ក្រុងមីឡាន៖ ក្រុម AC Milan បានរំកិលឡើងទៅមានពិន្ទុរួមជាមួយក្រុមគូប្រជែងរួមក្រុង Inter Milan ដែលនៅទីកំពូល ក្នុងតារាងពិន្ទុនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីកីឡាករបម្រុង Theo Hernandez បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយធានាឱ្យមានជ័យជម្នះ ២-០ លើក្រុម Venezia កាលពីថ្ងៃពុធ ខណៈដែលក្រុម Juventus អាចដណ្ដើមបាន ៣ពិន្ទុជាលើកដំបូងហើយ ក្នុងរដូវកាលនេះ ក្រោយឈ្នះ Spezia ៣-២។
កីឡាករអន្តរជាតិបារាំង Hernandez រួមចំណែកឱ្យមានគ្រាប់បាល់ដំបូង សម្រាប់ក្រុម Milan ដោយការបញ្ជូនបាល់កាត់ចូលមកឱ្យខ្សែបម្រើ Brahim Diaz ស៊ុតបញ្ចូលទី នៅនាទីទី៦៨ មុននឹងខ្លួនឯង មានឱកាសស៊ុត ១ ជើង យ៉ាងពេញកម្លាំងទម្លុះសំណាញ់ទីយ៉ាងអស្ចារ្យ ដើម្បីធានានូវជ័យជម្នះ ១០០ ភាគរយឱ្យក្រុមម្ចាស់ផ្ទះ នៅនាទីទី៨២។
«យើងដឹងច្បាស់ថា Venezia ជាក្រុមដ៏ពិបាក ក្នុងការតទល់ជាមួយ។ យើងត្រូវការឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយពេលនេះ យើងត្រូវតែឈ្នះនៅថ្ងៃសៅរ៍ (នៅផ្ទះរបស់ក្រុម Spezia) ផងដែរ។ គោលដៅរបស់យើង គឺឈ្នះជើងឯក ហើយនោះ គឺជាការកំណត់គោលដៅរបស់យើង»។ នេះជាសម្ដីរបស់កីឡាករ Hernandez ដែលបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ DAZN។
ដូច្នេះ ក្រោយបញ្ចប់ហ្គេមទី៥ របស់ខ្លួន ជាមួយនឹងជ័យជម្នះនេះ ក្រុម Milan ឈរនៅលេខ ២ ក្នុងតារាងពិន្ទុលីគកំពូលអ៊ីតាលី ដោយមាន ១៣ ពិន្ទុ ស្មើក្រុមទី១ Inter ដែលយកឈ្នះក្រុមម្ចាស់ផ្ទះ Fiorentina ៣-១ ពីការប្រកួត កាលពីថ្ងៃអង្គារ។
ងាកទៅកាន់ក្រុម Juve ដែលពេលនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ វិញ ឃើញថា ក្រុម ដែលធ្លាប់គ្រងជើងឯកលីគកំពូលដល់ទៅ ៣៦ សម័យ មួយនេះ ទើបតែអាចរកជ័យជម្នះបានជាលើកដំបូង ក្រោយសំណាងល្អ ដែលយកឈ្នះទាំងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះ Spezia ៣-២។
កីឡាក Emmanuel Gyasi និង Janis Antiste រួមសហការគ្នាជួយឱ្យ Spezia នាំមុខភ្លាមៗ ពេលហ្គេម នៅវគ្គទី ២ ចាប់ផ្ដើមប្រមាណជា ២-៣ នាទី បន្ទាប់ពីវគ្គទី ១ ក្រុមទាំង ២ ស្មើគ្នា ១-១ ដោយក្រុម Juve ជាអ្នកមានគ្រាប់បាល់នាំមុខមុន ដែលស៊ុតដោយ Moise Kean ហើយក្រុមម្ចាស់ផ្ទះតាមស្មើវិញ តាមរយៈកីឡាករ Emmanuel Gyasi។
ខ្សែប្រយុទ្ធអន្តរជាតិ Federico Chiesa ជួយឱ្យក្រុមសេះបង្កង់តាមស្មើ ២-២ នៅនាទីទី៦៦ មុនពេលខ្សែការពារ Matthijs de Ligt មានឱកាសស៊ុតបានសម្រេច ១ គ្រាប់ នៅនាទីទី៧២ ដែលនោះជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមរបស់លោក Massimiliano Allegri តែម្ដង។
កីឡាករ De Ligt និយាយថា៖ «វាជាការប្រកួតដ៏តឹងតែង ១ យើងលេងបានល្អ នៅវគ្គទី១ តែពួកគេបានរៀបចំទប់ទល់ ក្នុងការតបតជាមួយយើងវិញ បានយ៉ាងប្រសើរ។ យើងកំពុងស្ថិតក្នុងរយៈពេល ដែលគ្រប់យ៉ាងប្រព្រឹត្តិទៅផ្ទុយទាំងអស់។ គ្រាប់បាល់ទាំង ២គ្រាប់នោះ កើតឡើងពីការស៊ុតបុក ហើយប្លាតចូលទី។ សង្ឃឹមថា យើងអាចមានសំណាងខ្លះៗ នាពេលខាងមុខទៅចុះ»។
ក្រោយបញ្ចប់ការប្រកួតនេះ ឃើញថា ក្រុម Juve ឥឡូវនេះ យ៉ាងហោចណាស់ គ៏របូតគ្រាប់បាល់ ១គ្រាប់ដែរ ពីការប្រកួតក្នុងលីគចំនួន ១៩ដងបន្តបន្ទាប់ ដែលបញ្ហាហ្នឹង ត្រូវតែកែប្រែឱ្យបាន ពេលក្រុមតោខៀវ Chelsea ធ្វើដំណើរមកកាន់ក្រុងទូរីន ក្នុងជំនួបនៅក្របខ័ណ្ឌ Champions League នាកណ្ដាលសប្ដាហ៍ក្រោយ៕ AFP/VN