ភ្នំពេញៈ ការជួបគ្នា​រវាង​កីឡាករ​ជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា អ៊ូច ធា​រិ​ទ្ធ មកពី​ក្លិប​គុជ​សារ​មាន​រិ​ទ្ធ និង​ជើង​​ខ្លាំង ធន់ អៀន​ឡៃ របស់​សមាគម​កីឡាប្រដាល់​កង​​យោធពលខេមរភូមិន្ទ ក្នុងការ​​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ទម្ងន់ ​៥៧​ គីឡូក្រាម វគ្គ​ជម្រុះ​ ៨​ នាក់​ចុងក្រោយ នៅលើ​សង្វៀន PNN នា​ថ្ងៃអាទិត្យ​នេះ បានក្លាយ​ជាការ​ប្រកួត​ដ៏​ស្រួចស្រាល់​ព្រោះ​អ្នក​ទាំង​ ២ ​នេះ ខ្លាំង​ដូចគ្នា​សមត្ថភាព​កំពុងតែ​ល្អ​ដូចគ្នា និង​មាន​ទឹកចិត្ត​ប្រកួត​ធំ​ដូចគ្នា ដែល​លទ្ធផល​លំបាក​ទស្សន៍ទាយ​ឬ​ប៉ាន់ស្មាន​មុន​ណាស់​។​

​តាម​ប្រវត្តិ អ្នក​ប្រដាល់​ទាំង ​២ ធ្លាប់​ប្រកួត​គ្នាបាន​ម្តង ដោយ​លទ្ធផល បាន​ត្រឹម​ស្មើគ្នា​នៅលើ​សង្វៀន​ថោ​ន​។ រីឯ​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​​ក្រវាត់​នេះ គឺ​រវាង អ៊ូច ធា​រិ​ទ្ធ និង ធន់ អៀន​ឡៃ អ្នកណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ នឹងត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​អ្នកឈ្នះ​ម្នាក់ទៀត​រវាង​វ៉ាន់ រឿន និង អេ​លី​ត ចំរើន ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​​ព្រ័ត្រ ខណៈ បឺត សង្ឃឹម និង ប៊ុន សុធា កំពុង​អង្គុយចាំ​នៅ​វគ្គ​នោះ រួចជាស្រេច​។​

​ទាក់ទង​ការប្រកួត​នេះ អ៊ូច ធា​រិ​ទ្ធ បាន​ប្រាប់ថា​៖ «​ខ្ញុំ​កំពុង​ហាត់​ត្រៀម​បានល្អ និង​រក្សា​សុខភាព ដើម្បី​ប្រកួត​យក​កៅ​​អី ក្នុង​វគ្គ​ ៤​ នាក់​ចុងក្រោយ​។ ខ្ញុំ​រំពឹង​ឈ្នះ​ ៧០ ​ភាគរយ ចំណែក​បច្ចេកទេស សុំ​មិន​និយាយ​ទេ កុំ​ឱ្យគេ​ដឹង​ពី​ល្បិច​ប្រយុទ្ធ​របស់​យើង​»​។​

​អ៊ូច ធា​រិ​ទ្ធ បាន​បន្ថែមថា​៖ «​ខ្ញុំ​ធ្លាប់​ប៉ះ​ប្រកួត​គ្នា​ម្តង ក្នុង​កម្ម​វិធី​ម៉ាស​ហ្វៃ ដោយ​ទទួលបាន​លទ្ធផល​ស្មើ​។ ចំណែក​លើក​នេះ ប្រសិន​វ៉ៃ ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា គឺ​យើង​មិនសូវ​សង្ឃឹម​ទេ ព្រោះ​រឿង​ពិត​មួយទៀត នៅលើ​ខ្សែ​ធំ ឬ​បក្ខពួក អាចមាន​ឥទ្ធិពល​ធ្វើឱ្យមាន​ការប្រែប្រួល​ផងដែរ​»​។​

​ចំណែក​លោក ធី ណា​រិ​ទ្ធ ជា​គ្រូបង្វឹក បាន​និយាយថា​៖ «​គូ​នេះ វា​ប្រហាក់ប្រហែលគ្នា គឺ​លំបាក​ទស្សន៍ទាយ​ណាស់​។ អ៊ូច ធា​រិ​ទ្ធ ហាត់​ត្រៀមកម្លាំង និង​បច្ចេកទេស​បានល្អ​ហើយ ប៉ុន្តែ​វគ្គ​នេះ គេ​ក៏​ប្រឹង យើង​ក៏​ប្រឹង ហេតុនេះ​គិតថា ៥០ ​ភាគរយ​ឈ្នះ​សិន​ចុះ​។ តែ​ទោះយ៉ាងណា ខ្ញុំ​សង្ឃឹម​តែ​ក្នុង​ចិត្ត​ថា អាច​នឹង​បាន​ទៅដល់​កៅអី​ ៤​ នាក់​ចុងក្រោយ មិន​ខាន វា​គ្រាន់​តែមាន​ឧបសគ្គ​ធំ​»​។​

​ចំពោះ​លោក ធន់ សុភា ជា​គ្រូបង្វឹក ធន់ អៀន​ឡៃ បាន​និយាយថា​៖ «​គូ​នេះ ប្រហាក់​​ប្រហែល​គ្នា​មែន អ៊ីចឹង​ការ​ចាញ់ ឬ​ឈ្នះ ពិតជា​លំបាក​ទស្សន៍ទាយ​មុន​ណាស់ ប៉ុន្តែ​វា​ស៊ីសង​លើ​ការប្រកួត ជាក់​ស្តែង ភ្លាមៗ នៅលើ​សង្វៀន ក្នុងការ​ផ្លាស់ប្តូរ​យុ​ទុ្ធ​សាស្ត្រ​ប្រកួត​ឱ្យបាន​ឈ្នះ​ពិន្ទុ ឬ​មានប្រៀប​លើ​គេ ដែល​នេះ​ជា​បំណង​របស់​យើង​»​។​

​តាម​ប្រវត្តិ​ប្រកួត ដែល​ទទួល​បានជា​ផ្លូវការ​របស់​គណៈ​​កម្ម​ការ​បច្ចេកទេស ធន់ អៀន​​ឡៃ ធ្លាប់​ប្រកួត ៦២ ​ដង ឈ្នះ ​៤៩ ចាញ់​៨ ស្មើ ​៥ ក្នុងនោះ​ផ្តួល​ដៃគូ​បាន​ចំនួន ​១៣ ​ដង​។ ចំណែក អ៊ូច ធា​រិ​ទ្ធ ប្រកួត​បាន ​៨៧​ដង ឈ្នះ ​៧១ ចាញ់​ ១៣ ស្មើ ​៣ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ ២៣​ លើក​។​

​យ៉ាងណាក៏ដោយ កីឡាករ​ជើង​ខ្លាំង​ទាំង ​២ សុទ្ធតែ​កំពុង​បារម្ភ​ពី​បញ្ហា​រក្សា​ទម្ងន់ តាម​កិច្ចសន្យា ឱ្យបាន​ត្រឹម​ ៥៧ ​គីឡូក្រាម ព្រោះ​ទម្ងន់​ពិត​របស់ ធន់ អៀន​ឡៃ និង អ៊ូច ធា​រិ​ទ្ធ នៅពេលនេះ គឺ ​៦០ ​គីឡូក្រាម ខណៈដែល​បទបញ្ជា​ប្រកួត នរណា​លើស​ទម្ងន់ គឺ​ពិន័យ​ឱ្យ​ចាញ់​ដោយ​គ្មាន​លើកលែង ឬ​អនុគ្រោះ​ឡើយ​៕