ភ្នំពេញ​: ស្របពេល​ការ​​ប្រកួតប្រជែង​យកពាន​លី​គ​កំពូល​កម្ពុជា ឆ្នាំ ​២០២១ រវាង​ក្រុម​ឈរ​នៅ​តំបន់​កំពូល​តារាង​ទាំង​ ៨ (Top8) កំពុងមាន​ភាព​ស្រួចស្រាល់ និង​តានតឹង​ខ្លាំង​នោះ ក្រុម​វិសាខា បែរជា​បញ្ចេញ​នូវ​ព័ត៌មាន​ដ៏​រសើប​មួយ ដោយ​ក្លិប​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន​ព្រី​នស៍​មួយ​នេះ បានប្រកាស​បញ្ចប់​តួនាទី​របស់​គ្រូ​បង្គោល លោក Curtis Colum Gerard និង​តែងតាំង​លោក Akeeb Tunji Ayoyinka ជា​គ្រូ​បង្គោល​ស្តីទី សម្រាប់​ដឹកនាំ​ក្រុម​បន្តដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​ការតែងតាំង​គ្រូ​ជំនួយ លោក Akeeb Tunji Ayoyinka ជា​គ្រូ​បង្គោល​ស្ដីទី ដើម្បី​ដឹកនាំ​គ្រប់ការ​ប្រកួត​សេសសល់ ក្នុង​រដូវ​កាល​ឆ្នាំ ​២០២១ ទាំង​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ ឆ្នាំ ​២០២១ នេះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ចន្ទ ក្រោយពេល​វិសាខា បានប្រកាស​ចែក​ផ្លូវ​ជាមួយ​គ្រូបង្វឹក​អៀរ​ឡង់ លោក Curtis Colum Gerard កាលពី​ថ្ងៃអាទិត្យ​។​

​យ៉ាងណាក៏ដោយ ការបញ្ចប់​តួនាទី​គ្រូ​បង្គោល លោក Curtis Colum Gerard នៅមុន​បញ្ចប់​រដូវ​កាល​នេះ បានធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​អ្នក​គាំទ្រ​ក្រុម​វិសាខាផ្ទាល់ មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​កើតជា​ចម្ងល់ ខណៈ​លោក Colum កំពុង​ដឹកនាំ​ក្រុម​បានល្អ ឈានទៅរក​ការ​ប្រជែង​យកពាន​ហើយ​នោះ ហើយ​គ្រូបង្វឹក​រូបនេះ ក៏បាន​ជួយ​ឱ្យ វិសាខា ឈ្នះ​ពាន​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ ​២០២០ ផងដែរ​។​

​តែ​ទោះបីជា​យ៉ាងណា ក្លិប​វិសាខាមិនបាន​បញ្ជាក់​ច្រើន​ទេ ចំពោះ​ការចែក​ផ្លូវ​ជាមួយ​លោក Curtis Colum Gerard នេះ ដោយ​ក្លិប​មួយ​នេះ បាន​ត្រឹម​បង្ហោះ​ព័ត៌មានជារួម​ថា​៖ «​ពួកយើង​ទាំងអស់គ្នា សូម​អរគុណ​លោកគ្រូ Curtis Colum Gerard សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លិប​របស់​យើង​កន្លងមក​។ តាងនាម​ឱ្យ​គ្រួសារ​បាល់ទាត់ វិសាខា សូម​ជូនពរ​លោកគ្រូ Colum ជួបតែ​សំណាងល្អ និង​ទទួលបាន​ជោគជ័យ ក្នុង​អាជីព នា​ថ្ងៃ​អនាគត​»​។​

​គួរ​បញ្ជាក់ថា ក្រោម​ការ​ដឹកនាំ​របស់លោក Colum ក្រុម​វិសាខា បានបញ្ចប់​ការ​​ប្រកួត​ជើង​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា ដោយ​មិន​ស្គាល់​ការ​ចាញ់​សោះ មុនពេល​ពួកគេ មក​ចាញ់​ក្រុម​បឹងកេត ២-១ វិញ ក្នុង​ជើង​ទី​២ កាលពីពេល​ថ្មីៗ​នេះ ដែល​ធ្វើឱ្យ​ការប្រកួត​ទាំង​ ១៤ ​លើក​របស់ វិសាខា មាន​លទ្ធផល​ឈ្នះ ៩ ស្មើ ៤ ចាញ់ ១​ ប្រកួត និង​កំពុង​ឈរ​នៅ​លេខ ៤ មាន ៣១​ ពិន្ទុ​។​

​ជាមួយគ្នានេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រុម​ភ្នំពេញ​ក្រោ​ន និង​បឹងកេត សុទ្ធតែ​ទទួលបាន​ជ័យជម្នះ សម្រាប់​ការប្រកួត​លើក​ទី​១៥ របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ ដោយ​ក្នុងនោះ ស្វាយរៀង បានឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) ៣-១ និង ភ្នំពេញ​ក្រោ​ន បានឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៣-០ ដើម្បី​បន្ត​មាន ​៣៤ ​ពិន្ទុ​ស្មើគ្នា ហើយ បឹងកេត បាន​យកឈ្នះ​ក្រុម​គិរីវង់ ៣-២ ដើម្បី​ឈរ​នៅ​លេខ​ ៣ មាន​ ៣៣​ ពិន្ទុ​។​

​យោងតាម​លទ្ធផល​នេះ បង្ហាញថា ការប្រកួតប្រជែង​យកពាន រវាង​ក្រុម​ស្វាយរៀង ភ្នំពេញ​ក្រោ​ន បឹងកេត និង​វិសាខា កាន់តែ​មាន​ភាព​តាន​​តឹង​ខ្លាំង ខណៈ​ណាហ្គា​វើ​លដ៍ ដែលមាន ២៨​ ពិន្ទុ នៅមាន​ឱកាស​តិចតួច ប៉ុន្តែ​ក្រុម​មាន ២២ ​ពិន្ទុ ទ័ព និង​អង្គ​រថា​យ​ហ្គឺ​រ ដែលមាន ២១ ​ពិន្ទុ ជាពិសេស​ក្រុម​គិ​រិ​វង់​សុខ​សែន​ជ័យ ដែលមាន​ត្រឹម​ ១៣​ ពិន្ទុ លែងមាន​ឱកាស ក្នុងការ​ប្រជែង​យកពាន​ទៀតហើយ​៕​