ដៃ គឺ​សង្ឃឹម​ឈ្នះ​ខ្ពស់​តែម្តង​។ ទោះយ៉ាងណា វា​នៅលើ​ការប្រកួត​ជាក់​ស្តែង​ទេថា តើ​មានឱកាស​ចេញ​ស្នៀត​អ្វី​?»​។​

​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖ «​ខ្ញុំ​មិន​ហ៊ាន​អួត​ទេ ព្រោះ​យើង​ធ្លាប់​ចាញ់​គេ ចំនួន​៣​លើក​គឺ​ពិតជា​យ៉ាប់​ឈ្នះ​មែន​។ គឹម​សាន មាន​ចំណុចខ្សោយ ត្រង់​ថា វាយ​គេ​ចូល​គោលដៅ​ល្អ មានប្រៀប​ហើយ តែ​វា​ល្ងង់ មិនចេះ​ស្ទុះ​ទៅតាម​បន្ថែម​សោះ ហើយ​ចំណុច​នេះហើយ ដែល​ខ្ញុំ​គិតថា​លំបាក ព្រោះ​បើ​វ៉ៃ​ចូល​កណ្តាប់ដៃ​ហើយ រួច​ចូល​បន្ថែម គឺមាន​ផ្លូវ​ឈ្នះ​តែម្តង​»​។​

​ក្រៅពី​ការប្រកួត​គូ​ដណ្តើម​ខ្សែក្រវាត់​នេះ ក៏មាន​ការប្រកួត​គូ​ដ៏​ចាប់អារម្មណ៍​មួយទៀត​ផងដែរ គឺ​ការ​ប៉ះគ្នា​រវាង​អ្នកលេង​កណ្តាប់ដៃ ថៃ រិទ្ធី និង ឈឿង ល្វៃ ក្នុង​ទម្ងន់ ​៧២ ​គីឡូក្រាម ហើយ​តាម​លោក ធន់ សុភា ជា​គ្រូបង្វឹក បានឱ្យដឹងថា ២​ នាក់​នេះ ធ្លាប់​ជួបគ្នា​ ៤​ លើក​មកហើយ ក្នុងនោះ ថៃ រិទ្ធី ឈ្នះ​ ៣ លើក ចំណែក ឈឿង ល្វៃ ឈ្នះ​ ១ ​លើក ខណៈ​ការប្រកួត​ចុង​​ក្រោយ​ថ្មីៗ​នេះ ឈឿង ល្វៃ ត្រូវបាន ព្រំ សំណាង វ៉ៃ​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ ចំណែក ថៃ រិទ្ធី បាន​ចាញ់​ពិន្ទុ ឡៅ ចន្ទ្រា​៕