ភ្នំពេញ៖ អ្នក​ប្រដាល់​ល្បីឈ្មោះ​​កម្រិត​មធ្យម​ ​សយ​ សី​ និង​បង​ប្រុស​​របស់​គេ សយ ​សុខ ​សុទ្ធ​តែ​បាន​ចាប់​យក​មុខ​របរ​ពី​ដំបូង​ ជា​អ្នកហាត់ និង​ឡើង​​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ ​ដើម្បី​យក​ប្រាក់​មក​បំពេញ​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព ​ពិសេស​ពួកគេ បាន​​យក​ប្រាក់ ដែល​ទទួលបាន ពី​ការ​​បង្ហូរ​​ញើស និង​ឈាម​ស្រស់ៗ នៅ​លើ​សង្វៀន​នេះ ទៅ​បន្ត​ការ​សិក្សា​ រហូត​បាន​បញ្ចប់​​ថ្នាក់​​បរិញ្ញាបត្រ និង​​ទទួល​បាន​ការ​ងារ​​ល្អ ​មាន​ប្រាក់​ចំណូល​ល្អ​ គួរ​ឱ្យ​​កោត​សរសើរ​។​

យ៉ាងណា​ក៏ដោយ ឆាក​ជីវិត​របស់​កីឡាករ​ សយ សី ​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន មុន​នឹង​​ឈាន​ជា​លំដាប់​ មក​ដល់មាន​​មុខ​របរ​ជំនាញ ជា​​វិស្វករ​សំណង់​ស៊ី​វិលនេះ ​ប៉ុន្តែ​មុខ​របរ​ហាត់​ឡើង​ប្រដាល់​នេះ​ ត្រូវ​បាន​ ​សយ ​សី ​អះអាង​ថា ​នៅ​តែ​មិន​​បោះ​បង់​ចោល​ ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៩ ​ខែ​កញ្ញា ​កន្លង​មកនេះ ​​សយ ​សី​ បាន​សាង​ស្នាដៃ​ថ្មី​មួយ​ទៀត ​ក្នុង​ពិភព​ប្រដាល់​គឺ ឈ្នះ​ពាន​ប្រាក់​រង្វាន់​​ចំនួន ​១ លាន​រៀល ​ពី​សង្វៀន​ប្រ​ដាល់​ PNN ក្រោយ​បាន​ផ្តួល​កីឡាករ សាំង ​សារី ឱ្យ​សន្លប់ ក្នុង​ការ​​ប្រ​កួត​ ២ ទឹក ដែល​​ក្នុង ​១ ​ទឹក មាន​​ ៧​ នាទី​។​

សយ ​សី ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បច្ចុប្បន្ន ​មាន​អាយុ ​២៧ ​ឆ្នាំ​ មាន​មុខ​របរ​ប្រដាល់​នេះ អស់​​រយៈ​ពេល​ជិត ​១០​ ឆ្នាំ​មក​ហើយ​ ដោយ​ឡើង​ប្រ​កួត ​ដើម្បី​យក​ប្រាក់​រៀន ​តាំងរៀន​នៅ​​ថ្នាក់​ទី ​១០ ​​រហូត​ប្រ​ឡង​បាក់ឌុប​ និង​បន្ត​រៀន​មហា​វិទ្យា​ល័យ​ ដោយ​​បាន​បញ្ចប់​ផ្នែក​ជំនាញ​វិស្វករ​សំណង់​ស៊ី​វិល​ ហើយ​សព្វ​ថ្ងៃ ​ខ្ញុំ​មាន​ការងារ ​នៅ​ក្រុម​ហ៊ុន​សំណង់​ធំ​មួយ ​គឺ ​បុរី​ប៉េង​ហួត ​នៅ​រាជ​ធានី​ភ្នំពេញ​»។

កីឡាករ​រូបនេះ បាន​​បន្ត​ថា៖​ «​ទោះ​ខ្ញុំ​មាន​ប្រាក់​ចំណូល​សម​ល្ម​ម ​ពីការងារ ​ប៉ុន្តែ​មុខ​របរ​ប្រដាល់នេះ ​ខ្ញុំ​នៅ​តែ​ខំប្រឹង​ ​ព្រោះ​វា​បាន​ផ្តល់​កំណើត​ឱ្យ​​ខ្ញុំ ​បាន​មក​ដល់​ពេល​នេះ​។ ​លើស​ពីនេះ កាល​ដែល​ខ្ញុំ​មិន​បោះ​បង់​របរ​ឈឺ​សាច់​នេះ ​ព្រោះ​វា​​មាន​សារៈ​សំខាន់​ណាស់ ​ដោយ​ខ្ញុំ​ហាត់​ទៅ​មាន​សុខ​ភាព​ល្អ​ ខ្ញុំ​ឡើង​ប្រ​កួត​បាន​លុយ ​ហើយ​មិន​រំខាន​ដល់​ពេល​វេលា​ការងារ​ស្នូ​លរបស់​ខ្ញុំ​ទេ​»។​

អ្នក​ប្រដាល់​មានដើម​កំណើត នៅ​​ភូមិ​តាលន ​ឃុំ​ត្រពាំង​ព្រះ ​ស្រុក​ព្រៃ​ឈ ​ខេត្ត​កំពង់​ចាម សយ សី បាន​បញ្ជាក់​ថា៖​ «ជា​មធ្យម​ ក្នុង​មួយ​ខែ ​ខ្ញុំ​ឡើង​ប្រ​កួត​ប្រហែល​ពីរ​លើក និង​​អាច​ទទួល​បាន​ប្រាក់​ខ្ទង់​ ៦​០០ ​ដុល្លារ​ដែរ​ ហេតុនេះ​បោះ​​ទោះជា​ខ្ញុំ​មាន​លុយ​ ​មាន​ឋានៈ​ការងារ​ល្អ ​ប៉ុន្តែ​​ខ្ញុំ​​មិន​ភ្លេច​កំណើត​​ទេ ព្រោះ​​​ខ្ញុំ​ប្រឹង​ប្រែង​បាន​មក​ដល់​ពេល​នេះ ​ដោយ​សារ​ប្រដាល់​គុន​ខ្មែរ​នេះ ​តែ​ម្តង​»​។​

កីឡាករ​មាន​អាយុ​ ២៧ ​ឆ្នាំ​ សយ សី មាន​បង​ប្អូន​ចំនួន​ ៨ ​នាក់ ​ក្នុង​ជីវភាព​ក្រី​ក្រ​ ហើយ​សយ ​សី ​ជា​កូន​ភ្លោះ​ជាមួយ សយ ​សុខ។ អ្នកទាំង ២ នេះ បាន​​ចេញ​មក​ចាប់​យក​ប្រដាល់ ដើម្បី​​ទ្រទ្រង់​ជីវភាពគ្រួសារ និង​​បន្ត​ការ​រៀន​សូត្រ​។ ​​ឆ្លង​កាត់​ការ​ប្រ​កួត​បាន​ចំនួន​ ៨១ ដង សយ សី ​ឈ្នះ​បាន ៤៧​ ដង ​ចាញ់​ ៣៤​ ដង ប៉ុន្តែ​នៅ​ក្នុង​ប្រវត្តិនេះ ​សយ ​សី​ មិន​ធ្លាប់​ឈ្នះ​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ​ទេ គឺ​​បាន​ត្រឹម​លេខ ​២​។

លោក ​ឡុង ​វិបុល​ គ្រូ​បង្វឹក​ប្រចាំ​ក្លិប ​និង​ជា​អ្នក​គ្រប់​គ្រង​កីឡាករ ​សយ ​សី​ និង ​សយ សុខ បាន​​និយាយ​ថា​៖ «​កីឡាករ​ជា​កូន​ភ្លោះ​ទាំង​ពីរ​នេះ ​ទោះ​បីជា​​​ប្រ​ប្រឡូក ​ក្នុង​វិស័យ​ប្រដាល់​បាន​ត្រឹម​លំដាប់​ទី​ ២​ ប៉ុន្តែ​ទទួល​លទ្ធផល​ល្អ​ សម្រាប់​ជីវិត​​ និង​បាន​យក​​អាជីព​ប្រដាល់ ​មក​កសាងខ្សែ​ជីវិត ​បាន​ល្អ​ប្រសើរ»។​

លោក​បន្ត​ថា៖ ​«​កីឡាករ​ទាំង​ ២ នេះ ​គោរព​វិន័យ ​និង​មាន​សីលធម៌ល្អ​ណាស់ ​មិន​ចេះ​ផឹកស៊ី ​ជក់​បារី​ និង​ដើរ​លេង​ផ្តេស​ផ្តាស​នោះ​ទេ​។ និយាយ​ទៅ​កីឡា​ករ សយ សី និង សយ សុខ អាច​ចាត់​ទុក​ជា​គំរូ​មួយ​ សម្រាប់​ប្អូន​ៗ​ជំនាន់​ក្រោយ​ថា ​ការ​ព្យាយាម​តស៊ូ​ អាច​ឱ្យ​យើង​​ឈាន​ដល់​ការ​ទទួលបាន​លទ្ធផល​ល្អ​អ៊ីចឹង​»៕​​​