The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៊ុ​យ សុ​ភ័​ណ្ឌ​ថា ការប្រកួត​ប្រដាល់​គូ​ស្ត្រី ទាក់ទាញ​ខ្លាំង​

ប៊ុ​យ សុ​ភ័​ណ្ឌ​ថា ការប្រកួត​ប្រដាល់​គូ​ស្ត្រី ទាក់ទាញ​ខ្លាំង​

Content image - Phnom Penh Post
កីឡាការិនី ស្រីពៅ (ឆ្វេង) ប្តូរកណ្តាប់ដៃជាមួយ ស្រីស្រស់ កាលពីថ្ងៃអាទិត្យ។ រូប សហការី

ប៊ុ​យ សុ​ភ័​ណ្ឌ​ថា ការប្រកួត​ប្រដាល់​គូ​ស្ត្រី ទាក់ទាញ​ខ្លាំង​

ភ្នំពេញ​: អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក ប៊ុ​យ សុ​ភ័​ណ្ឌ ចាត់ទុក​លទ្ធផល​ដែល​ទទួលបាន​ពី​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី​២ នៃ​ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 កាលពី​ថ្ងៃអាទិត្យថា ទទួលបាន​ជោគជ័យ គឺ​ល្អ​ប្រសើរ​ទាំង​ការផ្គូផ្គង និង​ការ​ប្រកួត ហើយ​មានការ​គាំទ្រ​ពី​មហាជន​ទ្វេដង ដែល​រំពឹងថា នឹង​ឈានទៅ​មាន​ទីផ្សារ​ល្អ​ក្នុងពេល​ខាងមុខ​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​និយាយថា​៖ «​ការប្រកួត​ពី​ ១ ​សប្ដាហ៍ ទៅ ​១ ​សប្ដាហ៍ ​គឺ​កាន់​​តែ​ប្រសើរ ដោយសារ​ការផ្គូផ្គង បច្ចេកទេស សហព័ន្ធ ធ្វើឡើងដោយ​ប្រុងប្រយ័ត្ន ពិសេស​ទាំង​កីឡាករ កីឡាការិនី ត្រូវតែមាន​សមត្ថភាព​ប្រហែល​គ្នា បទ​ពិសោធ​ប្រហែល​គ្នា និង​ទឹកចិត្ត​ឆ្នើម​ដូចគ្នា រីឯ​កម្ពស់​ក៏​ប្រហែល​គ្នា ស្របតាម​គោលការណ៍ អ៊ីចឹង​ការប្រកួត​គឺ​ល្អមើល​»​។​

​កាលពី​ថ្ងៃអាទិត្យ ការជួបគ្នា​រវាង​កីឡាការិនី នូវ ស្រី​ពៅ មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជា​ជម្រើសជាតិ​ឃី​ក​បុក​ស៊ី​ង និង​កីឡាការិនី វី ស្រី​ស្រស់ របស់​ក្លិប​កីឡា​ជម្រើសជាតិ​ប្រដាល់សកល ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គ​.​ក នោះ ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង ដោយ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បញ្ជាក់ថា មាន​អ្នក​ចូល​ទស្សនាតាម​ការផ្សាយ​ផ្ទាល់​កើនឡើង​ខ្លាំង​ជាង​ការប្រកួត​ប្រដាល់​គូ​ឯក​ជា​បុរស​ទៅទៀត​។​

​ប្រធាន​រៀបចំ​ការប្រកួត Ultimate Boxing Championship 2021 លោក សុ​ភ័​ណ្ឌ​បញ្ជាក់ថា កម្មវិធី​នឹង​បន្ត​ការ​ប្រកួត ​១ ​ទៀត ដោយ​សហព័ន្ធ​គម្រោង​ដាក់​កីឡាករ​ជម្រើស​​ជាតិ​ឆ្នើមៗ​ចំនួន​ ៤ ​រូប ឱ្យ​ដណ្តើម​ប្រា​ក់លាន តែ​សុំ​មិនទាន់​បញ្ចេញ​ឈ្មោះ​កីឡាករ​ទេ ខណៈ​ការប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ អ្នកឈ្នះ​នឹង​បាន ៣​ លាន​រៀល និង​អ្នក​លេខ ​២ បាន ១ ​លាន​រៀល​។​

​កីឡាការិនី វី ស្រី​ស្រស់ បាន​និយាយថា​៖ «​ខ្ញុំ​នៅ​ចង់​ប្រកួត​ជាមួយ​បង ស្រី​ពៅ បន្តទៀត ព្រោះ​ប៉ះ​គាត់​មាន​បទពិសោធ​ល្អ​ណាស់​។ ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ​គាត់ ៤​ លើក ដោយ​ចាញ់​៣​លើក និង​ស្មើ ​១ ​ដង លើក​នេះ​»​។ ខ្ញុំ​ចង់​ប្រកួត​ប្រដាល់សកល​ឱ្យបាន​ច្រើន ចំណែក​ការប្រកួត​ប្រដាល់​គុន​ខ្មែរ សូម​ដាក់​ពួក​ខ្ញុំ ជា​កីឡាការិនី​ឱ្យបាន​ប្រកួត​យូរៗ​ម្តង​ផង​»​។​

​ចំពោះ​លទ្ធផល​គូ​ឯក​វិញ កីឡាករ​ជម្រើសជាតិ ទូច ដេវីដ យកឈ្នះ​កីឡាករ​មិនសូវ​ល្បី ខុន ឌី​ណា មកពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ (​ទម្ងន់ ៦០ ​គ​.​ក​)​។ គូ​ពិសេស កីឡាករ​ជម្រើស​ជាតិ អំ ខេ​ម ឈ្នះ ឈុន ប្រាក់​កាក់ ដោយ​ពិន្ទុ (​ទម្ងន់ ​៤៩ ​គ​.​ក​)​។​

ប្រភេទ​ទម្ងន់ ​៥២ ​គ​.​ក ឈិន សីហា ក្លិប​សាល​វ័​ន្ដ​កីឡា ចាញ់ ផល ស៊ី​ឡុង ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​។ វុទ្ធី ពិសី ក្លិប​នាគ​មានជ័យ ឈ្នះ រុំ ធារ៉ា ក្លិប​អា​រុណ​កីឡា ដោយ​ពិន្ទុ ក្នុង​ប្រភេទ​ទម្ងន់ ​៦៤ ​គ​.​ក​។ អ្នក​ប្រដាល់ លីន គឹម​ង៉ែត ក្លិប​បូរី​​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ធន ឈៀង​រ៉ា​ន់ ក្លិប​​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​៕

អត្ថបទគួរចាប់អារម្មណ៍