ភ្នំពេញ៖ ការ​ទទួល​លទ្ធផល​ជ័យ​ជម្នះ​​របស់​កីឡាករ​ធន់​អៀន​ឡៃ​មក​ពី​សមាគមកីឡា​​ប្រដាល់​កង​យោធពល​ខេមរ​ភូមិន្ទ​លើ​​អ៊ូច​ធារិទ្ធ​​របស់​សមាគមកីឡា​​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​នាំ​ឱ្យ​​មាន​ភាព​ចម្រូង​ចម្រាស​ផ្នែក​សតិអារម្មណ៍​ព្រម​ទាំង​មាន​ការ​រិះ​គន់​ពី​សាមី​ខ្លួន​ក៏​ដូចជា​មហា​ជនដែល​​បាន​ទស្សនា​ ការ​ប្រកួត​វគ្គ​ជម្រុះ​ ៨ នាក់ចុងក្រោយ ដណ្តើម​ខ្សែ​ក្រវាត់ នៅលើ​សង្វៀន PNN កាល​ពី​ថ្ងៃអាទិត្យ​។

នៅ​មុន​ការ​​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ ក្រោយ​ពេល​ប្រកួត​ចប់​ភ្លាម ​គណៈ​កម្មការ​រៀប​ចំ​ប្រកួត​មាន​នីតិ​វិធិ​ដូច​ជា​មិន​ប្រ​ក្រតី​​ព្រោះ​មុន​នឹង​សម្រេច​លទ្ធផល​ឱ្យ ​ធន់​អៀន​ឡៃ​ ឈ្នះ​នោះ​គឺ​បាន​ចំណាយ​ពេល​យូរ​ខុស​ធម្មតា​ដែល​ឆ្លុះ​បង្ហាញ​ឱ្យ​​មហា​ជនកំពុង​រង់​ចាំ​ស្តាប់​ និង​ទស្សនា​កត់​សម្គាល់​ថា​មាន​ការ​សង្ស័យ​ពី​ការ​សរុប​ពិន្ទុ​ចេញ​មក​វា​ផ្ទុយ​ពី​​ការ​ប្រកួត​ជាក់​ស្តែង​។​យ៉ាង​ណា​ក៏​ដោយ​លទ្ធផល​ផ្លូវ​ការ​ដែល​ប្រធាន​វិនិច្ឆ័យ​ប្រកាស​គឺ​ធន់​អៀន​ឡៃ​ឈ្នះ​ អ៊ូច ​ធារិទ្ធ​ ក្នុង​ពិន្ទុ​ ៣ ​ទល់​ ២​។​

ជាមួយការ​សម្រេច​សេចក្តីនេះ អ៊ូច​ ធារិទ្ធ បាន​​​ប្រាប់​​ក្រោយ​ប្រកួត​ថា​៖​«កន្លង​មក​ខ្ញុំ​មិន​ដែល​មាន​ការ​តវ៉ា​ ឬ​ឡាំ​ប៉ា​​ក្រោយ​​គណៈកម្មការ​ឱ្យ​​ចាញ់​នោះ​ទេ​គឺ​ខ្ញុំ​តែង​តែ​ទទួល​យក​ជា​និច្ច ទោះ​បី​លទ្ធផល​មិន​ពេញ​ចិត្ត​ក៏​​ដោយ​ ប៉ុន្តែ​ចៅ​ក្រម​កាត់​ក្តី​​លើក​នេះ​ផ្តល់​ពិន្ទុ​អយុត្តិធម៌​ណាស់​។ ​សូម្បី​តែ​មុន​ប្រកាស​លទ្ធផលជា​ផ្លូវ​ការ​ពួក​គាត់​ចំណាយ​ពេល​វែង​ពិ​ភាក្សាគ្នា ព្រោះ​​លទ្ធផល​ពិន្ទុ​ចេញ​មក​មាន​ភាព​មិន​ប្រ​ក្រតី​បាត់​ទៅ​ហើយ»​។​

អ៊ូច ​ធារិទ្ធ​ បាន​បន្ថែម​ថា​៖ «​កាត់​ក្តី​បែប​នេះ​ ហើយ​បាន​ជា​ធ្វើ​ឱ្យ​​កីឡាករ​រង​អយុត្តិធម៌​បាត់​បង​ជំនឿ​ ហើយ​​គុន​ខ្មែរ​ល្បី​​បាន​តែ​ក្នុង​ស្រុក​ តែ​​ពេល​ចេញ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​ចាញ់​ងើប​មុខ​មិន​រួច​ឡើយ​។​ បើ​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៅ​សង្វៀន​ ធ្វើបែបៗ​នេះ ​លំបាក​រក​កីឡាករ​ទៅ​ប្រ​កួត​ណាស់​​ព្រោះ​គេ​គ្មាន​ជំនឿ​ និង​ទំនុក​ចិត្ត​។ ​​ខ្ញុំ​វ៉ៃ​មាន​ប្រៀប​ដាច់​ចំនួន​ ៣ ​ទឹក​គឺ​ទឹកទី​​៣ ​ទឹកទី ​​៤ ​និង​ទឹក​ទី​ ៥​ ប៉ុន្តែ​លទ្ធផល​មិន​សម​សោះ​»។​

ជុំវិញបញ្ហា​ដ៏​រសើប​នេះ លោក​ តាំង​ លីហួរ​ អ្នក​សម្រប​សម្រួល​ព័ត៌មាន​ នៅ​សង្វៀន​ PNN បាន​​និយាយ​ថា​៖ ​«ខាង​បច្ចេកទេស​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​ ប៉ុន្តែ​នៅ​ចុង​ទឹកទី​ ​៥ ​អ៊ូច ​ធារិទ្ធ​ បែប​ចង់​ធ្លាក់​ដៃ​ដែរ​»។​

ចំណែក​លោក​ ធន់​ សុភា ​គ្រូ​បង្វឹក​ធន់​អៀន​ឡៃ​ បាន​និយាយ​ថា​៖ «​លទ្ធផល​នោះ​វា​ឈ្នះ​មិន​ដាច់​មែន​ហើយ​ការ​ប្រ​កួត​ជម្រុះ​ អ៊ីចឹង​​មិន​អាច​ស្មើ​បាន​ទេ​គឺ​​ត្រូវ​តែ​មាន​អ្នក​ឈ្នះ​តែ​ម្នាក់​គត់​ ​ហេតុ​នេះ​អ្នក​ចាញ់​ពិត​ជា​មិន​អស់​ចិត្ត​ អ៊ីចឹង​​វា​គ្មាន​អ្វី​ប្លែក​ទេ​ ព្រោះ​​អ្នក​ចាញ់​ភាគ​តិច​ណាស់​និយាយ​ថា​អស់​ចិត្ត​នោះ​លើក​លែង​តែ​សន្លប់​បាន​ឈប់​តវ៉ា​»។​

ចំពោះ​រឿង​ដែល ធន់​ អៀន​ឡៃ ​ដួល​ច្រើនលើក​​នោះ​លោក​ ធន់​ សុភា បាន​​​បញ្ជាក់​ថា​៖ ​«វា​ដួល​ដោយ​សារ​កម្រាល​រេញ​រអិល​ប៉ុណ្ណោះ​​គឺ​មិន​មែន​ដួល​ដោយ​កាច់​ជង្គង់​ ឬ​កាច់​ឱ្យ​​ដួល​នោះ​ទេ ដូច​​បង​ប្អូន​ទស្សនា​មើល​ឃើញ​ហើយ​ ផ្ទុយ​ពីនេះ ​អៀន​ឡៃ​ ចេញ​កណ្តាប់​ដៃ​ចូល​ល្អ​ចំ​គោល​ដៅ​ជាង​ អ៊ីចឹង​វា​ឈ្នះ​នេះ​សម​ហើយ​មិន​មែន​ដូច​ពាក្យ​គេ​ចោទ​ថា ​មាន​ខ្សែ​មាន​ខ្នង​នោះ​ឡើយ​»។​

ជាមួយ​គ្នា​នេះ លោក​ ណន​ រិទ្ធ ជា​​អាជ្ញា​កណ្តាល​ក្នុង​គូ​​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​នេះ បាន​​និយាយ​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​​ព្រោះ​​ការ​ដាក់​ពិន្ទុ​និង​ឱ្យ​​ចាញ់​ឈ្នះ​គឺ​ចៅ​ក្រម​និង​ប្រធាន​វិនិច្ឆ័យ ឯណោះ​ទេ​​ហើយ​​ខ្ញុំក៏​​មិន​និយាយ​ថា​ខាង​ណា​មាន​ប្រៀប​នោះដែរ​កុំ​ឱ្យ​​គេ​ស្តី​ឱ្យ​»​។

ចំណែក ធន់​ អៀនឡៃ​ បាន​និយាយ​ក្រោយ​ការ​ប្រ​កួត​ថា​៖ «​ជំនួប​នេះ​លំបាក​មែន​គាត់​ល្អ​ហើយ​ខ្ញុំ​គ្មាន​អ្វី​និយាយច្រើន​​នោះ​ទេ ព្រោះ​បង​ប្អូន​​មើល​ឃើញ​ស្រាប់​ហើយ​​»។ សម្រាប់​ការ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ធន់​ អៀន​ឡៃ​ បាន​​ប្រាប់​​ថា​សុំ​ចាំ​មើល​សិន​មិនទាន់​​ដឹង​ប៉ះ​នរណា​ទេ​រវាង​ជើង​ខ្លាំង​វ៉ាន់​វឿន​និង​អេលីត​ចំរើន​​​។​

គួរ​បញ្ជាក់​​ថា​ តាម​រយៈ​លទ្ធផលនៃ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ ៨ នាក់ចុង​ក្រោយ​នេះ គឺ​បាន​រក​ឃើញ​បេក្ខភាព​ចំនួន​ ៣​ នាក់​ហើយ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ ៤ នាក់ចុងក្រោយ ឬ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​នោះ​មាន​​កីឡាករ​ប៊ុន​សុធា​កីឡាករ​បឺត​សង្ឃឹម​និង​កីឡា​ករ​ធន់​អៀន​ឡៃ​គឺ​នៅរង់ចាំ ​អ្នក​ឈ្នះ​តែ​​​ម្នាក់​ទៀតប៉ុណ្ណោះ​​ ​​ដែល​អាច​ជា ​វ៉ាន់​ វឿន​ ឬ អេលីត​ ចំ​រើន ព្រោះ​អ្នកទាំង​ ២ នេះ នឹង​​ប្រកួត​ជម្រុះ​វគ្គ​ ៨ នាក់ នៅ​សប្តាហ៍ក្រោយ​៕