
Messi របស់ PSG បណ្ដើរបាល់ អំឡុងការប្រកួតទល់នឹងក្រុម Rennes នៅ League 1 កាលពីថ្ងៃអាទិត្យ។ AFP
ក្រុងប៉ារីស៖ ស៊ុបភៀស្តារ Lionel Messi ភ្លក្សរសជាតិបរាជ័យ ជាលើកដំបូងហើយ ក្នុងនាមជាកីឡាកររបស់ក្រុម Paris Saint-Germain (PSG) ខណៈដែលការចាប់ផ្ដើមដ៏ឥតខ្ចោះរបស់ក្លិបអ្នកមាន នារដូវកាលថ្មីនៃក្របខ័ណ្ឌ Ligue1 ត្រូវបានបញ្ចប់ដោយសារចាញ់ក្រុមម្ចាស់ផ្ទះ Rennes ២-០ កាលពីថ្ងៃអាទិត្យ។
អ្នកគាំទ្ររបស់ក្រុមភ្ញៀវ PSG បានហើបគូទពីកៅអី សម្រាប់ការប្រកួត ក្នុងកីឡដ្ឋាន Roazhon Park នេះ នៅពេលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Messi ស៊ុតហ្វ្រីឃិក ហើយបុករបារទី នៅវគ្គទី ១ តែការស៊ុតបាល់ក្នុងលម្ហរបស់ខ្សែប្រយុទ្ធ Gaetan Laborde ជួយឱ្យក្រុម Rennes នាំមុខ នៅនាទីចុងក្រោយនៃវគ្គទី ១។
ខ្សែបម្រើ Flavien Tait ទម្លុះសំណាញ់ទីបន្ថែមការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ ពេលហ្គេម ក្នុងវគ្គទី២ ដំណើរការទៅប្រមាណជា ២០ វិនាទីប៉ុណ្ណោះ ហើយបើទោះបីជាក្រុម PSG មានសុទ្ធតែស៊ុបភើស្តារ ជាពិសេសខ្សែប្រយុទ្ធទាំង ៣ គឺ Messi, Kylian Mbappe និង Neymar ក៏ដោយ ក៏មិនអាចវាយយកជ័យជម្នះ ឬសូម្បីតែតាមស្មើវិញ។
គ្រូបង្វឹករបស់ក្រុម PSG លោក Mauricio Pochettino បានថ្លែងថា៖ «យើងមិនបានចាប់ផ្ដើមការប្រកួតដោយល្អនោះឡើយ តែក្រោយមក យើងលេងបានល្អបំផុតរយៈពេល ២៥-៣០ នាទី។ វាជារឿងគួរឱ្យអាម៉ាស់ ដែលយើងមិនអាចស៊ុតបញ្ចូលទីបាន។ យើងរបូតគ្រាប់បាល់ ២គ្រាប់ ដែលយើងពិបាកតាមឱ្យបានស្មើវិញ»។

អ្នកចាំទី Gianluigi Donnarumma របស់ PSG ព្យាយាមរារាំងបាល់ អំឡុងការប្រកួតទល់នឹងក្រុម Rennes នៅ League 1 កាលពីថ្ងៃអាទិត្យ។ AFP
ក្រុម Rennes បានបញ្ចប់ដំណើរផ្លូវឈ្នះ ៨ ប្រកួតជាប់ៗគ្នារបស់ PSG នារដូវកាលនេះ ហើយវាក៏ជាបរាជ័យលើកដំបូងផងដែររបស់ក្រុមអ្នកនៅបារាំងសម្រាប់ការប្រកួតក្នុងលីគ គិតតាំងខែមេសាមក ដោយពេលនោះ ពួកគេបានប្រកួតចាញ់ក្រុមជើងចាស់ Lille ១-០ នៅផ្ទះខ្លួន កាលពីរដូវកាលមុន។
តែយ៉ាងណាក្ដី ទោះជាមិនអាចដណ្ដើមបានសូម្បី ១ ពិន្ទុពីហ្គេមទី ៩ នេះក៏ដោយ ក៏ PSG នៅតែជាក្រុមឈរទីកំពូលនៃតារាងពិន្ទុរបស់ក្របខ័ណ្ឌ Ligue1 ដែរ ដោយមាន ២៤ ពិន្ទុ ហើយនាំមុខក្រុមលេខ ២ Lens ដល់ទៅ ៦ ពិន្ទុ។ រីឯក្រុម Rennes រំកិលឡើងទៅពាក់កណ្ដាលតារាង ជាមួយនឹង ១២ ពិន្ទុ ខណៈដែលក្រុមការពារជើងឯក Lille ក្រោយឈ្នះ Marseille ២-០ ឡើងទៅនៅចំណាត់ថ្នាក់ទី ៨ ដោយមាន ១៤ ពិន្ទុ៕ AFP/VN