ភ្នំពេញៈ ដោយ​មានការ​សម្រប​សម្រួលពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) តាមរយៈ​កីឡា​ហុក​គី​អាស៊ី (AHF) ជាមួយ​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ (OS) ដែលជា​ស្ថាប័ន​មួយ​នៃ​អូឡាំពិក​អន្តរជាតិ (IOC) ដោយមាន​គោលបំណង ផ្តោតលើ​ជំនាញ​បណ្តុះបណ្តាល​កីឡា ក្នុង​ប្រភេទ​ក្នុង​អូឡាំពិក ដល់​សមាជិក​សហព័ន្ធ​ទូទាំង​ពិភពលោក​នោះ សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជាទទួលបាន​វគ្គ​ជំនាញ​គ្រូបង្វឹក​កីឡា​ហុក​គី កម្រិត​១ ជាង​ ១​ សប្តាហ៍​។​

​វគ្គ​បណ្តុះបណ្តាល​ជំនាញគ្រូបង្វឹក​កីឡា​ហុក​គី កម្រិត​១ នេះ​គ្រោង​ធ្វើ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អន​ឡាញ ZOOM ហើយ​សិក្ខាកាម​នឹង​មក​ប្រជុំគ្នា នៅ​ទីស្នាក់ការ NOCC​។

​លោក កាំ​ង សុធា នាយករង​រដ្ឋបាល​នៃ ​NOCC និង​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ហុក​​គី​កម្ពុជា បាន​ប្រាប់ថា​៖ «​ឥឡូវយើង​ទទួលបាន​សិក្ខាកាម​ត្រៀម​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​គ្រូ​កម្រិត ​១​នេះ មាន​ ២៧​ នាក់ ក្នុងនោះ​ស្ត្រី​ ១៤​ នាក់ ដោយ​ផ្តោតទៅលើ​គ្រូ​តាម​ក្លិប​នៅតាម​បណ្តា​ខេត្ត​មាន​ចំនួន ​៦​។​

«​វគ្គ​នេះ​ទទួលបាន​បច្ចេក​ទេស​ពី​សហព័ន្ធ​កីឡា​ទ្វីបអាស៊ី និង​ទទួលបាន​ថវិកា​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ក្រោម​ការសម្របសម្រួល​របស់ NOCC ហើយ​ការសិក្សា​វគ្គ​នេះ​បាន​ជំរុញ​ការលើកទឹកចិត្ត ចំពោះ​កីឡាការិនី ព្រោះ​បច្ចុប្បន្ន​សហ​ព័ន្ធ​របស់​យើង​ទទួល​បានការ​​ប្រមូលផ្តុំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ ​២០២១​ នេះ គឺ​ក្រុម​ជម្រើសជាតិ ផ្នែក​​នារី​»​។​

​លោក កាំ​ង សុធា បាន​បន្ថែមថា​៖ «​ចំណែក​ការសិក្សា គឺ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ Zoom ហើយ​គ្រូឧទ្ទេស ត្រូវបាន​បញ្ជូន​ពី​សហព័ន្ធ​ហុក​គី​អន្តរជាតិ ចំណែក​សិក្ខាកាម​យើង​ត្រូវ​មក​នៅ​សាលប្រជុំ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​សិក្សា​ពី​ម៉ោង​ ១២ រហូត​ម៉ោង​ ៣ ​រសៀល​ជា​រៀង​រាល់ថ្ងៃ រហូត​ចប់​វគ្គ​នេះ​»​។​

​ចំណែក​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជាបាន​ថ្លែងថា​៖ «​ក្នុងនាម​សហព័ន្ធ និង NOCC យើង​បាន​ទំនាក់ទំនង​សុំ​ជា​មូលនិធិ​ប្រចាំឆ្នាំ​ពី ​OS សម្រាប់​វគ្គប​ណ្តុះ​បណ្តាល​នេះ តាមរយៈ​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី និង​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ដែលជា​ផ្នែក​បណ្តុះបណ្តាល សម្រាប់​សហព័ន្ធ​កីឡា ដែលជា​សមាជិក​ទូទាំង​ពិភពលោក​»​។​

​លោក​បាន​បន្ថែមថា​៖ «​ជាធម្មតា កន្លងមក​ក្នុង​មួយឆ្នាំៗ សហព័ន្ធ​កីឡា​ជាតិ​របស់​យើង​តែងតែ​ស្នើសុំ​ជាច្រើន​ប្រភេទ​កីឡា ដើម្បី​ពង្រឹង​បច្ចេកទេស​គ្រូបង្វឹក ឬ​សិក្ខាសាលា​ផ្សេងៗ​ទៀត​ ខណៈដែល​សកម្មភាព​របស់​អង្គការ OS នេះ តែងតែបាន​ពិនិត្យ និង​សម្រេច​តាម​លក្ខខណ្ឌ​ជាក់ស្តែង​។ បន្ថែម​ពីលើ​នេះ សិក្ខាកាម​ដែល​បាន​ចូល​សិក្សា​រៀនសូត្រ នឹង​ទទួលបាន​លិខិតបញ្ជាក់​ពី​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ស្ថាប័ន​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ផងដែរ​»៕