ភ្នំពេញ៖ អ្នក​ប្រដាល់ ​អេ ​ណារ័ត្ន​ ​របស់​​ក្លិប​ប្រដាល់​អេ​ភូថង ​ដែល​​ឡើង​មក​ជំនួស​កីឡាករមាន​បញ្ហា​សុខភាព សេក​កំសាន្ត​​នោះ​បាន​ឈ្នះ​ប្រាក់​​លាន ​ពី​សង្វៀន​ថោន​ជា​លើក​ទី​ ២ ​បន្ទាប់​ពី​ប្រកួត​ឈ្នះ​​ផាន់​សុផាតនិង​បន្ត​​ផ្តួល​​ស៊ន​រ៉ាគីម​មក​ពី​ក្លិប​រាហូ​ខេត្ត​បាត់​ដំបង ឱ្យ​សន្លប់​​ត្រឹម​ទឹក​ទី​២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ។ ចំណែក​ការ​ប្រកួតគូម៉ាសហ្វៃ កីឡាករ ឌុន រដ្ឋា និង លន បញ្ញា សុទ្ធតែ​បាន​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​ដូចគ្នា។

អេ​ណារ័ត្ន​អាច​ចាត់​ទុក​ថា​ហេង​និង​សំណាង​ផង​ដែរ ​ព្រោះរូបគេ ​មិន​បាន​ត្រៀម​ខ្លួន​មុន​នោះ​ទេ​ក្នុង​ការ​ប្រ​កួត​ដណ្តើម​ប្រាក់​លាននេះ​ប៉ុន្តែ​ការ​អវត្ត​មាន​របស់​កីឡាករ​ សេក​ គឹម​សាន្ត​ ដោយ​បញ្ហា​សុខភាព​ (តេស្ត​វិជ្ជមាន​កូវីដ​១៩)​ នោះ​នាំ​ឱ្យ អេណា​រ័ត្ន​ ទទួល​បាន​ឱកាស​មាស​តែ​ម្តង​។​

តាម​រយៈការ​ប្រកួត​នោះ អេ ណារ័ត្ន​​ បាន​យក​ឈ្នះ ផាន់​ សុផាត ដោយពិន្ទុក្នុង​វគ្គជម្រុះ​ ៣ ទឹក ​ដើម្បី​​ឡើង​ទៅ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ស៊ន​រ៉ាគីម​ដែលបាន​​ឈ្នះ​កីឡាករ​ទូច​ដេវីដ​ទាំង​លំបាក​។​យ៉ាង​ក៏ដោយ ​តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នោះ អេ​ណារ័ត្ន​​ បាន​ផ្តួល​ស៊ន​រ៉ាគីម​យ៉ាង​ផុយ​ស្រួយ​ដោយសារ​​ ស៊ន ​រ៉ាគីម ​រង​របួស​ឈឺ​ជើង​ស្រាប់​ នាំ​ឱ្យ ​​ណារ័ត្ន​ ប្រើ​ស្នៀត​ទាត់​សន្ធាប់​បំបុក​ផ្តាច់​តែ​ម្តង​ ត្រឹមទឹក​ទី​២​​។​

ឌុន រដ្ឋា ត្រូវបាន​លោកអាជ្ញាកណ្តាល លើក​ដៃ​ឱ្យ​ឈ្នះ ក្រោយ​បាន​វ៉ៃ​​កីឡាករ​អង់គ្លេស ឱ្យ​បោះបង់​ការ​ប្រកួត។ រូប សហការី

ជាមួយការ​ឈ្នះ​តំណែងជើងឯក អម​ដោយប្រាក់​រង្វាន់​ចំនួន ៣,៤ លាន​រៀល​នេះ អេ​ ណារ័ត្ន បាន​​និយាយ​ថា​៖ «​ជ័យ​ជម្នះ​នៃ​ការ​ប្រ​កួត​នេះ​ខ្ញុំ​ហេង​ណាស់​​ព្រោះ​មិន​បាន​ត្រៀម​ខ្លួន​សោះ​គឺ​ឡើង​ជំនួស​គេ​។​ បន្ថែម​ពី​លើ​នេះ​ខ្ញុំ​ធ្លាប់​ចាញ់​ផាន់​សុផាត​តែ​ពេល​នេះ​ដូច​បាន​សង​សឹក​​ដែរ ​​ចំណែក​ការ​​ឈ្នះ​ ស៊ន​ រ៉ាគីម ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដោយ​សារ​ រ៉ាគីម​ រង​របួស​ជើង​កាល​ពី​ជុំ​ទី​​១​​ ហេតុ​នេះ​ខ្ញុំ​ព្យាយាម​ទាត់​តែ​ល្វែង​ក្រោម​គឺ​បាន​ឈ្នះ​តែ​ម្តង»​។​

សម្រាប់ការ​មក​ចាញ់​ក្រោម​ស្នៀត​ជើង​របស់ អេ​ ណារ័ត្ន​ នេះ ស៊ន រ៉ាគីម ​បាន​និយាយ​ថា​៖​ «មូល​ហេតុ​ដែល​ចាញ់​នេះ ​ព្រោះពេល​ឈ្នះ​​ទូច​ដេវីដនៅ​វគ្គជម្រុះ​នោះ ខ្ញុំ​​ឈឺ​ជង្គង់​ហើយ​ពេល​ប្រ​កួត​ជា​មួយ​ អេ​ ណារ័ត្ន​ គឺ​ប្រើ​តែ​ក្បាច់​កណ្តាប់​ដៃ​»។​ទោះ​ខ្ញុំ​ខំការពារ​និង​គេច​ពី​ការ​ទាត់​ប៉ុន្តែ​ខ្ញុំ​មិន​អាច​គេច​រួច​នោះ​ទេ​គឺ​ខូច​ជើង នៅ​​ក្នុង​ទឹក​ទី​២»​។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​​គូ​ម៉ាស​ហ្វៃ​វិញ កីឡាករ​ ឌុន ​រដ្ឋា បាន​​​ប្រើ​​កែង​មុខ​កាណូត​ផ្តួលកីឡាករ​អង់គ្លេស​ Pither ឱ្យ​សន្លប់ ​និង​បែកឈាម​ នាំ​ឱ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ ហើយ​ស្រដៀង​គ្នា​នេះ លន បញ្ញា បាន​ទាត់ឱ្យ ឡុង សំណាង ខូចជើង នៅមុនការ​​ប្រកួត​ចំនួន ​៩ នាទី ពេញ​ដូចគ្នា ដើម្បីទទួលបាន​ប្រាក់រង្វាន់បន្ថែមចំនួន ៨០ ម៉ឺន​រៀល ដូច ឌុន រដ្ឋា ដែរ។

កីឡាករ ​ឌុន ​រដ្ឋា បាន​​និយាយ​ថា៖​ «​ពី​ដំបូង​ ខ្ញុំមិន​សូវ​សង្ឃឹម​ទេ ​ប៉ុន្តែ​ការ​វាយ​កណ្តាប់​ដៃ​ និង​កែង​របស់​ខ្ញុំ ​គឺចូល​​ធ្ងន់ៗ​។ ទោះបីជា ខ្ញុំ​ខក​ខាន​ប្រ​កួត​យូរ​មែន​ ប៉ុន្តែ​នៅ​តែ​កាន់​ស៊ីប​បង្ហាត់​គឺ​កម្លាំង​ដៃ​​រឹង​មាំ​»៕

លន បញ្ញា ទទួល​បាន​ប្រាក់រង្វាន់បន្ថែម​ពី​ម៉ាសហ្វៃ ចំនួន ៨០​ ម៉ឺន​រៀល ចំពោះការ​ផ្តួល ឡុង សំណាង ឱ្យសន្លប់។ រូប សហការី