ភ្នំពេញៈ លោក ស៊ន អេ​លី​ត អ្នកគ្រប់គ្រង​ក្លិប​ប្រដាល់​នាយកដ្ឋានអង្គរក្ស បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ពន្លក​គុន​ខ្មែរ សម្រាប់​កីឡាករ​ទម្ងន់​ស្រាល​វ័យក្មេង ទម្ងន់​ ៤៥​ គីឡូក្រាម និង​បានចាប់ផ្តើម​បរិច្ចាគ​ដំបូង នូវ​ថវិកា​គាំទ្រ​ចំនួន​ជាង​ ៣ ០០០​ ដុល្លារ ដើម្បី​យកទៅ​រៀបចំ​ខ្សែក្រវាត់​ឱ្យ​ក្មេងៗ​ប្រកួត ដែល​ចាប់ផ្ដើម​វគ្គ​ជម្រុះ តាំងពី​ថ្ងៃទី​ ២០ ខែ កញ្ញា ឆ្នាំ​ ២០២១ មក​ម្ល៉េះ​។​

​កម្មវិធី​ប្រកួត​នេះ គ្រោង​នឹង​ប្រកួត​៣​លើក ឬ​ ៣​ សប្តាហ៍ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​២៧ ​តុលា ឆ្នាំ​ ២០២១ ជាមួយ​កម្ម​វិធី​ប្រដាល់​គុន​ខ្មែរ​អ​ល​ស្តារ តែម្តង​។ លោក ស៊ន អេ​លី​ត ដែលជា​អ្នកផ្តើមគំនិត បាន​ប្រាប់ថា​៖ «​កម្មវិធី​នេះ យើង​រៀបចំឡើងដើម្បី​គាំទ្រ​ប្រដាល់​ពន្លក​គុន​ខ្មែរ ដោយមាន​ការ​ប្រកួត​ជម្រុះ​ទាំង​ ២ ​ពូ​ល (A និង ​B) ដោយ​ក្នុង​ ១​ ពូ​ល មាន​កីឡាករ​ ៤​ នាក់ ហើយ​ជម្រុះ​យក​អ្នកឈ្នះ​ ២​ នាក់ ក្នុង​ពូ​ល​នីមួយៗ ទៅ​ជម្រុះ​បន្ត និង​យកតែ​ ២​ នាក់​ទេ ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​កម្មវិធី​ប្រដាល់​ធំ គុន​ខ្មែរ​អ​ល​ស្តារតែម្តង​»​។​

​លោក​បន្តថា តាម​កម្មវិធីប្រ​កួត​ប្រដាល់​ពន្លក​គុន​ខ្មែរ​នេះ បានរៀបចំកាលពី​ថ្ងៃទី ២០ ខែកញ្ញា ម្តង​រួចហើយ ដែលជា​ការប្រកួត​ពូ​ល ​A ហើយ​លើក​នេះ បន្ត​រៀបចំ​ការប្រកួត​ពូ​ល​ B នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា រួច​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃទី​ ១១ ខែតុលា នឹង​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​កម្មវិធី​គុន​ខ្មែរ​អ​ល​ស្តារ នៅ​ថ្ងៃទី​ ២៧ ខែ តុលា ឆ្នាំ​ ២០២១​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ នឹង​ការចំណាយ លោក ស៊ន អេ​លី​ត បញ្ជាក់ថា​៖ «​ថវិកា​ដែល​ទទួលបាន​នៅពេលនេះ គឺ​រៀបចំ​មិន​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​ខ្ញុំ និង​ក្រុមការងារ បាន​ព្យាយាម​រក​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ក្នុងការ​ប្រកួត​ជម្រុះ​នេះ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ តាម​គម្រោង យើង ​៤​ លាន​រៀល ដល់​អ្នកទទួលបាន​ខ្សែក្រវាត់ ចំណែក​អ្នក​​លេខ ​២ នឹង​ទទួលបាន ​១​ លាន​រៀល តែ​ពេលនេះ​កំពុង​ស្វែង​​រក​បន្ថែម​នៅឡើយ អ៊ីចឹង​បើ​មានការ​ឧបត្ថម្ភ គឺ​ជួយ​តាម​នឹង​ទៀត​»​។​

​តាម​កម្មវិធី​ប្រកួត​ពន្លក​គុន​ខ្មែរ នៅ​សប្តាហ៍​នេះ​មានការ​​ប្រកួត​សរុប​ចំនួន​ ៦​ គូ ដែល​ក្នុងនោះ មាន​គូ​ជម្រុះ​ខ្សែក្រវាត់​ចំនួន​ ២ ​គូ រវាង​កីឡាករ វី គឹម​​រៀង មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ជាមួយនឹង​កីឡាករ ឆូ​យ សុថា​ត់ មកពី​ក្លិប​សៅ​យ៉ាន់​នាគា​ខេត្ត​បន្ទាយ​មានជ័យ រួមទាំង​កីឡាករ ណា​ង សុវណ្ណ របស់​ក្លិប​កង​ចក្រ​រាជសីហ៍ ដែល​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ វង្ស ឆៃ​វ៉ាន់ មកពី​ខេត្តសៀមរាប​៕