ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​រៀប​ចំ​វគ្គ​សិក្សា​សាមគ្គីអូឡាំពិក ស្តី​ពី​រដ្ឋបាល​កីឡា​ សម្រាប់​មន្ត្រីថ្នាក់ដឹកនាំ​កីឡា​ គ្រូ​អប់រំកាយ​ និង​កីឡា ​នៅ​ខេត្ត​តាកែវ​ រយៈ​ពេល ៤ ថ្ងៃ​។​ វគ្គ​សិក្សា​នេះ ​ជា​កិច្ចសហការ​រវាង​គណៈ​​កម្មការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ជា​មួយ​អង្គ​ការសាមគ្គី​អូឡាំ​ពិក​អន្តរជាតិ ​ក្នុង​មួយ​ឆ្នាំ ​យ៉ាង​ហោច​ណាស់​ ក៏បាន ​​៣ ​លើក​ដែរ​​។​

លោក វ៉ាត់ ​​ចំរើន ​អគ្គ​លេ​ខា​ធិ​ការ ​NOCC​ មាន​ប្រសាសន៍​ថា៖​ «នេះ​ជា​កម្មវិធី​បណ្តុះ​បណ្តាល​ប្រចាំ​ឆ្នាំ​ ដែល​បាន​អនុម័ត​ ដោយ​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ផ្តល់​កិច្ច​សហការ​ពី​ក្រសួងអប់រំ ​យុវជន និង​​កីឡា ​ព្រម​ទាង​គាំ​ទ្រ​ ដោយ​អង្គ​ការ​សាមគ្គី​អូ​ឡាំ​ពិក​អន្តរជាតិ​»។

«​វគ្គ​នេះ​ មានសារៈ​សំខាន់ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​រដ្ឋបាល​កីឡា​ និង​ការ​ផលិត​ធន​ធាន​មនុស្ស​ ពិសេស​គ្រូ​អប់​រំកាយ​ និង​កីឡា​ តាម​ការិយាល័យ​អប់​រំ​ស្រុក​ និង​តាម​វិទ្យាល័យ​អនុ​វិទ្យាល័យ​ ចំណុះ​ឱ្យ​​មន្ទីរ​អប់​រំ ​យុវជន ​និង​កីឡា​ខេត្ត ​​ក៏ដូច​ជា​បាន​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ ២០២៣​ ដើម្បី​ជូន​ឱ្យ​​​ដល់​សិក្ខាកាម​ទាំង​អស់​ នៅ​មូល​ដ្ឋាន​តាម​ខេត្ត»​។​

លោក ​វ៉ាត់ ចំរើន ​បាន​​បន្ត​ថា ​កម្ម​វិធី​រដ្ឋ​បាល​កីឡា​នេះ​ ជា​កម្ម​វិធី​ប្រចាំ​ឆ្នាំ ​វិល​ជុំ​ ដែល​ធ្លាប់​ផ្តល់​ជូន​កាល​ពី ​៧ ​ឆ្នាំ​មុន​ ដល់​ខេត្តតាកែវ ហើយ​ឥឡូវ​ដល់​វេន​​ម្តង​ទៀត​ ហើយ​សិក្ខាកាម ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​នេះ ​ត្រូវ​បាន​ផ្តល់​នូវ​ការ​វាយ​តម្លៃ​និទ្ទេស​ល្អ​ ល្អ​បង្គួរ​ និង​មធ្យម ​ព្រម​ទាំង​ចេញ​លិខិត​បញ្ជាក់​ពី​គណៈ​កម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ ​ផង​ដែរ ​ដើម្បី​មាន​សកម្មភាព​កីឡា​ បាន​ពេញ​លេញ​។

តាមរយៈ​ការ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ គឺ​មាន​​គ្រូ​ឧទ្ទេស​ប្រចាំ​វគ្គ​​ចំនួន ​៣ ​នាក់ ​គឺមាន​លោក​ព្រឹទ្ធ​បុរស​វេជ្ជបណ្ឌិត​ សុខ​ សារឿន ប្រធាន​គណៈ​កម្មការ​វេជ្ជសាស្ត្រ​កីឡា​ អម​គណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​លោក​ បឹង ​គឹមតោ​ ប្រធាន​នាយកដ្ឋាន​អប់រំកាយ និង​កីឡាសិស្ស​និស្សិត​ នៃ​ក្រសួងអប់រំ ​យុវជន និងកីឡា​ និង ​លោក ​វ៉ាត់ ​ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជាអគ្គលេខាធិការ ​NOCC​។​

ចំពោះ​វគ្គ​រដ្ឋបាលកីឡា​នេះ ផ្តោត​សំខាន់​ លើ​ខ្លឹម​សារ​វេជ្ជសាស្ត្រកីឡា​ ការ​ធ្វើ​ការ​ជាមួយ​អ្នក​ស្ម័គ្រចិត្ត រៀប​ចំព្រឹត្តិការណ៍ រៀប​ចំ​អង្គប្រជុំ​ ទំនាក់​ទំនង​ស្ត្រី​ និង​កីឡា ប្រវត្តិ​ចលនា​អូឡាំពិក​និង​​រចនាសម្ព័ន្ធ​អង្គការសាមគ្គីអូឡាំពិក ការលេង​កីឡា​ដោយ​យុត្តិធម៌​ ភាព​ជាអ្នកដឹកនាំ ផែន​ការកម្មវិធីហ្វឹកហាត់កីឡា និង​ផែនការ​ធ្វើដំណើរ​របស់គណៈប្រតិភូ​។

លោក ឯម​ ហៀង​ ប្រធាន​គណៈ​គ្រប់គ្រង​វគ្គសិក្សា ​NOCC បាន​បញ្ជាក់​​ថា៖​ «​នេះ​ជា​វគ្គបណ្តុះ​បណ្តាល​រដ្ឋបាល​កីឡាមួយ​ ក្នុង​ចំណោម​ ៤ វគ្គ​ នៃផែន​ការ​របស់ NOCC ប្រចាំឆ្នាំ​២០២១ ​នេះ​ និង​ជាវគ្គទី ២​ បន្ទាប់​ពី​បាន​បញ្ចប់​វគ្គលើកទី១ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ពេល​ថ្មីៗនេះ​ និង​បន្តទៅ ២ ខេត្តទៀត គឺ​ខេត្តកែ​ប និង​ខេត្ត​រតនគីរី​ ចំណែក​​វគ្គរដ្ឋបាល​កីឡា​ នៅខេត្តតា​កែវ ​នេះ​ មាន​សិក្ខាកាម​ចូលរួមចំនួន ២៥ នាក់ ដោយ​សិក្សាតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ Zoom ពី​ថ្ងៃទី​ ២៧ ហើយ​ត្រូវ​បញ្ចប់ នៅ​ថ្ងៃ​ទី ៣០ ​​ខែ​កញ្ញា នេះ៕​