The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Man Utd ធ្លាក់​ចេញ​ពីលីគខាប់ ខណៈ​ Spurs និង Chelsea ឆ្លង​ទៅ​ជុំ​បន្ត​




Man Utd ធ្លាក់​ចេញ​ពីលីគខាប់ ខណៈ​ Spurs និង Chelsea ឆ្លង​ទៅ​ជុំ​បន្ត​

Content image - Phnom Penh Post
Lanzini ស៊ុត​បញ្ចូល​ទី​ឱ្យ ​West Ham នាំមុខ​ United ១-០ ពី​ការ​ប្រកួត នៅ​លីគ​ខាប់​ជុំ​ទី ៣ កាល​ពី​ថ្ងៃ​ពុធ​។ AFP

Man Utd ធ្លាក់​ចេញ​ពីលីគខាប់ ខណៈ​ Spurs និង Chelsea ឆ្លង​ទៅ​ជុំ​បន្ត​

ក្រុង​ឡង​ដ៍​៖ ក្រុម​បិសាចក្រហម Manchester United (United) បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង ក្នុង​កម្មវិធីលីគខាប់ (League Cup) ហើយ កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ដែល​ក្រុម West HamUnited សង​សឹក្រុម​របស់​លោក Ole Gunnar Solskjaer បាន​សម្រេច ជាមួយ​នឹង​ជ័យជម្នះ ១-០ រីឯ​​ក្រុមរួម​ក្រុង​ឡុងដ៍ Chelsea និង TottenhamHotspur (Spurs) ​អាច​ឆ្លង​ទៅ​ជុំ​ទី៤ ដោយសារ​ឈ្នះវគ្គ​ប៉េណាល់​ទី​កាត់​ក្ដី​។

ក្រុម​ញញួរ​ធំ West Ham បាន​រង​បរាជ័យ​យ៉ាង​រំជួល​ចិត្ត​ ២-១ ដោយសារ​ក្រុម United សម្រាប់​ការ​ប្រកួត នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក ដោយ​សារ​អ្នក​ចាំ​ទី David De Gea បាន​​​ជួយ​សង្គ្រោះ​ការ​ទាត់​បាល់​ពិន័យ​ ១១ ម៉ែត្ររបស់​ខ្សែ​បម្រើ Mark Noble បន្ទាប់​ពី​មាន​គ្រាប់​បាល់​នាំ​មុខ ដែល​ស៊ុត​ដោយខ្សែ​បម្រើប្រយុទ្ធ Jesse Lingard​ នៅ​នាទីទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នោះ​។

តែ​ក្រុម West Ham របស់​លោក David Moyes ដឹង​ច្បាស់​ពី​វិធី​ដើម្បី​សងសឹក​វិញ ក្នុង​រយៈពេល ៣ ថ្ងៃ​បន្ទាប់​ ខណៈ​ដែលគ្រាប់​បាល់​តែ ១​ គ្រាប់​របស់​ខ្សែ​បម្រើ Manuel Lanzini នៅ​ខាង​ដើម​វគ្គ​ទី១ គ្រប់​គ្រាន់​ល្មម​ ទម្លាក់​ក្រុម​បិសាចក្រហម ​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​កម្រិត​ទី៣ របស់​អង់គ្លេស​នេះ ក្នុង​ជុំ​ទី៣​។

លទ្ធផល​នេះ មិន​ត្រឹម​តែ​​​ជួយ​ឱ្យ​លោក Moyes អាច​ដណ្ដើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី១ ពី​ក្រុម ​United គិត​តាំង​ពី​ក្រុម​យក្ស​មួយ​នេះ បាន​ដេញ​រូប​លោក ក្នុង​ឆ្នាំ​​ ២០១៤​ ទាំង​ដែល​លោក​ធ្វើ​តួនាទី​មិន​ទាន់​បាន​ពេញ ១ រដូវកាល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជាការ​ឈ្នះ​លើក​ទី១ របស់​ក្រុម West Ham ក្នុង​កីឡដ្ឋាន ​​Old Trafford គិត​តាំង​ពី​ឆ្នាំ​ ២០០៧ ទៀត​ផង​។

គ្រូបង្វឹក​លោក Solskjaer បាន​រិះ​គន់​ក្រុម​ United របស់​លោក ចំពោះ​ការ​ចាប់​ផ្ដើម​ហ្គេម ដោយ​ស្ទាក់​ស្ទើរ​ ដោយ​លោក​លើក​ឡើង​ថា​៖ «ជា​ការ​ចាប់​ផ្ដើ​ម​ដោយ​យឺតៗ​ ហើយចំណុច​នោះ ត្រូវ​តែ​កែលម្អ។​ ដោយ​ជាក់​ស្ដែង ខ្ញុំ​មិន​ដែល​ឈ្នះ​ការ​ប្រកួត​ ក្នុង​កម្មវិធី​នេះ​ឡើយ ​ដូច្នេះ ការ​ដេញ​តាម​ នឹង​នៅ​តែ​បន្ត​»​។

«​តែ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ដើម្បី​មាន​នូវ​ក្រុម​ ដែល​មាន​ទម្រង់​លេង​តាម​កម្រិត​ចង់​បាន​ សម្រាប់​រដូវកាល​នៅ​សល់​។ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ហ៊ាន​ប្រថុយ​ប្រថាន​ដែរ​»​។ នេះ​ជា​បន្ថែម​របស់​លោក Solskjaer ដែល​ផ្លាស់​ប្ដូរ​កីឡាករ​ទាំងអស់ សម្រាប់​ជម្រើស ១១ ​នាក់​ដំបូង។​​

ចំណែក​ឯការ​ប្រកួត នៅ​កីឡដ្ឋាន Stamford Bridge ឯណោះ​វិញ​ ក្រុម ​Chelsea បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ ១៦​ ក្រុម​ចុង​ក្រោយ​ ដោយ​ការ​​យក​ឈ្នះ​ក្រុម Aston Villa ៤-៣ ក្នុង​វគ្គ​ប៉េណាល់​កាត់​ក្ដី បន្ទាប់​ពី​ការ​ប្រកួត ក្នុង​ម៉ោង​ធម្មតា​ស្មើគ្នា ១-១​។

គ្រាប់​នាំ​មុខ​របស់​ក្រុម​ Chelsea ដែល​បាន​មក​ពី​ការ​តែត​របស់​​ខ្សែ​ប្រយុទ្ធ Timo Werne នៅ​នាទីទី​៥៤ ត្រូវ​បានក្រុម Villa ​​តាម​ស្មើវិញ​នៅ ១០​ នាទី​បន្ទាប់ ដែល​បាន​មក​ពី​ការ​តែត​កៀក​នឹង​បង្គោល​ទី​របស់​ខ្សែ​ប្រយុទ្ធ Cameron Archer​។

សម្រាប់​គូ​នៅ​កីឡដ្ឋាន Molineux ឃើញ​ថា​​ ក្រុម​ភ្ញៀវ Spurs បានទម្លាក់​ក្រុម​ម្ចាស់​ផ្ទះ Wolverhampton ជាមួយ​នឹង​ជ័យ​ជម្នះ ក្នុង​វគ្គ​ប៉េណាល់ទី ៣-២ ខណៈ​ដែល​ក្នុង​ម៉ោង​ធម្មតា ស្មើ​គ្នា ២-២ ហើយ​ជាមួយ​គ្នា​នេះ ​ខ្សែ​ប្រយុទ្ធ Harry Kane ទី​បំផុត អាច​​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ហើយ គិត​តាំង​ពី​ចូល​លេង​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Nuno Espirito Santo​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍