ភ្នំពេញ៖ កីឡាករ​ល្អ​ផ្នែក​ជើង​ក្រោម អេលីត ​ចំរើន​ បាន​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ ដែល​ត្រូវឡើង​ទៅកាន់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​សង្វៀន PNN បន្ទាប់ពី​រូប​គេ បាន​បន្សល់​នូវ​ភាព​សោក​ស្តាយ ដល់​ម្ចាស់មេដាយ​សំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ ៨ នាក់​ចុងក្រោយ កាលពី​ថ្ងៃអាទិត្យ។

វា​មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ ដែល អេលីត ចំរើន បាន​ធ្វើ​ឱ្យ វ៉ាន់ វឿន ជួបការ​ខក​ចិត្ត ព្រោះការ​ជួបគ្នា នៅ​សង្វៀន PNN នេះដែរ កាលពី​ខែ​កក្កដា ឆ្នាំ ​២០២០ ​អេលីត ​ចំរើន ​បាន​ទាត់​ ​វ៉ាន់ ​វឿន ឱ្យ​​ខូច​ដៃ និង​បង់​បោះ​ការ​ប្រកួត នៅ​​ក្នុង​ទឹក​ទី​៤ ដើម្បី​យក​ឈ្នះ​​ខ្សែ​ក្រវាត់​​មាស និងប្រាក់​រង្វាន់​ចំនួន ​១ ម៉ឺន​ដុល្លារ។

​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​​ជួប​គ្នា​​លើក​នេះ ​អេលីត ​ចំរើន បាន​​ឈ្នះ​ វ៉ាន់​ វឿន​ ក្នុង​លក្ខណៈ​តឹង​តែង​ និងវេទនា​ភ្នែកមើលណាស់ ដោយ​រូបគេ​ត្រូវបាន វ៉ាន់ វឿន វាយ​បណ្តាល​ឱ្យបែក និង​ហូរ​ឈាម​ស្រោចពេញ​ផ្ទៃ​មុខ នៅមុនពេល​គណៈកម្មការ ប្រកាស​​ពីការ​ដាក់ពិន្ទុ​របស់​ចៅ​ក្រមទាំង​ ៥ ​រូប ដោយបានសម្រេច​ឱ្យ អេលីត ចំរើន ឈ្នះពិន្ទុ​មិនឯកច្ឆន្ទ ៣ ទល់នឹង ​២។

តាម​រយៈ​ជ័យជម្នះនេះ អេលីត ចំរើន ត្រូវ​ឡើង​ទៅជួប ធន់ អៀនឡៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ស្របពេល ប៊ុន សុធា ត្រូវ​ប្រឈមជាមួយ បឺត សង្ឃឹម។ តែ​ទោះបីជា​យ៉ាង​ណា វ៉ាន់ វឿន ដែល​បានចាញ់ ហើយ​ធ្លាក់ចេញ​ពី​ព្រឹត្តិការណ៍នេះ មានការ​ខក​ចិត្តខ្លាំង និង​មិនអស់ចិត្ត​ពីការ​កាត់សេចក្តី​នោះ​ទេ។

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ២ ​សម័យ​កាល វ៉ាន់ វឿន បាន​ហៅ​ការ​កាត់​សេចក្តី​របស់​ចៅ​ក្រមថា ជា​ការ​សម្រេច ដោយមាន​ភាពលម្អៀង។ វ៉ាន់ វឿន បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ទេ ​ព្រោះ​ខ្ញុំ​វ៉ៃ ​បាន​ល្អ​ ចូល​គោល​ដៅពេញៗ ​តែ​គេ​មិន​ឱ្យ​​ឈ្នះទេ​។ បើ​គេ​ផ្អៀង​ទៅ​ខាង​ណា​ហើយ​ គឺ​ទោះបី​ជា យើង​​វ៉ៃ​យ៉ាង​មិច ​ក៏គេ​​មិន​បាន​ឈ្នះ​ដែរ ​លើក​លេង​តែ​វ៉ៃ​ឱ្យ​​សន្លប់​»​។​

ចំណែក​លោក​ស្រី​ មឿង​ សុខា ​អ្នក​គ្រប់​គ្រង​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍​សាត់ ​ដែលជា​អ្នក​​មើល​ការ​ខុស​ត្រូវ ​កីឡាករ ​វ៉ាន់ ​រឿន បាន​​និយាយ ​ក្រោយ​ប្រ​កួត​ភ្លាមៗ​ថា​៖ «​គណៈកម្មការ​គ្នា​វា​ទាំង​អស់ ​សូម្បី​តែ​កីឡាករ ​អេលីត ​ចំរើន ​ក៏​ដឹង​ខ្លួន​ឯង​ថា ​ចាញ់​ដែរ​ ព្រោះ​បែក​ផង ​ដួល​ច្រើន​ផង​និង​វ៉ៃ​ល្មើស ​ត្រូវ​កន្លែង​ហាម​ឃាត់​ផង​ គឺចាញ់​ប្រៀប​ វ៉ាន់ ​វឿន ​ដាច់ ​​កោត​តែ​ឱ្យ​​ឈ្នះ​ទៅ​កើត»​។

ស្រ្តី​ ដែល​ទទួល​ភារកិច្ច​បង្ហាត់​សិស្ស ជំនួសប្តី លោក សុខ វិជ័យ រូបនេះ ​បាន​​ប្រៀប​ប្រដូច ការ​កាត់សេចក្តី​ឱ្យ វ៉ាន់ វឿន ចាញ់ អេលីត ចំរើន ថា​​ដូច «​ក្របី​ស៊ី​ក្នុង​អូរ» ​មាន​ន័យ​ថា ​លែង​ទៅ​ណា​ហើយ ​ផ្កាប់​មុខ​ទៅ​លើ​កីឡាករ​ណា​ហើយ ​គឺ​មិន​កែ​ប្រែ​ឡើយ​។​

ទាក់ទង​ទៅនឹងការ​​កាត់​សេចក្តីនេះ ​គណៈកម្មការ​វិនិច្ឆ័យ ​ប្រ​ចាំ​សង្វៀន PNN បាន​​ប្រាប់​​ថា ចៅ​ក្រម​ផ្តល់​ពិន្ទុ​ឱ្យ ​អេលីត​ ចំរើន ​ឈ្នះ​ពិន្ទុ ​៣ ​ទល់ ២​ ដោយ​ក្នុង​នោះ ចៅ​ក្រម​ទី១ ​ឱ្យ ​វ៉ាន់ ​វឿន ​៩៩​ ​អេលីត ​ចំរើន ​៩៦​ ​ចៅ​ក្រម​ទី២ ឱ្យ ​វ៉ាន់ ​វឿន ​៩៧ ​អេលីត ​ចំរើន ​៩៨​ រីឯ​​ចៅ​ក្រម​ទី៣​ ឱ្យ វ៉ាន់ ​វឿន ​៩៨ ​អេលីត ​ចំរើន ​៩៧​ ហើយ ​ចៅ​ក្រម​ទី៤ ​និង​ទី៥ ​បាន​ផ្តល់​ពិន្ទុ​ឱ្យ ​វ៉ាន់ ​វឿន ​៩៧ ​និង អេលីត ​ចំរើន ​៩៨​ ដូច​គ្នា​៕