ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ ហ៊ឹម​ សេរី​ ​របស់​​ក្លិប​តាព្រហ្ម​មាន​ជ័យ ​ដែល​បាត់​មុខ​ពី​សង្វៀន​យូរ​ខែមក​ហើយ​នោះ​ បាន​វិល​មក​ប្រ​កួតវិញ និង​​ដណ្តើម​បាន​ប្រាក់​​លាន ប្រចាំ​សប្តាហ៍​ នៅ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយរូប​គេ បាន​​​ផ្តួល​កីឡាករវ័យ​ក្មេង ​នូវ ​សុខទី ​មក​ពី​ក្លិប​តាឡី​មាន​រិទ្ធ ​ត្រឹម ​២ ​ទឹក​ រួច​​ឈាន​ទៅ​យក​ឈ្នះ​​កីឡាករ ​សាន ​សំអុន​ ដោយ​ពិន្ទុ​ ក្នុង​លក្ខណៈ​តឹង​តែង​ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ។

ជា​មួយ​គ្នា​នេះ ​គូ​ប្រដាល់​ម៉ាស​ហ្វៃ ​ដែល​ជា​កីឡាករ​ឆ្នើម​វ័យ​ក្មេង​បំផុត ​ពេជ្រ​ សម្បត្តិ​ មក​ពី​ក្លិប​ចលនា​យុវជន​ ១៥៧ ​ជា​កូន​សិស្ស​របស់​​លោក ​ពេជ្រ​ សុផាន់​ បាន​បន្ថែមនូវ​​ភាព​ខ្លាំង​មួយ​កម្រិត​ទៀត ​​ដោយ​រូបគេ ​បាន​ផ្តួល​កីឡាករ ​ឯម​ ភារុន ​មក​ពី​ក្លិប​ថ្ម​គោល​ពោធិ៍សែន​ជ័យ​ ជា​គូ​សង​សឹក​ផង ​ដោយ​ប្រើ​រយៈ​ពេល​ចំនួន​ ២ នាទី​។​

អ្នក​ប្រដាល់​ ហ៊ឹម ​សេរី ​ដែល​មិន​ធ្លាប់​ឈ្នះ​ប្រាក់​លាន ​នៅ​ម៉ាស​ហ្វៃ​ ប៉ុន្តែ​លើក​នេះ​ដូច​ជា​សំណាង​ផង​ដែរ​ ខណៈ​ដៃ​គូ​ប្រ​កួត​ ដែល​ត្រៀម​គឺ​កីឡា​ករ ធន់ ​អៀន​ឡេង​ មាន​បញ្ហា​សុខភាព ហើយ​​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ ​នូវ ​សុខទី ​នោះ។

តាម​រយៈការ​ប្រកួតជម្រុះ ៣ ទឹក នោះ ហ៊ឹម សេរី បាន​យក​ឈ្នះ​លើ នូវ សុខទី ដោយ​ងាយ ​តាម​រយៈ​ការ​ទាត់ឱ្យ​ខូច​ជើង ​នៅ​​ត្រឹម​ទឹក​ទី ​២ ខណៈ សាន សំអុន បាន​ផ្តួល បាង កាណុន ត្រឹមទឹក​ទី​ ១ ​ប៉ុន្តែ សម្រាប់ការ​ឡើង​ទៅជួបគ្នា នៅវគ្គ​ផ្តាច់​ព្រ័ត្រ គឺ ហ៊ឹម សេរី បាន​ឈ្នះ​ពិន្ទុ សាន សំអុន ដោយ​តាន​តឹង និង​លំបាកបំផុត។

ហ៊ឹម សេរី និង សាន សំអុន ពេល​ឡើង​ទទួល​ប្រាក់​រង្វាន់ ក្រោយការ​ប្រកួត​ផ្តាច់​ព្រ័ត្រ បាន​បញ្ចប់។ រូបថត ថោន

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​ការ​ប្រកួត បានបញ្ចប់ ​សាន ​សំអុន បាន​ទទួល​ស្គាល់ថា រូបគេ ពិតជា​​ចាញ់​ ​គឺចាញ់​ដោយ​​អស់​ចិត្ត​។ សាន សំអុន បាន​និយាយ​ថា៖​ «ខ្ញុំ​ចាញ់​ក្បាច់​ ហ៊ឹម​សេរី ​ដោយគាត់​​ចេញ​ចូល​លឿន ​និង​មាន​ក្បាច់​ជង្គង់​ទាញ​បាន​ល្អ ​ព្រម​ទាំង​គេច​លឿន​ទៀតផង»​។​

ចំណែក​ ហ៊ឹម ​សេរី ​ដែល​ឈ្នះ​ប្រាក់​រង្វាន់ ៣,៤ ជា​លើក​ដំបូង ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ឈ្នះ​ប្រាក់​លាន​នេះ​ ជា​លើក​ដំបូង​។​​ នៅ​ជុំ​ទី ​១ ពេល​​ប៉ះ​ ​នូវ ​សុខទី ​គឺ​ស៊ី​ផុយ​ ដោយសារ​គេ ​នៅ​មាន​បទ​ពិសោធ​ខ្ចី ​ប៉ុន្តែ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពិត​ជា​លំបាក​ ​ព្រោះ​​ សាន ​សំអុន ​ជំនាញ​កណ្តាប់​ដៃល្អ ​ហើយ​ចិត្ត​ធំ ​វាយ​សម្រុក​គ្មាន​ញញើត ​ទើប​ខ្ញុំ​ព្យាយាម​គេច​ឱ្យ​​បាន​លឿន ​និង​ប្រើ​ក្បាច់​ជង្គង់​វិញ​ ដើម្បី​មាន​ប្រៀប​ត្រឹម​ពិន្ទុ ​តែ​បើ​នៅ​ត​ទល់ ​គឺ​អាច​ចាញ់​ក៏ថា​បាន​ដែរ»​។​

ដោយ​ឡែក ​អ្នក​ប្រដាល់​វ័យ​ក្មេង​ ពេជ្រ​ សម្បត្តិ ​​ដែល​មាន​ប្រវត្តិ​ប្រកួត​​ចាញ់​តែ​ម្តង​គត់​នោះ ​ត្រូវ​បាន​ដាក់​ឱ្យ​​សង​សឹក​កីឡាករ ​ឯម ​ភារុន ​ក្នុង​កម្ម​វិធី​ម៉ាស​ហ្វៃ​ ចំនួន​ ៩​នាទី​ ហើយ​ជា​​លទ្ធផល​ជាក់​ស្តែង​ ពេជ្រ ​សម្បត្តិ​ ​បាន​ប្រើ​កណ្តាប់​ដៃ​ធ្ងន់ ​ផ្តួល​ ​ឯម ​ភារុន ​ឱ្យ​​ដេក​ស្អាត ត្រឹម​រយៈពេល ២ នាទី ​ធ្វើ​ឱ្យ​​អ្នក​តាម​ដាន​ប្រដាល់ ​កោត​សរសើរ​ខ្លាំង​ណាស់​។​

កីឡាករ ពេជ្រ សម្បត្តិ បាន​ឡើង​ទទួល​ប្រាក់រង្វាន់ ចំពោះ​ការ​ផ្តួល ឯម ភារុន ឱ្យ​សន្លប់។ រូប​ថត ថោន

លោក ​ពេជ្រ​ សុផាន់​ ជា​គ្រូ​បង្វឹក បាន​​និយាយ​ថា​៖​ « ពេជ្រ​ សម្បត្តិ ​ឡើង​វ៉ៃ​នៅ​សង្វៀន​ម៉ាស​ហ្វៃ​នេះ​ ចំនួន ​៣ ​លើកហើយ ដោយ​​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់ដូចគ្នា ​ដណ្តើមបាន​​ប្រាក់រង្វាន់​បន្ថែម​ពី​ម៉ាស​ហ្វៃ ​លើ​តម្លៃ​ខ្លួន​ទាំង ​៣ ​លើក​»។​

អតីត​កីឡាករ​ជើង​ខ្លាំង ​ពេជ្រ ​សុផាន់​ បាន​ប្រាប់​បន្ថែម​ថា​៖​ «នៅ​ក្នុង​ទម្ងន់ ​៥៧​គីឡូក្រាមនេះ ​អ្នក​ប្រដាល់​ជំនាន់​ក្រោយ ​ពិត​ជា​លំបាក​រក​ដៃ​គូ​ណាស់ ​ព្រោះ ពេជ្រ សម្បត្តិ ​ខ្លាំង​ ហើយ​​នៅ​ក្នុង​ការ​ប្រ​កួត​ចំនួន ​១៦ ​លើក​កន្លង​មក គេ​បាន​​ចាញ់​តែ​ម្តង ឯម ភារុណ នេះ​ទេ ប៉ុន្តែ​​ឥឡូវវា​សង​សឹក​បាន​វិញហើយ។ ​សម្រាប់​អនាគត​ក្មេង​នេះ ​ល្អ​ណាស់ ដោយ​ហាត់​បាន​ល្អ​វិន័យ​ល្អ​ អាច​ឈាន​ចូល​ជម្រើសជាតិ ​នៅ​ឆ្នាំ​ក្រោយៗបាន»​៕​​​