ក្រុង​ម៉ាឌ្រីដ​: គ្មាន​ប្រទេស​ណា ក្នុង​លោក ដែល​រក​លុយ​បាន​ច្រើន​ពី​ការ​លក់​ដូរ​កីឡាករនោះ​ឡើយ នៅ​ទសវត្សរ៍ចុង​ក្រោយ​នេះ ខណៈ​ប្រទេស​ព័រទុយហ្គាល់ ដែល​នៅ​តែ​ជា​មជ្ឈមណ្ឌល​ដ៏សំ​ខាន់​របស់​កំពូល​ភ្នាក់​ងារ លោក Jorge Mendes កំពុង​ប្រឹង​ប្រែងកែ​ប្រែ​​ប្រាក់​ចំណូល​ដ៏​មហាសាល​ទាំង​នោះឱ្យ​ក្លាយ​ទៅ​ជា​ជោគ​ជ័យ​នៅ​លើ​ទីលាន​។

បើ​យោង​តាម​របាយ​ការ​ណ៍​របស់​សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA) ដែល​ចេញ​ កាល​ពី​ខែ​មុន​ ដើម្បី​ប្រារព្ធ​ខួប​ ១០​ឆ្នាំ​នៃ​ប្រព័ន្ធ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ដូរ​កីឡាករ (TMS) ជា​ផ្លេត​ហ្វម ដែល​ត្រូ​វបាន​បង្កើត​ឡើង ដើម្បី​កត់​ត្រា​ការ​ទិញ​ដូរ​កីឡាករនោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្លិប​នៅ​ប្រទេស​ព័រទុយហ្គាល់​មាន​តុល្យភាព​ទីផ្សារទិញ​ដូរ​កីឡាករ​ជា​វិជ្ជមាន ក្នុង​រង្វង់​ប្រមាណ​ជា ២,៥ពាន់​លាន​អឺរ៉ូ​ ($​២,៩ពាន់​លាន)​។

ក្នុង​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ ប្រមាណ​ជា ១៥​ភាគ​រយ​នៃ​ការ​ដោះ​ដូរ​កីឡាករ​ដ៏​ថ្លៃ​បំផុត​ ក្នុង​ពិភពលោក មក​ពី​ក្រុម​នៅ​លីគ​ព័រទុយហ្គាល់​ ដែល​រដូវកាល​នេះ មាន​ ៣ក្រុម​ លេង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Champions League ជា​លើក​ដំបូង គិត​តាំង​ពីឆ្នាំ​២០១៧ មក តែ​មិន​ធ្លាប់​ក្លាយ​ជា​ជើង​ឯក​ឡើយ តាំង​ពី​ក្រុម Porto ឈ្នះ​ពាន​រង្វាន់​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho កាល​ពី​ឆ្នាំ ​២០០៤​។

«​ចំនួន ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ដូរ​កីឡាករ​ទាំង​នេះ អាច​ត្រូវ​បានពន្យល់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​តួនាទី​របស់​ប្រទេស​ព័រទុយហ្គាល់​ថា ជាស្ពាន​មួយ​ ដើម្បី​តភ្ជាប់​រវាង​លីគ​នៅ​អាមេរិក​ឡាទីន និង​អឺរ៉ុប​»​។ ​លោក Loic Ravenel ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​របស់​​ CIES Football Observatory បាន​ប្រាប់​មក​កាន់ AFP​។

របាយ​ការណ៍​របស់ FIFA បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ប្រេស៊ីល​មក​កាន់​ព័រទុយហ្គាល់​ គឺ​មាន​ចំនួន​ច្រើន​បំផុត ក្នុង​លោក នៅ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ សម្រាប់​ការ​ផ្ទេរ​កីឡាករ​រវាង​ក្លិបនានា ដោយ​កីឡាករ ១៥៥០​នាក់ ចាក​ចេញ​មក​អឺរ៉ុប ដោយ​ឆ្លង​កាត់​​ព័រទុយហ្គាល់​ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ត្រឹម ១០លាន​នាក់​។​​

តួយ៉ាង​ដូច​កីឡាករ​អន្តរជាតិប្រេស៊ីល Eder Militao ដែល​ត្រូវ​បាន​ក្រុម Porto ទិញ​ពី​ក្រុម​នៅ​ប្រេស៊ីល Sao Paolo កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ ៧លាន​អឺរ៉ូ ($៨លាន​) ហើយ​ក្នុង​រយៈ​ពេល​មិន​ដល់ ១ឆ្នាំ​ផង​ ​ត្រូវ​បាន​លក់​ឱ្យ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ក្នុង​តម្លៃ ៥០លាន​​អឺរ៉ូ ($៥៨លាន) វា​បាន​បង្ហាញ​ឱ្យ​ឃើ​ញ​យ៉ាង​ច្បាស់​ថា តើ​អាជីវកម្មនេះ កាក់​កប​យ៉ាង​ដូច​ម្ដេច​?​

លោក Mendes ដែល​អាច​​ជា​ភ្នាក់​ងារ​ក្នុង​វិស័យ​បាល់​ទាត់​​ដ៏​មាន​ឥទ្ធិពល​បំផុត ក្នុង​លោក ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់ សម្រាប់​ការ​រក​បាន​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​កិច្ចសន្យា​ធំ​ៗ​រវាង​​ក្លិប​នៅ​ប្រទេស​ព័រទុយហ្គាល់ និង​ក្លិប​គ្រាក់​ៗ​ផ្សេង​ទៀត​ នៅ​អឺរ៉ុប​។​

ក្នុង​ចន្លោះ​ឆ្នាំ​២០១១​ និង​ឆ្នាំ​២០២០ ភ្នាក់​ងាររបស់​ប្រទេស​​ព័រទុយហ្គាល់​ រក​ចំណូល​បាន ៣២០លាន​អឺរ៉ូ ($​៣៧៤លាន) ពី​ការ​ផ្ទេរ​កីឡាករ​ ដែល​ធ្វើ​ឱ្យ​ព័រទុយហ្គាល់​ កា្លយ​ជា​ប្រទេស​ទី ៤ ក្នុង​លោក សម្រាប់​ការ​បាន​ប្រាក់ពី​ឈ្មួញ​កណ្ដាល​។

«​វត្តមាន​របស់​ភ្នាក់​ងារ កំពុង​កើតមាន​កាន់​តែ​ច្រើន​ឡើង​ៗ នៅព័៥ឮរទុយហ្គាល់​»​។ នេះ​ជា​ប្រសាសន៍​របស់​ស្ថាបនិក​របស់សម្ព័ន្ធ​ភាព​ដើម្បី​សុចរិតភាព ក្នុង​វិស័យ​កីឡា (SIGA) លោក Emanuel Medeiros ដែល​កំពុង​បារម្ភពី​ការ​កើន​ឥទ្ធិពល​លើ​កីឡាករ ដែល​ពេ​ល​ខ្លះ នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​អាជីព និង​ក្មេង​ខ្ចី​នៅ​ឡើយ​៕​​ AFP/VN