​ភ្នំពេញ​: សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​សម្រិតសម្រាំង​រួចហើយ​នូវ​ជើង​ខ្លាំង​ជម្រើសជាតិ​ចំនួន​ ៤ ​នាក់ ដើម្បី​ដាក់ឱ្យ​ប្រកួត​ជើងឯក​ប្រា​ក់លាន នៅក្នុង​ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ហើយ​ជើងឯក​ប្រា​ក់លាន ក្នុង​ប្រភេទ​ទម្ងន់ ​៦៣,៥ ​គ​.​ក ប្រជែង​យកប្រាក់​ចំនួន ៣​ លាន​រៀល​ គឺ​ចំណាយពេល​តែ ២​ សប្តាហ៍​ប៉ុណ្ណោះ​។ នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​សហព័ន្ធបាន​ប្រឹងប្រែង​ឱ្យមាន​សកម្ម​ភាពល្អ មុននឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មកដល់​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នេះ ប្រាប់ថា​៖ «​ប្រដាល់សកល ត្រៀម​រួចហើយ នូវ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​រង្វាន់​ប្រា​ក់លាន ដើម្បី​សម្រួចសម្រាំង​នូវ​កម្លាំង ព្រមទាំង​បច្ចេកទេស​របស់​កីឡាករ​ក្នុង​ទម្ងន់ ​៦៣,៥ ​គ​.​ក ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នានា ជាពិសេស​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀត​​ណា​ម និង​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា​»​។​

​តាម​កម្មវិធី គឺ​ការប្រកួត​ជើងឯក​ប្រា​ក់លាន​នេះ មាន​ ២ ​សប្តាហ៍ គឺ​លើក​ទី​១ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១០ ខែតុលា និង​លើក​​ទី​២ នៅ​ថ្ងៃទី ​២១ ខែ វិច្ឆិកា ឆ្នាំ ​២០២១ នៅ​សង្វៀន​ប្រដាល់​នាយកដ្ឋានអង្គរក្ស​រប​ស់លោក ស៊ន អេ​លី​ត ស្ថិតនៅ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ចំពោះ​បេក្ខភាព​ទាំង ​៤ ​នាក់ បាន​ត្រៀម​រួចជាស្រេច សម្រាប់​ការប្រកួត​នេះ​ត្រូវបាន​លោក ប៊ុ​យ សោ​ភ័​ណ្ឌ ប្រាប់ថា ជា​កីឡាករក្នុង​ក្រុម​ជម្រើសជាតិតែម្តង ក្នុងនោះ​មាន​កីឡាករ សែត សារីត​, ទូច ដេវីដ​, វី ស​ម្ភ​ស្ស និង ម៉ាង ព្រហ្ម​ម៉ាញ ដោយ​អ្នក​ទាំង ​៤ ​នេះ ត្រូវ​ប្រកួត​ជម្រុះ រួច​យក​អ្នកឈ្នះ ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​អ្នក​លេខ ​១ នឹង​ទទួលបាន​ប្រាក់ ៣ ​លាន​រៀល និង​អ្នក​លេខ ​២ ទទួលបាន ១ ​លាន​រៀល​។​

​សម្រាប់​ការ​កៀរគរ និង​ស្វះ​​ស្វែង​រកបាន​ថវិកា​ពី​វិស័យ​ឯក​ជន ដើម្បី​រៀបចំ​បន្ថែម​ឱ្យមាន​ការប្រកួត​ជើងឯក​ប្រាក់​លាន​ប្រដាល់សកល​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ដែល​ធ្វើឡើង បាន​ ២ ​លើក​មកហើយ​នោះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា​៖ «​ចំនួន​ទឹកប្រាក់​​រង្វាន់​នេះ ទោះបី​មាន​ចំនួន​តិចតួច មិនបាន​ច្រើន​ដូច​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម និង​ឈានទៅ​បន្តបន្ទាប់ ដើម្បី​មាន​ទីផ្សារ​ប្រកួត​ទូលំទូលាយ​ដូច​ប្រដាល់​គុន​ខ្មែរ​»​។​

​តាម​ប្រវត្តិ​ប្រកួត​របស់​បេ​ក្ខ​​ជន​ទាំង ៤ ​នាក់​នេះ កីឡាករ​មាន​កម្ពស់ ១,៧០ ម៉ែត្រ សែត សា​រឹត ធ្លាប់​ប្រកួត ២៥​ ដង ឈ្នះ​ ១៧ ចាញ់​ ៥ ស្មើ ៣ ​ដង ហើយ​ធ្លាប់​ឈ្នះ​មេដាយប្រាក់​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៩ ចំណែក វី ស​ម្ភ​ស្ស មាន​កម្ពស់​ ១,៧៣​ ម៉ែត្រ ធ្លាប់​ប្រកួត ៣៧​ ដង ឈ្នះ​ ៣៣ ចាញ់​ ៣ ស្មើ ​១ ​ដង ក្នុង​នោះគេ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត CHINA-ASEAN Boxing Championship 2019​។​

​ចំណែក ទូច ដេវីដ កម្ពស់​ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត ​៣២ ​ដង ឈ្នះ​ ២៧ ​ដង ចាញ់​ ៥ ​ដង ហើយ​គេ​ធ្លាប់​ឈ្នះ​មេដាយប្រាក់​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២០​។ ចំពោះ ម៉ាង ព្រហ្ម​ម៉ាញ មាន​កម្ពស់​ ១.៧២ ​ម៉ែត្រ ធ្លាប់​ប្រកួត​ ១១​ ដង ឈ្នះ ​១០ ស្មើ ​១ ​ដង និង​ធ្លាប់​ឈ្នះ​មេដាយមាស​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២០​។ ព្រហ្ម​ម៉ាញ មាន​បទពិសោធ​តិចជាងគេ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹង​ខ្ពស់​ជាងគេ​ថា មានលទ្ធភាព​ដណ្តើមបាន​ប្រាក់​លាន​នេះ​៕