ភ្នំពេញ​: កម្ពុជាបាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​ត្រូវបាន​បណ្តា​ប្រទេសនៅក្នុង​តំបន់​អាស៊ាន គាំទ្រឱ្យ​បង្កើត ឬ​និពន្ធ​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម ដែលជា​ស្នាដៃសម្រាប់​ប្រើប្រាស់ជា​ប្រវត្តិសាស្ត្រក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​ដ៏​ធំ​មួយ​នេះ ហើយ​ស្របពេល​ជាមួយគ្នានេះ កម្ពុជា​ក៏មាន​គម្រោង​រៀបចំ​ពិធី​បើក និង​ពិធី​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ ​២០២៣ ជា​លើកដំបូង លើ​ទឹកដី​របស់ខ្លួន ឱ្យមាន​លក្ខណៈ​ធំ និង​អស្ចារ្យផងដែរ​។​

​អ្នកជំនាញ​ផ្នែក​កីឡា​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ ​២០២៣ ហៅ​កាត់​ថា CAMSOC លោក វ៉ា​ត់ ចំរើន ចាត់ទុក​ការទទួលបាន​ការគាំទ្រពី​បណ្តា​ប្រទេស​នៅ​អាស៊ាន ដើម្បីឱ្យ​កម្ពុជានិពន្ធ​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេមនេះថា ​ជា​មោទនភាព​ដ៏​ធំ ព្រោះ​បទ​ភ្លេង​នេះ នឹង​ក្លាយជា​ស្នាដៃ​ជា​ប្រវត្តិ​​សាស្ត្រ​របស់​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​។​

​លោក វ៉ា​ត់ ចំរើន ថ្លែង បន្ទាប់ពី​កិច្ចប្រជុំ​របស់គណៈកម្មការ CAMSOC កាលពី​ថ្ងៃ​អង្គា​រថា​៖ «​អ្វីដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត គឺ​យើង​កំពុង​ធ្វើ​កម្មវិធី​បើក​-​បិទ ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ឱ្យមាន​លក្ខណៈ​អស្ចារ្យ និង​ទាក់ទាញ​បំផុត ជាង​កម្មវិធី​ផ្សេងៗ​ទៀត ហើយ​ជាមួយគ្នានេះ បណ្តា​ប្រទេស​អាស៊ី​​អាគ្នេយ៍ បាន​ឯកភាពគ្នា​ស្នើសុំ​ឯកឧត្តម​បណ្ឌិត ថោង ខុន ក្នុងពេលដែល​ឯកឧត្តម​បណ្ឌិត​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ជួយ​រៀបចំ​និពន្ធ​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយ​បន្ត​យកទៅ​ប្រើប្រាស់សម្រាប់​ស៊ី​ហ្គេម នាពេលខាងមុខ​ជា​បន្ត​បន្ទាប់​»​។​

​លោក​បន្តថា​៖ «​បញ្ហា​លើ​ការ​គោរព​ទង់​ស៊ី​ហ្គេម​នេះ គឺ​មិនទាន់មាន​បទ​ភ្លេង ពេល​គោរព​ទង់​ស៊ី​ហ្គេម​នៅឡើយ​ទេ ហើយ​ស៊ី​ហ្គេមចំនួន ៣១ ​លើក រយៈ​​ពេល​ជាង ៦០ ​ឆ្នាំកន្លងមក គឺ​ពេល​គោរព​ទង់​ស៊ី​ហ្គេម បណ្តា​ប្រទេស​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម បាន​ចាក់​បទ​ភ្លេង​ផ្សេងៗ ពោលគឺ​មិនទាន់មាន​បទ​ភ្លេង​ ១ ដែល​ត្រូវបាន​ប្រើប្រាស់​ជារួម សម្រាប់​ម្ចាស់ផ្ទះ​នីមួយៗ​នោះទេ ហេតុនេះ វា​ជា​មោទនភាព​មួយ​របស់​កម្ពុជា ពេល​ធ្វើជា​ម្ចាស់ផ្ទះ និង​ទទួលបាន​ការអនុញ្ញាត​បង្កើត​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម​នេះ តែម្តង​»​។​

CAMSOC នៅ​មិនទាន់បាន​ប្រជុំ​លម្អិតទៅលើ​ការនិពន្ធ​បទ​​ភ្លេង​នេះ​នោះទេ ប៉ុន្តែ​លោក វ៉ា​ត់ ចំរើន បាន​អះអាងថា យើង​នឹង​ព្យាយាម​ធ្វើឱ្យ​សម្រេច ដើម្បី​ជា​មោទនភាព​ជាតិ​កម្ពុជា​យើង​ទាំងមូល ហើយ​បទ​ភ្លេង​គោរព​ទង់​រួម​នេះ នឹងមាន​វត្តមានលើក​​ដំបូងនៅពេល​កម្ពុជា រៀបចំ​ពិធី​បើក​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​២៣ ឆ្នាំ ​២០២៣ នៅ​ពហុ​កី​ឡ​​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​ ៥ ខែឧសភា ខណៈ​ពិធី​បិទ គឺ​នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​ក្រោយពី​ចេញពី​ស៊ី​ហ្គេមនៅ​កម្ពុជា​ ទៅក្រោម​ភាពជា​អ្នក​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ជា​ប្រធាន​ប្តូរ​វេន​នោះ នឹងត្រូវ​ចារ​ចូលក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​អាស៊ាន​ថា បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម ត្រូវបាន​បង្កើតឡើង​នៅ​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​ព្រះរាជាណាចក្រ​​កម្ពុជា​។ កន្លែង​នេះ គឺជា​ចំណុច​ពិសេសដែល​យើង​នឹង​ព្យាយាម​ធ្វើឱ្យ​បានសម្រេច ដើម្បី​ជា​មោទនភាព​ជាតិ​កម្ពុជា​យើង​ទាំងមូល ក៏ដូចជា​បង្ហាញជូន​មិត្ត​អន្តរជាតិថា កម្ពុជា​ពិត​ជាមាន​សមត្ថភាពអាចធ្វើ​ទៅបាន ដោយ​អាចធ្វើ​ឱ្យមាន​ភាព​​ប្រែប្រួល​លក្ខណពិសេស​លើ​ចំណុច​មួយចំនួន​»៕