ភ្នំពេញ៖ ទ្រឹស្តី​ក្នុង​កីឡា​អូឡាំពិក​​មាន​ទស្សន​វិស័យ​​លើ​គោល​ការណ៍​សំខាន់​ចំនួន​ ២ ​គឺ​ការ​អប់​រំ​និង​កីឡា ​ប៉ុន្តែ​ការ​​សម្រប​សម្រួល​គ្រប់​ប្រភេទ​កីឡា​នៅ​ក្នុង​ចលនា​អូឡាំ​ពិក​គឺ​កីឡា​កម្រិត​ខ្ពស់​សមត្ថភាព​​​​កាត់​បន្ថយ​នូវ​ហិង្សា​ក្នុង​កីឡា​ ខណៈ​ដែល​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​ដែល​បញ្ចេញ​កម្លាំង​បែក​​ញើស​ និង​កាត់​បន្ថយ​ស្រក់​ឈាម​ត្រូវ​បាន​សម្រួល​លក្ខខណ្ឌ​នៃ​ការ​ប្រ​កួត​ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់​ចំនួន​៣ ​គឺ​ កីឡា​ដើម្បី​មិត្តភាព​, ការគោរពគ្នា​​ និង​ស្វែង​រក​ឧត្តមភាព​។

បន្ថែម​ពី​លើ​នេះ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ (IOC) ​ដែល​មាន​សមាជិក ​​២០៥ ​ប្រទេស​ បាន​ផ្តោត​ទៅ​លើ​ការ​អប់​រំ​ដែល​មាន​អង្គការ​មួយ​ឈ្មោះ​ថា អង្គរ​សាមគ្គី​អូឡាំ​ពិក​អន្តរ​ជាតិ ​(OS) ​​ដែល​មាន​ជំនាញ​បណ្តុះ​បណ្តាល​រដ្ឋបាល​កីឡា​ជា​មូល​ដ្ឋាន​។​ នេះ​ជា​ការ​អះអាង​របស់​លោក ​វ៉ាត់​ ចំរើន ​ក្នុង​នាមជា​អ្នក​ជំនាញ​កីឡា​ក្នុង​អូឡាំ​ពិក​និង​ជា​សាស្ត្រា​ចារ្យ​កីឡា​ដែល​ទទួល​ស្គាល់​​ពី IOC​។​

ក្នុង​នាម​ជាគ្រូ​ឧទ្ទេស​ពី​ច្បាប់​កីឡា​អូឡាំi​ពិក​លោក​ វ៉ាត់​ ចំរើន ​បាន​បង្ហាញ​លម្អិត​ពី​បាវចនា​​របស់​អូឡាំពិក​អន្តរជាតិ​ទាំង​​ ៣ ដែល​​​មាន​ខ្លឹម​សារ​សំខាន់​និង​​ជា​គោល​ដៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គឺ​ខ្ពស់ជាង​, លឿនជាង​និង​ខ្លាំង​ជាង​ ហើយ​​នៅ​ក្នុង​ចលនា​កីឡា​អូឡាំពិក​ទស្សនៈ​ និង​ធន​ធាន​មន្ត្រី​កីឡា​, អត្តពលិក​និង​មន្ត្រី​ថ្នាក់​ដឹក​នាំ​កីឡា​គប្បី​ត្រូវ​តែ​ឆ្លង​វគ្គ​រដ្ឋបាល​កីឡា​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ក្តោប​ទាំង​ជំនាញ​បច្ចេកទេស​​ការ​គ្រប់​គ្រង​ និង​ការ​​ដឹក​នាំ​បង្កើត​គម្រោង​រៀប​ចំការ​ប្រ​កួត​ និង​ទីផ្សារ​។

លោក ​វ៉ាត់​ ចំរើន​ បាន​បន្ថែម​ថា​៖ «​ក្នុង​មាន​ជា​គ្រូ​ឧទ្ទេស​របស់ ​IOC ​ខ្ញុំ​បាន​ព្យាយាម​ប្រឹង​ប្រែង​ទំនាក់​ទំនង​កម្ម​វិធី​បណ្តុះ​បណ្តាល​រដ្ឋបាល​កីឡា​ក្រោយ​ការ​ជួយ​គាំ​ទ្រ​ថវិកា​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជា​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​៣​ទៅ​ ៤​ លើក​ ដើម្បី​ផលិត​ធន​ធាន​មនុស្ស​សម្រាប់​កម្ពុជា​ក្នុង​ការ​យល់​ដឹង​ផ្នែក​រដ្ឋបាល​កីឡា​នេះ​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ ហើយ​បាន​​ផ្តល់​ការ​យល់​ដឹង​ដល់​​មន្ត្រី​កីឡា​ខ្ទង់ ​​១ ​០០០​ មក​ហើយ​។​ នេះ​ជា​មោទនភាព​ដែល​កម្ពុជា​មាន​ធនធាន​មនុស្ស​ដើម្បី​ឈាន​ទៅ​រៀប​ចំ​ព្រឹត្តិការ​ណ៍​ប្រ​កួត​អន្តរជាតិ​ធំៗ​បាន»​។​

ចំណែក​លោក​ឯម​ហៀង​ប្រធាន​គណៈ​គ្រប់គ្រង​វគ្គ​សិក្សា​នៃ NOCC បានឱ្យ​ដឹងថា​​តាម​ផែន​ការ​កម្ម​វិធី​​​វគ្គ​បណ្តុះ​បណ្តាល​រដ្ឋបាលកីឡា​ក្នង​ឆ្នាំ​ ២០២១ ​នេះ ​មាន​ចំនួន​ ៤ ​វគ្គ​។ ​លោក​បាន​បន្ត​ថា នៅ​ឆ្នាំ​នេះ យើង​បាន​បញ្ចប់​វគ្គ​លើក​ទី១ ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីពេល​​ថ្មីៗ​នេះ​និង​បន្ត​ទៅ​លើក​២ នៅ​ខេត្ត​កែប​ថ្មីៗ​នេះ​និង​លើក​ទី​៣ នៅ​​ខេត្ត​រតន​គិរី​ហើយ​វគ្គ​រដ្ឋ​បាល​កីឡា​ ទី​៤ នៅ​ខេត្ត​កែប​។​

លោកបន្ថែម​ថា​៖ «​ក្រោយ​​បញ្ចប់​វគ្គនីមួយៗទៅ​សិក្ខាកាម​ សុទ្ធ​តែ​ទទួល​បាន​នូវ​វិញ្ញា​បន​បត្រ​បញ្ជាក់​ការសិក្សា​ដែល​ចុះ​ហត្ថលេខា​ដោយប្រធាន​គណៈ​កម្មាធិកា​អូឡាំពិក​អន្តរជាតិ​និង​ប្រធាន​គណៈកម្មាធិការជាតិ​

អូឡាំពិក​កម្ពុជា​ឯក​ឧត្តម​បណ្ឌិត​ថោង​ខុន​ដែល​មាន​តម្លៃ​ជា​សកល ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​កីឡាដោយ​​គេ​ទទួល​ស្គាល់​លើ​​ពិភព​លោក​ហើយ​​អ្នក​ទាំង​​នោះ ក៏​​ជា​ធន​ធាន​មនុស្ស​​ស្ម័គ្រ​ចិត្ត​ដើម្បី​ឆ្ពោះទៅ​ទទួលធ្វើ​ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ​ ២០២៣​ ឱ្យ​ទទួល​បា​​ជោគជ័យ​ជា​ប្រវត្តិសាស្ត្ររបស់​ព្រះរាជាណាក្រកម្ពុជា​យើងទាំង​អស់គ្នា»​៕