ភ្នំពេញៈ ​​​កីឡាករ​​វ័យ​ក្មេង​ ​កាន់​ ម៉េងហុង​ របស់​ក្លិប​នាគ​រាជ​ចតុមុខ ​បាន​និង​កំពុង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឯង កាន់តែ​មាន​ភាព​លេច​ធ្លោ​ខ្លាំងឡើង ​បន្ទាប់​​ពី​ល្បី​ឈ្មោះ​ជា​លើកដំបូង ក្រោយ​ឈ្នះ​មេដាយមាស លើ​ការ​ប្រកួត​​ជម្រើស​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២០ ​ក្នុង​ប្រភេទ​ទម្ងន់​ ៥១​ គីឡូក្រាម ​ដោយ​ធ្វើ​ឱ្យ​កីឡាករ​ឆ្នើម ​ខេម ​ចាន់ ​មក​ពី​ក្លិប​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ដែលជា​​ជើង​ខ្លាំង​​ ចាញ់នៅវគ្គ​ផ្តាច់​ព្រ័ត្រ​។

កីឡាករ​ប្រដាល់​គុន​ខ្មែរ កាន់ ម៉េងហុង ​ជា​កូន​កសិករមាន​ជីវភាព​ក្រី​ក្រ​មួយ ស្ថិត​នៅ​ភូមិ​ប៉ារ៉ុង ​ឃុំ​ប៉ារ៉ុង ​ស្រុក​ល្វា​ឯម ​ខេត្ត​កណ្តាល​។ ប៉ុន្តែ​​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ​ក្នុង​រយៈ​ពេល​ខ្លី​ ម៉េងហុង ​បាន​​ប្រែ​​​ខ្លួន​​លឿន​បំផុត​ ដោយ​​ឈ្នះ​ការ​ប្រកួត​ជម្រើសជើងឯក​ថ្នាក់ជាតិ ​ឆ្នាំ​ ២០២០​ និង​ដណ្តើម​បាន​ឱកាស​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរក្នុងឆ្នាំ​ ២០២១ ​នេះ​។​

តាម​ស្ថិតិ​ផ្លូវ​ការ កីឡាករកើត​នៅ​ថ្ងៃ​ ១២ ​ខែ ​មិថុនា​ ឆ្នាំ​ ២០០២​ កាន់ ម៉េងហុង មាន​កម្ពស់​ ១,៦៥ ម៉ែត្រ​ ធ្លាប់​ប្រ​កួត​បាន ​៦៧ លើក ​ឈ្នះ​ ៤៥​ ចាញ់​ ១២ និង​​ស្មើ​ ១០​ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ចំនួន ​១៥​លើក​។​​

លោក​ ហួរ​ ប៉េង​លាភ​ អ្នកមើល​ការ​ខុស​ត្រូវក្នុង​ក្លិប​នាគរាជ​ចតុមុខបាន​​និយាយ​ថា​៖​ «សិស្ស​ឆ្នើម​វ័យ​ក្មេង​បំផុត ​មាន ​២ ​រូប ​ដែល​សុទ្ធ​តែ​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​​ គឺ​កីឡាករ​ រិន ​ដាវីត ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូ​ក្រាម​ ជា​សិស្ស​ច្បង ​និង ​កាន់ ​ម៉េង​ហុង ​នេះ​ តាម​ពី​ក្រោយ ដោយ​​ជាប់​​ជម្រើសជាតិ​ ក្នុង​ប្រភេទ​ទម្ងន់ ​៥១​ គីឡូក្រាម​ ប៉ុន្តែ​បើ​និយាយ​ពី​បច្ចេកទេស​បច្ចុប្បន្ន​នេះ​ កាន់​ ម៉េង​ហុង ​ដើរ​ជិត​ទាន់​សិស្ស​ច្បង​ ​រិន ​ដាវីត ​ហើយ​»។​

សម្រាប់ការ​ប្រ​កួត​៣​លើកចុង​ក្រោយ​ កន្លង​មក​នេះ ​​កាន់ ​ម៉េង​ហុង ​ធ្វើ​បាន​ល្អ​បំផុត ដោយឈ្នះ​ទាំង​អស់​ ​និង​រក​ប្រាក់បាន​ទាំង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន ​សរុប​​​ ១ ២៥០ ​ដុល្លារ ​សម្រាប់​ជួយ​គ្រួសារ​។ ចំពោះ​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​​នេះ ម៉េងហុង ​បាន​​ឈ្នះ​កីឡាករ ​យ៉ន ​ពិសី​ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា រួច​​បន្ត​​ឈ្នះ​ ពេជ្រ​ ប៊ុនសិដ្ឋ ​​មក​ពី​​​ក្លិប​ចលនា​​យុវជន ​១៥៧​ និង​ លើក​ទី​៣ ​ឈ្នះ​ ធន់ ​ស៊ីហុង​ មក​ពី​សមាគម​ប្រ​ដាល់​កង​យោធ​ពល​ខេមរភូមិន្ទ​។​

លោក​ ហួរ ​ប៉េង​លាភ​ ​បាន​បញ្ជាក់​​ថា​៖ «​បើ​សរុប​ទាំង​តម្លៃ​ខ្លួន​ និង​ប្រាក់​លាន ​ដែល កាន់ ម៉េងហុង ​ទទួល​បានពេល-​ប្រកួត​ ​នៅ​សង្វៀន​ CNC​ សរុប​ទៅ​ ១ ​២៥០ ​ដុល្លារ​ ចំណែក​ការរស់​នៅ​ ហូប​ចុក​ និងការ​​ហ្វឹក​ហាត់​ កីឡាករ​ ម៉េងហុង មាន​ចរិត ​និង​សីលធម៌​រស់​នៅ​ល្អ​ណាស់​»។

​បើ​រំឭក​​ពី​ប្រ​វត្តិ​ប្រកួត​កន្លង​មក​ កាន់​ ម៉េងហុង​ ជា​កីឡាករ​ចំណូល​ថ្មី​ និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ រូប​គេ​មាន​ប្រវត្តិ​ឈ្នះ​ ហ៊ឹម ​សេរី​ ធ្លាប់​ស្មើ​ជា​មួយ​កីឡាករ​សែន​ រ៉ាដេត​ នៅ​ Mas Fight​ និង​ឈ្នះ​ យ៉ន​ ពិសី​ ឈ្នះ​ ពេជ្រ​ ប៊ុនសិដ្ឋ​​ និង​ឈ្នះ​ ធន់ ​ស៊ីហុង​ ថ្មីៗ​នេះ ​នៅ​សង្វៀន​ CNC​។​ សម្រាប់​អនាគត ​កាន់ ​ម៉េង​ហុង បាន​​បញ្ជាក់​តាម​រយៈ​គ្រូ​បង្វឹក​ថា រូប​គេ​​ចង់​ចូល​រួម​ប្រ​កួត​អន្តរជាតិ​ និង​ចង់​ជាប់​ជា​មន្ត្រី​ប៉ូលិស​ដូច​បងៗ​ជំនាន់​មុន​ផង​ដែរ​៕​