ភ្នំពេញៈ កីឡាករ យ៉េន ឌី​ណា របស់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​បើកឱកាស​ឱ្យ​អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​នៃ​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ ឡើងមក​ប្រកួត​សងសឹក​គ្នា​ម្ដងទៀត នៅលើ​សង្វៀន CNC ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ខា​រ៉ា​បាវ​ទម្ងន់​ ៦៥​ គីឡូក្រាម នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី ផល សោ​ភ័​ណ្ឌ បាន​ចាញ់​មិន​អស់ចិត្ត កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០២១ នៅ​សង្វៀន​បាយ័ន​។​

​កាលពី​ថ្ងៃទី​ ១០ ខែ កញ្ញា ឆ្នាំ ​២០២១ យ៉េន ឌី​ណា និង ផល សោ​ភ័​ណ្ឌ ធ្លាប់បាន​ជួបគ្នា​ម្ដង គឺ​ការប្រកួត​ដណ្ដើម​ប្រាក់​លាន នៅលើ​សង្វៀន​បាយ័ន ដោយ​អ្នក​ទាំង​ ២ បាន​ប្ដូរ​កណ្ដាប់ដៃ​គ្នា​យ៉ាង​ជក់ចិត្ត ចំនួន​ ៥ ​ទឹក​ពេញ ប៉ុន្តែ​គួរឱ្យ​ស្ដាយ​បំផុត​នោះ ផល សោ​ភ័​ណ្ឌ ចាញ់​ពិន្ទុ យ៉េន ឌី​ណា ទាំង​ប្រផុតប្រផើយ ព្រមទាំង​បានធ្វើឱ្យ​របូត​បាត់ប្រាក់​ចំនួន​ ២ ​លាន ពី​ក្នុង​ដៃ​ផងដែរ​។ ចំណែក សប្តាហ៍​នេះ ផល សោ​ភ័​ណ្ឌ តាម​មក​សងសឹក នៅ​សង្វៀន CNC តែម្ដង ថែមទាំង​បាន​សន្យាថា មិនឱ្យ​អ្នកគាំទ្រ​ខកចិត្តនោះឡើយ​។​

​បើ​និយាយ​ពី​កម្រិត​បច្ចេកទេស​ក្បាច់គុន​របស់​អ្នក​ប្រដាល់​ទាំង ​២ ​នេះ គឺមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដូចគ្នា និង​មាន​ម្ចាស់​ខ្សែក្រវាត់​គ្រប់គ្រង​ដូចគ្នា ប៉ុន្តែ ផល សោ​ភ័​ណ្ឌ មាន​ជំនាញ​កណ្តាប់ដៃ និង​ទាត់​ល្អ ខណៈដែល យ៉េន ឌី​ណា ទាត់​លឿន កែង​រហ័ស និង​វាយ​របៀប​ដកថយ គេច​លឿន មិនសូវ​ហ៊ាន​វាយ​តទល់​ជាមួយ​ដៃគូ​នោះទេ​។​

​ផល សោ​ភ័​ណ្ឌ និយាយថា​៖ «​លើក​នេះ ខ្ញុំ​រំពឹង​ឈ្នះ ​៨០ ​ភាគរយ​។ កាល​លើក​មុន ខ្ញុំ​ចាញ់​មិន​អស់ចិត្ត​សោះ ព្រោះ​គេ​វាយ​ដកថយ​ច្រើន តែ​បាន​លទ្ធផល​ឈ្នះ​ខ្ញុំ ប៉ុន្តែ​លើក​នេះ ខ្ញុំ​សង្ឃឹម​ខ្ពស់​តែម្តង​។ ចំណែក លោក ម៉ាក់ សា​ខន ជា​គ្រូបង្វឹក និយាយថា​៖«​សោ​ភ័​ណ្ឌ ហាត់​បាន​គ្រប់គ្រាន់ អ៊ីចឹង​លើក​នេះ សង្ឃឹម​ឈ្នះ​ច្រើនជាង​មុន ដោយ​យើង​ឡើង​វ៉ៃ​សម្រុក មិនមែន​ឡើងទៅ​រត់​ទេ​»​។​

​ចំណែក​កីឡាករ យ៉េន ឌី​ណា មិនអាច​ទាក់​​ទង​សម្ភាសបានទេ ប៉ុន្តែ​លោកស្រី សាំង សុ​ម៉ាលី អ្នកគ្រប់គ្រង​កីឡាករ យ៉េ​ង ឌី​ណា បាន​ប្រាប់ថា យ៉េន ឌី​ណា កំពុង​ហ្វឹកហាត់ ហើយ​ការប្រកួត​លើក​នេះ តាមមើល​លំបាក​ថា​ណាស់ ព្រោះ​ពួកគេ​ទាំង​២​ខ្លាំង​ដូចគ្នា គឺចាំមើល​ប្រកួត​ជាក់ស្តែង​ទៅ​។​

​បើ​និយាយ​ពី​ប្រិយភាព​វិញ ផល សោ​ភ័​ណ្ឌ លេចធ្លោ និង​មាន​អ្នកគាំទ្រ​ស្រឡាញ់​ច្រើនជាង ព្រោះ​ប្រវត្តិ​ប្រកួត​របស់គេ វ៉ៃ​មិនដែល​លាក់​កម្លាំង ឬ​បន្ធូរដៃ​ឱ្យដៃ​គូ​ទេ ចាញ់ឈ្នះ គឺ​អស់ពី​សមត្ថភាព​ពិត ចំណែក យ៉េន ឌី​ណា ពេលខ្លះ ខ្លាំង​វាយ​អស់ពី​សមត្ថភាព ប៉ុន្តែ​ពេលខ្លះ​ត្រូវបាន​គេ​មើលឃើញថា ការប្រកួត​មិន​អស់ពី​សមត្ថភាព ឬ​ប្រកួត​ដោយ​មិនសូវ​ប្រឹង​នោះឡើយ​៕