ក្រុងប៊េរឡាំង៖ កីឡាករ Robert Lewandowski បានព្រលយពាក្យសម្ដីថា រូបគេអាចនឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លិប Bayern Munich ខណៈដែលក្រុមកំពុងមានពិន្ទុនាំមុខគេ ក្នុងតារាងពិន្ទុក្របខ័ណ្ឌ Bundesliga មួយនេះ ត្រៀមខ្លួនធ្វើដំណើរទៅសួរសុខទុក្ខក្រុមបាតតារាង GreutherFuerth នៅថ្ងៃសុក្រ។
កីឡាករ Lewandowski បានឈ្នះស្បែកជើងមាស ប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃអង្គារ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ពីការប្រកួតប្រជែងបាល់ទាត់អឺរ៉ុប ក្រោយបញ្ចប់រដូវកាល Bundesliga រដូវកាលមុន រូបគេរកបានគ្រាប់បាល់ជាកំណត់ត្រា ៤១ គ្រាប់ ក្នុងចំណោមការចូលលេង ២៩ ហ្គេម។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ រូបនេះ ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលរបស់អាល្លឺម៉ង់ នារដូវកាលនេះផងដែរ ដោយមកទល់ពេលនេះ បំប៉ោងសំណាញ់ទីបាន ៧គ្រាប់ហើយ ដែលចំនួនរួមជាមួយខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Dortmund ក្រោយបញ្ចប់ ៥ហ្គេម។
កីឡាករវ័យ ៣៣ ឆ្នាំ Lewandowski នៅមានកុងត្រាជាមួយក្រុម Bayern រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ហើយទោះបីជាមានព័ត៌មានពាក់ព័ន្ធនឹងការផ្លាស់ទៅក្រុមយក្សអេស្ប៉ាញ Real Madrid ក៏ដោយ ក៏រូបគេបានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្មានបំណង ក្នុងការទៅបង្ហាញខ្លួន នៅលីគដទៃឡើយ។
«ខ្ញុំអាចប្រកួតប្រជែងជាមួយក្រុមល្អបំផុត មកពីលីគផ្សេងទៀត នៅក្របខ័ណ្ឌ Champions League។ ខ្ញុំផ្ដោតអារម្មណ៍ ១០០ ភាគរយជាមួយក្រុម Bayern Munich។ ខ្ញុំមិនគិតអ្វីផ្សេងឡើយ ក្រៅពីក្រុមបច្ចុប្បន្នរបស់ខ្ញុំ»។ នេះជាការប្រាប់ឱ្យដឹងពីកីឡាករ Lewandowski។
កីឡាករ Lewandowski បានបង្កើតឱ្យមានកម្លាំងជំរុញចិត្តមួយយ៉ាងធំធេង នៅពេលដែលគេយករង្វាន់ស្បែកជើងមាសថ្មីថ្មោងរបស់គេ ទៅកាន់កន្លែងហ្វឹកហាត់ កាលពីថ្ងៃពុធ ហើយមិត្តរួមក្រុម Bayern របស់គេ បាននាំគ្នាតម្រង់ជួរ ដើម្បីថតរូបជាមួយនឹងពានជយលាភីនេះ។
ក្រុមការពារជើងឯក Bayern កាលពីសប្ដាហ៍មុន បានបំបាក់ក្រុម Bochum យ៉ាងចាស់ដៃជាមួយនឹងលទ្ធផល ៧-០ ខណៈដែល ៨ ហ្គេមដំបូង នារដូវកាលនេះ ពួកគេស៊ុតបញ្ចូលទីសរុប ៣៨គ្រាប់ហើយ ហើយការប៉ះជាមួយក្រុមទើបឡើងមកថ្មី Fuerth ក៏ត្រូវបានគេរំពឹងថា គ្រាប់បាល់ជាច្រើនគ្រាប់ នឹងកើតមាន ក្នុងការប្រកួត នៅចុងសប្ដាហ៍នេះ៕ AFP/VN