ភ្នំពេញៈ អ្នក​ប្រដាល់​ជើង​​ខ្លាំង​លំដាប់​ជួរមុខ ប្រភេទ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​របស់​កម្ពុជា គឺ លន បញ្ញា របស់​សមាគម​កីឡា​​ប្រដាល់​កងយោធពល​ខេ​មរ​ភូមិន្ទ និង ឡុង សំណាង មកពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ ត្រូវ​ដាក់ឱ្យ​សងសឹក​គ្នា​ឡើងវិញ បន្ទាប់ពី​ធ្លាប់​ចាញ់ឈ្នះ​គ្នា​ជាច្រើនលើក​កន្លងមក ក្នុង​គុន​ខ្មែរ​។​

​ចំណែក​កីឡាករ Peter Trieman ជនជាតិ​អង់គ្លេស មក​ហាត់នៅ​ក្លិប​អាណាចក្រ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ខេត្ត​សៀម​រាប ត្រូវបាន​ដាក់ឱ្យ​ប្រកួតក្នុង​កម្មវិធី​ម៉ាស​ហ្វៃ ១ ​ទឹក​ចំនួន​រយៈពេល​ ៩​ នាទី ជាមួយ ឌុន រដ្ឋា នា​ល្ងាច​ថ្ងៃអាទិត្យ​នេះ នៅ​សង្វៀន​ថោ​ន ប្រភេទ​ទម្ងន់ ​៧៣ ​គីឡូក្រាម​ដូចគ្នា​។​

​តាម​ប្រវត្តិ​ជួប​ប្រកួត​គ្នា​កន្លងមក​រវាង លន បញ្ញា និង ឡុង សំណាង ធ្លាប់​ប្រកួត​គ្នា​ញឹក​​ញាប់ តែមាន​ចាញ់​មាន​ឈ្នះ​គ្នា ប៉ុន្តែ​ការប្រកួត​ចុងក្រោយកាល​ពី ​៣ ​ខែ​មុន ឡុង សំណាង ខូច​ជើង ដោយ​ស្នៀត​ទាត់​របស់ លន បញ្ញា នៅ​សង្វៀន CNC​។ តែ​ទោះយ៉ាងណា មួយរយៈ​នេះ ​លន បញ្ញា បាន​ឃ្លាត​ពីស​ង្វៀន ដោយ​បញ្ហា​សុខភាព​ផងដែរ ខណៈ​ការប្រកួត​ម៉ាស​ហ្វៃ​ ៩ ​នាទី​នេះ ពិតជា​មានឱកាស​សង​​សឹក​គ្នា ដោយ​អស់​លទ្ធភាព និង​អស់ចិត្ត​មិន​ខាន​។​

​លោក ធន់ សុភា គ្រូបង្វឹក លន បញ្ញា បាន​និយាយថា​៖ «​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​នៅតែ​សង្ឃឹមលើ​សមត្ថភាព​ល្អរ​បស់ លន បញ្ញា គឺ​ក្បាច់​ឱប​ឡើង​ជង្គង់ ដោយមាន​ប្រៀប​ជាង​តែ​​ម្តង​។ ​ជាមួយគ្នានេះ លន បញ្ញា មក​ហាត់​បាន​៣​សប្តាហ៍​ល្អ​ឡើងវិញ​ហើយ បន្ទាប់ពី​ខកខាន​ប្រហែល​៣​ខែ ហេតុនេះ​មាន​ខ្ញុំ​ទំនុកចិត្ត​ថា លន បញ្ញា នឹង​ឈ្នះ​ ៧០​ ភាគរយ​»​។​

​ចំណែក ឡុង សំណាង ដែល​ព្យាយាម​មក​សងសឹក លន បញ្ញា បាន​និយាយថា​៖ «​ខ្ញុំ​ហាត់​បានល្អ ដើម្បី​ត្រៀម​សងសឹក​យកឈ្នះ​ឱ្យបាន ហើយ​សម្រាប់​ការប្រកួត​រយៈពេល​ ៩ ​នាទី ក្នុង​ម៉ាស​ហ្វៃ​នេះ ខ្ញុំ​រំពឹង​ឈ្នះ ​៨០​ភាគរយ ព្រោះ​មានឱកាស​ច្រើន ក្នុង​ការរក​ល្បិច ដើម្បី​ផ្តួល​យកឈ្នះ​»​។​

​តាម​ប្រវត្តិ​ប្រកួត ដែល​ក្រុមបច្ចេកទេស​ផ្គូផ្គង បាន​ទៅ​សម្ភាស​ផ្ទាល់ បានឱ្យដឹងថា​កីឡាករ លន បញ្ញា មាន​កម្ពស់ ​១,៧៥​ ម៉ែត្រ ប្រកួត​បាន ​៦១ ​ដង ឈ្នះ ​៤៧ ចាញ់​ ១១ ស្មើ​ ៣ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​១៦ ​ដង រីឯ ឡុង សំណាង មាន​កម្ពស់ ១,៧០ ​ម៉ែត្រ ប្រកួត​បាន ​៨០ ​ដង ឈ្នះ ​៦៥ ចាញ់​ ១៣ ស្មើ ​២ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ​១៧ ​ដង​។​

​ដោយឡែក គូប្រកួត​ទម្ងន់​ធ្ងន់ កីឡាករ Peter Trieman ជន​​ជាតិ​អង់គ្លេស ហាត់​នៅ​ខេត្តសៀមរាប ក្នុង​ក្លិប​អាណាចក្រ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ដំបូង​ឡើង ត្រូវ​ជួប វង្ស វិឆ័យ ប៉ុន្តែ​ដោយ​បញ្ហា​ក្លិប​នេះ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក គណៈកម្មការបានដាក់​ជំនួស​ដោយ​កីឡាករ ឌុន រដ្ឋា មកពី​ក្លិប​អេ​ភូ​ថង​វិញ​។​

​កីឡាករ Peter Trieman ធ្លាប់​ប្រកួត​គុន​ចម្រុះ ហើយ​នៅក្នុង​ប្រកួត​គុន​ខ្មែរ ធ្លាប់​ប្រកួត​បាន ​១២ ​ដង ឈ្នះ ​៧ និង​ចាញ់ ​៥ ​ដង ដោយ​ចុងក្រោយ​ចាញ់​ពិន្ទុ​កីឡាករ ទេស សំខាន់ នៅ​សង្វៀន​ CNC​។​

​លោក ជា សារ៉ាក់ ជា​គ្រូបង្វឹក​ Peter Trieman និយាយថា​៖ «​គាត់​ធ្លាប់​ប្រកួត MMA និង​គុន​ខ្មែរ មាន​បទពិសោធ​តិច​ទេ ប៉ុន្តែ​កម្លាំង​គាត់​ល្អ និង​មាន​ចំណុចខ្សោយ​ផ្នែក​ក្បាច់​ឡើង​ជង្គង់ ប៉ុន្តែ​បើ​គាត់​អាច​គេច​ផុតពី​ក្បាច់​ឡើង​ជង្គង់​បាន ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៩០​ ភាគរយ​»៕