ភ្នំពេញ៖ គណៈកម្មការ CAMSOC បានប្រជុំអនុម័តសម្រេច កាលពីព្រឹកថ្ងៃអង្គារ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ប្រធាន NOCC និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បី ពិនិត្យសម្រេចទៅលើប្រធានបទធំៗចំនួន៣ គឺទី ១ ត្រួតពិនិត្យវាយតម្លៃទីលានប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទី ២ រៀបចំសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោ នៅខែវិច្ឆិកា និងទី ៣ រៀបចំការប្រកួតកីឡាទូកក្តោងអាស៊ីគ្នេយ៍ នៅខេត្តព្រះសីហនុ។
ក្រោយកិច្ចប្រជុំបានបញ្ចប់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«គណៈកម្មការ CAMSOC បានត្រួតពិនិត្យវាយតម្លៃ ទៅលើគណៈកម្មការទីលាន ដែលក្នុងនោះ ឯកឧត្តម ជា បូរ៉ា ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការទីលាន បានធ្វើបទបង្ហាញ នូវសក្តានុពលទីលាន សម្រាប់រៀបចំការប្រកួត មានចំនួន ៦ តំបន់ធំៗ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប កំពត កែប និងខេត្តកំពង់ស្ពឺ ដែលនឹងមានចែកជាផ្នែកៗបន្តទៀត ដូចជាទីលានប្រណាំងសេះ នៅតំបន់ទេសចរណ៍គីរីរម្យ ផងដែរ»។
លោកបានបន្តថា ទោះជាយ៉ាងណា ទីលាន ដែលច្រើនចំផុត គឺរាជធានីភ្នំពេញ ដែលត្រូវបម្រើការប្រកួត ជាង ៣០ ប្រភេតកីឡា ចំណែកតាមបណ្តាខេត្ត មានត្រឹម ១ ឬ ២ ប្រភេទកីឡាប៉ុណ្ណោះ។ សម្រាប់បញ្ហាទីលាននេះ យើងសម្រេចគ្រោងនឹងបញ្ចប់ត្រឹមឆមាសទី ២ នេះ ហើយត្រូវបានលម្អិត ដោយត្រួតពិនិត្យវាយតម្លៃសរុប ដើម្បីលើកគម្រោងចំណាយថាតើ ធ្វើអ្វីមុន ធ្វើអ្វីបន្ទាប់និងធ្វើអ្វីបញ្ចប់ ពោលគឺសម្រាប់ឆ្នាំ២០២១ កំណត់ទីលានរួចជាស្រេច តាមផែនការតែម្តង។
ចំណែកខ្លឹមសារទី២ លោត វ៉ាត់ ចំរើន ថា CAMSOC នឹងរៀបចំពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្នុងនោះ នឹងមានរៀបចំការប្រកួតប្រភេទកីឡាណា ដែលជាការឆ្លុះបញ្ចាំង នូវមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការសម្តែងជាសិល្បៈវប្បធម៌ ប្រពៃណីកម្ពុជា-ចិន ផងដែរ ហើយនេះជាកិច្ចការមមាញឹក និងបន្ទាន់ ដែលត្រូវអនុម័ត។
ចំណែកខ្លឹមសារទី៣ CAMSOC លើកទឹកចិត្ត និងបង្កឱ្យមានការប្រកួតកីឡាទូកក្តោងកម្រិតអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃ ១២ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពរបស់កីឡាករកម្ពុជា ដែលមានប្រទេសចំនួន ៧ ហើយ នឹងចូលរួមប្រកួត ខណៈព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រពីប្រទេសសិង្ហបុរី។
ចំណែក លោក ថោង ខុន បានថ្លែងថា៖ «សកម្មភាពរបស់គណៈអចិន្ត្រៃយ៍ CAMSOCសហការជាមួយគណៈកម្មការជំនាញ ដើម្បីធ្វើឱ្យការងាររលូន តាមផែនការមេ ដែលរាជរដ្ឋាភិបាលអនុម័ត តាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយទោះបីស្ថានភាពបញ្ហាកូវីដ១៩ មករារាំង ជាឧបសគ្គក៏ដោយ គឺយើងនៅតែបន្តសកម្មភាពបានល្អប្រសើរ»។
លោកបានបន្ថែមថា៖ «សកម្មភាពរបស់ CAMSOC នៅតែបន្តបានយ៉ាងរលូន ហើយចុងឆ្នាំ២០២២ អ្វីៗនឹងរួចស្រេចជាស្ថាពរ ដោយរង់ចាំតែគណៈកម្មការស៊ីហ្គេម អញ្ជើញមកបើកការប្រកួតតែម្តង។ សកម្មភាពរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា និង CAMSOC នេះធ្វើឱ្យមានការកោតសរសើរ ពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៃសកម្មភាពរៀបចំត្រៀមបានល្អ ជាពិសេសថ្មីៗនេះ បានសម្រិតសម្រាំងនូវពុហុកីឡាដ្ឋានទំនើបមរតកតេជោ ដើម្បីបម្រើការប្រកួតលំដាប់អន្តរជាតិ ស៊ីហ្គេមខាងមុខ»៕