ក្រុងប៉ារីស: កីឡាករ Cristiano Ronaldo និយាយថា រូបគេសន្យាថា នឹងសម្លឹងពីការរកគ្រប់បាល់ឱ្យបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីធ្វើបានហ៊ែតទ្រិក (ស៊ុត ៣ គ្រាប់) ក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់លើក្រុមលុចសំបួ ក្នុងវគ្គជម្រុះ World Cup។
Ronaldo ធ្វើបានហ៊ែតទ្រិកអាជីពជាលើកទី៥៨ ក្នុងនោះលើកទី ១០ សម្រាប់ក្រុមជម្រើសជាតិ ខណៈព័រទុយហ្គាល់ លត់ក្រុមភ្ញៀវលុចសំបួ ៥-០ សម្រាប់ការប្រកួត ប្រចាំពូល A កាលពីថ្ងៃអង្គារ។
កីឡាករជយលាភីពាន Ballon d''Or ៥ សម័យកាល Ronaldo វ័យ ៣៦ ឆ្នាំ ស៊ុតបាល់ប៉េណាល់ទី ២ គ្រាប់បើកឆាក ក្នុងចន្លោះរយៈពេលតែ ៥ នាទី នៅដើមវគ្គទី១ មុននឹងអាចសម្រេចគ្រាប់ទី៣ នៅប្រមាណជា ៣ នាទីចុងក្រោយនៃការប្រកួត បន្ទាប់ពីគ្រាប់បាល់របស់ Bruno Fernandes និង Joao Palhinha។
ក្រុមព័រទុយហ្គាល់ពេលនេះ មាន ១ ពិន្ទុ តាមពីក្រោយក្រុមប្រធានពូលស៊ែប៊ី តែពួកគេនៅសល់ ១ ហ្គេម ក្នុងដៃ ដែលវានាំឱ្យជំនួបនៃក្រុមទាំង ២ នាខែក្រោយ រឹតតែតានតឹង ក្នុងការដណ្ដើមសិទ្ធិស្វ័យប្រវត្តិទៅប្រទេសកាតា ឆ្នាំ ២០២២។
Ronaldo ដែលបានអូសបន្លាយគ្រាប់បាល់ជាកំណត់ត្រា ក្នុងក្រុមជម្រើសជាតិ រហូតដល់ ១១៥ គ្រាប់ បានសរសេរតាមរយៈបណ្ដាញសង្គម Instagram ថា៖ «ជ័យជម្នះ ១ ផ្សេងទៀត ជំហាន ១ផ្សេងទៀត ឆ្ពោះទៅរកគោលដៅរបស់យើង រាត្រីជាប្រវត្តិសាស្ត្រ ក្នុងការការពារឯកសណ្ឋានក្រុមជម្រើសជាតិរបស់យើង។ គ្រប់យ៉ាងកាន់តែងាយស្រួល ពេលលេងក្នុងផ្ទះ និងចំពោះមុខអ្នកគាំទ្រ។
«ខ្ញុំសន្យាថា ខ្ញុំនឹងតែងតែសម្លឹងពីការរកគ្រាប់បាល់ឱ្យបានច្រើនបន្ថែមទៀត។ វាស្ថិតនៅក្នុងឌីអេនអេ (DNA) របស់ខ្ញុំ និងឌីអេនអេរបស់យើង យើងមិនធ្លាប់គ្រប់គ្រាន់ឡើយ យើងមិនធ្លាប់បន្ធូរដៃនោះទេ ហើយយើងតែងតែបន្តដំណើរទៅមុខជានិច្ច»។ Ronaldo បានសរសេរបន្ថែម៕ AFP/VN