ភ្នំពេញ៖ កម្ម​វិធី​ប្រកួត​ប្រ​ដាល់គុនខ្មែរអលស្តារ (Kun Khmer All Stars) ដែល​បាន​ចាប់​កំណើត​លើក​ដំបូង ​កាល​ពី​ថ្ងៃ​ទី ២៥​ ខែ ​កក្កដា​ ២០២១​ នោះ​ គ្រោង​នឹង​បើក​ដំណើរ​ការវគ្គ ២​ ​នៅ​ថ្ងៃ​ទី ​២៧​ ខែ​ តុលា​ ឆ្នាំ​២០២១​ នេះ​ ខណៈ​ព្រឹត្តិការណ៍ ​ដែល​ផ្តើម​ដោយ​​ លោក​ ស៊ន ​អេលីត ​អ្នក​គ្រប់​គ្រង​ក្លិប​នាយក​ដ្ឋាន​អង្គ​រក្ស ​មួយ​នេះ ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន ដោយសារ​ការ​​ប្រកួត​លើកទី​ ១ មាន​ភាពទាក់ទាញខ្លាំង។

យ៉ាង​ណា​ក៏​ដោយ ​ការ​ប្រកួត​គុនខ្មែរអលស្តារ វគ្គ​ ២​ នេះ អាច​ដំណើរ​ការ​ទៅ​បាន គឺ​ពឹង​ទៅ​លើកញ្ចប់​ថវិកាពីវិស័យ​ឯកជន និង​សប្បុរសធម៌​ជិត​ឆ្ងាយ ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ​លោក​ ស៊ន​ អេលីត​ បាន​​ប្រាប់​​ថា​ ​ដំណើរ​ការ​រៀបចំ​ការ​ប្រកួត​នេះ អាច​ធ្វើ​បាន​​តាម​គម្រោងហើយ ចំណែក​ថវិកា​ចំណាយ​​យើង​បាន​​ប្រហែល​ ៧០​ភាគ​រយទៅ​ហើយ​ និង​កំពុង​ស្វះ​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បន្ថែម ដើម្បី​​​គ្រប់​គ្រាន់​លើ​ការ​ចំណាយ​។

​​អតី​ត​អ្នក​កីឡា​ប្រភេទ​ប្រ​យុទ្ធច្រើនជំនាញ មាន​ប្រដាល់​សកល​ ប្រដាល់​គុន​ខ្មែរ​ វ៉ូវីណាម​ តេក្វាន់​ដូ ​និង​​ធ្លាប់​ទទួល​ជយ​លាភី​ថ្នាក់​អន្តរជាតិ​ លោក​ ស៊ន​ អេលីត​ បាន​​បន្ថែម​ថា៖​ «​នាពេល​ថ្មីៗ​នេះ​ ដំណើរ​ការ​រៀបចំ​ ការ​ប្រកួត​គុន​ខ្មែរ​អលស្តារ វគ្គ ​២​ នេះ​ យើង​បាន​ទទួលការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ ហើយ​កញ្ចប់​ថវិកា​នេះ ​សម្រាប់​ចំណាយ​ទៅ​​លើ​ការ​តុបតែង​ សម្ភារ​ បច្ចេកទេស​ផ្សេងៗ​ ដោយ​ឡែក​ចំពោះ​បេក្ខភាព​ប្រកួត​វិញ យើង​ត្រៀម​​រួចរាល់​អស់​ជា​ស្ថាពរ​​ហើយ។​ ​តែ​ទោះបីជា​យ៉ាង​ណា ​ចំពោះ​​​បេក្ខភាព​ ឬ​កីឡាករ​ចូលរួម​នេះ ​ក៏​អាច​នឹង​មាន​ការ​ត្រៀម​ផ្លាស់​ប្តូរ​ដោយ​​ចៃ​ដន្យ​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ផងដែរ»​។​

​គ្រូ​ប្រដាល់​ក្លិប​នាយដ្ឋាន​អង្គរក្ស ​លោក ស៊ន អេលីត បានបញ្ជាក់​ថា៖ ​«បញ្ហា​ប្រឈម​ខ្លះៗ​នោះ​ គឺ​ការ​មិន​ទាន់​មាន​ក្រុមហ៊ុន​ ឬ​អ្នក​ឧបត្ថម្ភ​វិស័យ​ឯក​ជន​ធំៗ ចូល​រួម​​ជួយ​ដល់​កម្មវិធី​របស់​យើង​ សម្រាប់​ការ​ចំណាយ​ជា​ច្រើន ​នៅ​ពេល​ប្រកួត​ ដូច​ជា​តម្លៃ​ខ្លួន​កីឡាករ​ និង​បច្ចេកទេស​ផ្សេងៗ ​​ប៉ុន្តែយើង​​ត្រូវ​តែ​តស៊ូ ​និង​ស្វែង​រក ​ដើម្បី​បំពេញ​តាម​ផែន​ការ​លើក​ស្ទួយ​កម្ម​វិធី​នេះ ​ឆ្ពោះ​ទៅ​រក​ភាព​ប្រ​កួត​ប្រជែង​ជា​មួយ​ព្រឹត្តិការណ៍​ធំៗ នៅ​​លើ​ឆាក​អន្តរជាតិ ​ក្នុង​ពេល​អនាគត​»។​

ចំណែកអតីត​កីឡាករ​ជើង​ខ្លាំង សែន​ រ៉ាដេត ​ដែល​​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស ទៅ​ហើយ​នោះ​ បាន​អំពាវនាវ​ដល់​អ្នក ​ដែល​ចាប់​អារម្មណ៍​កម្មវិធី​ប្រដាល់​មួយ​នេះ​ សូម​ចូល​រួម​ជួយ​ឧបត្ថម្ភ​ ឬ​ផ្សព្វ​ផ្សាយ​ ​ដើម្បី​បន្ត​សកម្មភាព និង​អាច​​ឈាន​​ដល់ការ​រៀបចំ ការ​បកួត​ប្រដាល់គុនខ្មែរ​អលស្តារ ​វគ្គ​ ៣ ជា​បន្ត​បន្ទាប់​ទៀត​៕