ក្រុង​ម្រ៉ា​ឌី​ដ​: កីឡាករ Marco Asensio ធ្វើបាន​ហ៊ែ​ត​ទ្រី​ក (​ស៊ុត ៣ ​គ្រាប់​) ជា​លើកដំបូង​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid អំឡុង​ការប្រកួត កាលពី​ថ្ងៃ​ពុធ ទល់នឹង​ក្រុម Mallorca ជា​ក្លិប ដែល​គេ​ធ្លាប់​លេង​ជាមួយ កាលពី​កុមារភាព ខណៈដែល​ជ័យជម្នះ ៦-១ បាន​ជួយ​រុញ​ក្រុម​យក្ស​ក្រុង​ម្រ៉ា​ឌី​ដ​មួយ​នេះ ឡើងទៅ​ឈរ​ទី១ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ La Liga​។​

​ខ្សែប្រយុទ្ធ Karim Benzema ស៊ុត​គ្រាប់​បាល់​បើកឆាក​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​យ៉ាង​លឿន សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Santiago Bernabeu នេះ មុនពេល​មាន​គ្រាប់​បាល់​៣​គ្រាប់​កើតឡើង​បន្តបន្ទាប់​គ្នា ក្នុង​រយៈពេល​ប្រមាណ​ជា ៥ ​នាទី ជួយ​ឱ្យ​ក្រុម Real នាំមុខ ៣-១ នៅ​វគ្គ​ទី១ ដោយ ២ គ្រាប់​ជាការ​ស៊ុត​របស់ Asensio រីឯ​ ១ ​គ្រាប់​ទៀត ជាការធ្វើ​បានសម្រេច​ពី Lee Kang-in របស់​ក្រុម Mallorca​។​

​ចូលដល់​វគ្គ​ទី​២ នៅ​នាទី​ទី​៥៥ ខ្សែបម្រើ​សញ្ជាតិ​របស់​អេ​ស្ប៉ា​ញ Asensio ធ្វើបាន​សម្រេច​គ្រាប់​ទី៣ ជាមួយ​ការ​សាក​ស៊ុត​ពី​ក្រៅ​តំបន់​គ្រោះថ្នាក់ ហើយ​កីឡាករ Benzema មានឱកាស​ស៊ុត​គ្រាប់​ទី​២ នៅ​នាទី​ទី​៧៨ ដែលជា​គ្រាប់​ទី​២០០ នៅ La Liga របស់​កីឡាករ​អន្តរជាតិ​បារាំង មុនពេល Isco ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម Real ឈ្នះ​ផ្លូវការ ៦-១​។​

​ក្រោយ​ការប្រកួត​ចប់ គ្រូបង្វឹក​របស់​ក្រុម Real លោក Carlo Ancelotti បាន​ពោល​សរសើរ​កីឡាករ Benzema ថា​៖«​ច្បាស់​​ណាស់ Benzema កំពុង​លេង​បានល្អ​ណាស់​។ មិន​ត្រឹមតែ​សម្រាប់​គេ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រាប់​ក្រុម​ដែរ​។ គេ​គឺជា​ខ្សែប្រយុទ្ធ​ម្នាក់​គ្រប់លក្ខណៈ​យ៉ាងពិត​ប្រាកដ​មែន​»​។​

​ជ័យជម្នះ​ក្នុង​ហ្គេម​ទី៦ នេះ បានធ្វើឱ្យ​ក្រុម Real មាន ២​ ពិន្ទុ នាំមុខ​ដាច់​លើ​ក្រុម​ការពារ​ជើង​ឯក Atletico Madrid ដែលមាន ១៤​ ពិន្ទុ ក្នុង​តារាង​ពិន្ទុ La Liga ខណៈដែល​ក្រុម Sevilla ឡើងទៅ​លេខ ៣ ក្រោយ​ឈ្នះ​ក្រុម​ Valencia ៣-១​។​

​សម្រាប់ Asensio ដែល​កើត​នៅ​ក្រុង​ប៉ាល់​ម៉ា ចាប់ផ្ដើម​ចូល​លេង​ឱ្យ​ក្រុម Mallorca ក្នុង​វ័យ ១០ ​ឆ្នាំ ស្រាប់តែ​ចាកចេញ​ទៅ​ចូលរួម ជាមួយ​ក្រុម​បច្ចុប្បន្ន​របស់ខ្លួន ក្នុង​ឆ្នាំ​ ២០១៦​។ រូបគេ​មិន​ធ្វើការ​អបអរ​អ្វី​ឡើយ​សម្រាប់​ការ​-​ទម្លុះ​សំណាញ់​ទី​៣ ​គ្រាប់​នេះ​។​

«Asensio ធ្វើ​បានល្អ​ណាស់​។ វា​ជា​ការពិត ដែលថា ការលេង​របស់គេ​ក្នុង​តំណែង​នោះ អាចធ្វើឱ្យ​កីឡាករ​របស់​ក្រុម​គូប្រជែង​ឈឺចាប់​បាន​គ្រប់ពេល​»​។ នេះ​ជាការ​លើកឡើង​របស់លោក Ancelotti ដែល​ទើប​ដាក់ឱ្យ​កីឡាករ​វ័យ​ ២៥ ​ឆ្នាំ Asensio ចូល​លេង​ជម្រើស​ដំបូង លើក​ទី​១ រដូវ​កាល​នេះ​៕ AFP/VN