​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​​អាគ្នេយ៍ លើក​ទី​៣២ ក្នុង​ឆ្នាំ ​២០២៣ (CAMSOC) បាន​បើក​ការប្រជុំ​ពេញ​មួយ​ព្រឹក កាលពី​ថ្ងៃ​អង្គារ ដើម្បី​កំណត់​លម្អិតពិធី​បើក និង​ពិធី​បិទ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ ដោយ​នឹង​ចាប់​ហ្វឹកហាត់​ជា​បណ្តើរៗ នៅ​ដើមខែ​មករា ឆ្នាំ ​២០២២ ខណៈដែល​ក្រុម​អ្នកជំនាញផ្ទាំងទស្សនីយភាព​ការ​រៀបចំ​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ឌីជីថល​នេះ នឹង​ត្រៀម​មកដល់​កម្ពុជានៅ​ខែ​ក្រោយនេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួងការពារជាតិ​, សហព័ន្ធ​កីឡា​ជាតិ និង​អ្នកជំនាញ​តាម​គណៈកម្មការ CAMSOC បានសម្រេច​ថា នឹង​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរបែប និង​កិត្យានុភាព​ជាតិនៅលើ​ឆាក​អន្តរជាតិក្នុង​ពិធី​បើក​-​បិទ នោះ ដោយប្រើប្រាស់​កម្លាំង​មនុស្ស​ខ្ទង់​ពី ៥ ០០០ ទៅ ៧ ០០០ ​នាក់ ក្នុងនោះ​កម្លាំង មកពី​កងយោធពល​​ខេមរភូមិន្ទ ប្រហែល ៧០%​។​

​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ដែលជា​ប្រធាន CAMSOC បានលើកឡើង តាមរយៈ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ព្រឹក​ថ្ងៃ​អង្គារ នោះដែរ​ថា​៖ «​ជាមួយនឹង​ការជំរុញ​ហ្វឹកហាត់​លើកកម្ពស់​សមត្ថភាព បច្ចេក​ទេស​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ឱ្យទទួល​បាន​គុណ​ផល​កីឡា​ខ្ពស់ ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ ការរៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព រត់​ភ្លើង​គប់ និង​ពិធី​បើក​-​បិទ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំ​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣»​។​

​លោក ទៀ បាញ់ បាន​គូស​បញ្ជាក់ទៀតថា​៖ «​ទន្ទឹមនេះ ពិធី​បើក ពិធី​បិទ ជាការ​រៀបចំ​មួយ​ដ៏​ធំជាងគេ​បំផុត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរបែប កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរ​ជាតិ ក្នុងសម័យ​សន្តិភាព​តេ​ជោ​សែន ផងដែរ​»​។​

​តាម​គម្រោងស៊ី​ហ្គេម លើក​ទី៣២ នៅ​កម្ពុជាត្រូវបាន​រាជ​រដ្ឋា​ភិ​បាល​កំណត់​យក​ថ្ងៃទី ​៥ ខែ ឧសភា ឆ្នាំ​ ២០២៣ ជា​ថ្ងៃ​រៀបចំ​ពិធី​បើក ខណៈ​ពិធី​បិទ គឺ​នៅ​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ​២០២៣​។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​-​ហ្គេម លើក​ទី​១២ សម្រាប់​ក្រុម​អត្ថ​ព​លិ​ក​ជនពិការនៅ​កម្ពុជា នឹង​រៀបចំ​ពីថ្ងៃ​ទី ​១ ដល់​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ​ ២០២៣។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​​ធិ​ការ CAMSOC បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​កិច្ចប្រជុំ​ថា​៖ «​កម្មវិធី​បិទ និង​បើក​នេះ​មាន​សារៈសំខាន់​ខ្លាំង ដែល​អង្គប្រជុំ ត្រូវការ​លម្អិត​នូវ​ក្បូន​ផ្ទាំងទស្សនីយភាព ដែល​សម្តែង​ដោយ​មនុស្ស និង​បញ្ចូល​បច្ចេក​ទេស​ភ្លើង ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​ត្រូវមាន​ចលនា​រស់​រវើក ដោយ​សកម្ម មិនអាច​ខូចការ​បានទេ គឺ​ទាមទារ ការហាត់​សម​ច្រើនលើក​ណាស់​»​។​

«​ធនធានមនុស្ស ដែល​ចូល​​រួម ក្រៅពី​អត្ត​ព​លិ​ក គឺមាន​កម្លាំងមកពី​កងយោធពល​​ខេមរភូមិន្ទ ដែល​បង្ហាញ​ជា​ផ្ទាំងទស្សនីយភាពទៅតាម​គម្រោង​ប្លង់ ដែល​ឯកភាពគ្នា ជា​ធ្លុង ​១ ​ពី ​CAMSOC ដែល​កងទ័ព​នេះ មាន​ចំនួន​ប្រហែល ​៧០%​។ ចំណែក​ផ្ទាំងទស្សនីយភាព​នីមួយៗ ត្រូវបាន​កំណត់ ដោយ​ផែន​ផ្សេងៗ​គ្នា គឺ​ទទួលខុសត្រូវ​បន្តបន្ទាប់​គ្នា ត្រូវការ​ស៊ីចង្វាក់​ដែល​ទាមទារ ការហ្វឹកហាត់​សម្តែងតាំងពី​ខែមករា ឆ្នាំ​ ២០២២ ខណៈដែល​អ្នកជំនាញ​មកពី​ប្រទេស​ចិន នឹង​មកដល់ដើម្បី​រៀបចំនៅ​ខែវិច្ឆិកា ឆ្នាំ ​២០២១ នេះហើយ​»​។ លោក វ៉ា​ត់ ចំរើន បាន​បន្ថែម​៕​