ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ឃីម បូរ៉ា ដែលរ​កដៃ​គូប្រកួត​លែ​ង​ចង់បាន នៅក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​នោះ បានសម្រេច​ដំឡើង​ទម្ងន់​មក ៦៣,៥​ គ​.​ក្រ ដើម្បី​ចូលរួម​ការប្រកួត​ដណ្តើម​ប្រាក់​លាន នៅលើ​សង្វៀន​ថោ​ន នា​ថ្ងៃអាទិត្យ ខាងមុខនេះ ជាមួយ​អ្នក​ប្រដាល់​ឆ្នើម ​៣​ នាក់​ទៀត មាន វេ​ង សុ​ភ័​ក្រ​, តា​ញ់ មករា និង អេ​លី​ត ស​ម្ភ​ស្ស​។​

​អ្នក​ប្រដាល់​ទាំង ​៤ ​រូបនេះ ​ត្រូវគេ​មើលឃើញថា ​ជា​ជម្រើស​ខ្លាំង​លំដាប់​ជួរមុខ ដែល​លំបាក​ស​ន្និ​​ដ្ឋា​ន​ថា កីឡាករ​រូប​ណា​មានប្រៀប​ជាង​ណាស់ ប៉ុន្តែ​តាមរយៈ​ប្រវត្តិ​ជួបគ្នា​នៅក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គី​ឡួ​ក្រាម ទាំង វេ​ង សុ​ភ័​ក្រ និង តា​ញ់ មករា សុទ្ធតែ​ធ្លាប់​ចាញ់ ឃីម បូរ៉ា តែ អេ​លី​ត ស​ម្ភ​ស្ស មិន​ធ្លាប់​ជួប​ជាមួយ បូរ៉ា កន្លងមក​នោះទេ ព្រោះ ស​ម្ភ​ស្ស ជា​អ្នក​ប្រដាល់សកល តែដោយសារ​វិបត្តិ​គ្មាន​ទីផ្សារ​ប្រកួត ទើប​សុំ​គេ មក​ប្រកួត​គុន​ខ្មែរ ម្តងម្កាល យកប្រាក់​ទៅ​ផ្គត់ផ្គង់​គ្រួសារ​។​

​តែ​ទោះបីជា​យ៉ាងណា ភាគី ឃីម បូរ៉ា ដែលជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត​របស់ ឃីម បូរ៉ា បានបង្ហាញ​ការបារម្ភ​ថា​៖ «​ការប្រកួត​លើក​នេះ បូរ៉ា ពិតជា​លំបាក​ទប់​​ទល់​ណាស់ ព្រោះ​ដំឡើង​ទម្ងន់​មក​វ៉ៃ ៦៣,៥​ គីឡូក្រាម​នេះ គឺ​ជួប​បញ្ហា​ច្រើន​ផ្នែក​កម្លាំង​នេះ​តែម្តង ខណៈ​កាលពី​ប្រកួត​ក្នុង​ទម្ងន់​ ៦០​ គីឡូក្រាម បូរ៉ា ធ្លាប់បាន​ផ្តួល តា​ញ់ មករា ឱ្យ​សន្លប់ និង​ធ្លាប់​ឈ្នះ​ពិន្ទុ វេ​ង សុ​ភ័​ក្រ តែ​មិន​ធ្លាប់​ប៉ះ​ជម្រើសជាតិ​ប្រដាល់សកល អេ​លី​ត ស​ម្ភ​ស្ស នោះឡើយ​»​។

​គ្រូបង្វឹក​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ លោក ហេង ប៊ុន​ឃីម បាន​បញ្ជាក់ថា​៖ «​បូរ៉ា បាន​ហ្វឹក​​ហាត់​គ្រប់គ្រាន់ បំប៉ន​បច្ចេកទេស​បន្ថែ​ម​បានល្អ ប៉ុន្តែ​បញ្ហា​កម្លាំង ពិតជា​លំបាក​ទប់ទល់​ជាមួយ​កីឡាករ​៣​នាក់​នេះ​ណាស់ ព្រោះ​គេ​នៅ​ក្មេង​កម្លាំង​ល្អ​ជាង ហេតុនេះ​យើង​សង្ឃឹម​ឈ្នះ​ត្រឹមតែ ​៥០ ភាគរយ​ប៉ុណ្ណោះ​»​។​

​ចំណែក អេ​លី​ត ស​ម្ភ​ស្ស បាន​ប្រាប់ថា​៖ «​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គេ​មើលរំលង​ខ្ញុំ ដោយ​ភាគច្រើន​គេ សម្លឹង​ឃើញ ឃីម បូរ៉ា​, តា​ញ់ មករា និង វេ​ង សុ​ភ័​ក្រ ប៉ុន្តែ​ខ្ញុំ​គិតថា គាត់​មិនទាន់​ដឹង​ពី​ការហាត់ និង​បច្ចេកទេស​របស់ខ្ញុំ ឡើងដល់​កម្រិតណា​ទេ​។ ខ្ញុំ​ធ្លាប់​ចាញ់​ពិន្ទុ សូត្រ ប៊ុន​ធី សម្រាប់​ការចូលរួម​ប្រកួត ក្នុង​កម្មវិធី​នេះ កន្លងមក ចំណែក​បេក្ខភាព​៣​នាក់​លើក​នេះ អ្នក​ដែល​លំបាក​ប្រកួត​បំផុត​គឺ តា​ញ់ មករា ប៉ុន្តែ​ខ្ញុំ​ចង់​ប៉ះ​គាត់​មុនគេ​»​។​

​ចំណែកលោក ធន់ សុភា គ្រូបង្វឹក តា​ញ់ មករា និងលោក ឡៅ ស៊ី​ណាត គ្រូបង្វឹក​របស់​ វេ​ង សុ​ភ័​ក្រ សុទ្ធ​តែមាន​ជំនឿ​រៀងៗ​ខ្លួន​ថា កូនសិស្ស​របស់លោក នឹង​ឈ្នះ​ក្នុង​ទំនុកចិត្ត​ ៧០​ ភាគរយ​ដូចគ្នា​។ ចំណែក​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំង​ ៤ ​នេះ វេ​ង សុ​ភ័​ក្រ ប្រកួត​បាន ​៧៩ ​ដង​ឈ្នះ ​៦៤ ចាញ់ ​១៣ និង​ស្មើ ​២ ​ដង រីឯ បូរ៉ា ប្រកួត​បាន​ ១២៩​ ដង ឈ្នះ​ ៩១ ចាញ់​ ៣៦ និង​ស្មើ​ ២ ​ដង ហើយ អេ​លី​ត ស​ម្ភ​ស្ស ប្រកួត​បាន ​៣៦ ​ដង ឈ្នះ​ ២៥ ចាញ់ ​៩ ស្មើ​ ២ ​ដង ខណៈ តា​ញ់ មករា ប្រកួត​បាន ​៦៨ ឈ្នះ​ ៥៤ ចាញ់​ ១២ និង​ស្មើ​ ២ ​ដង​។​

​ដោយឡែក សម្រាប់​គូ​ម៉ាស​ហ្វៃ ចំនួន​ ៩ ​នាទី រវាង​កីឡាករ ភួ​ន ឡាំង​កូស៊ីន និង​ជើង​ថ្មី​ល្បី​ល្បាញ ពេជ្រ សម្បត្តិ វិញ បាន​បោះសម្តី​ឌឺដង​ដាក់គ្នា​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក​។ ពេជ្រ សម្បត្តិ ដែលមាន​ប្រវត្តិ​ក្មេងខ្ចីនិយាយថា ចង់​ផ្តួល ឡាំង​កូស៊ីន ឱ្យ​សន្លប់ ប៉ុន្តែ ឡាំង​កូស៊ីន តប​វិញ​ថា មិនអាច​ទៅរួច​ទេ​! អាច​ឈ្នះ​ចាញ់​ដោយ​សន្លប់ ប៉ុន្តែ​មិនទាន់​ប្រាកដថា នរណា​នៅឡើយ​៕