ភ្នំពេញ៖ កីឡាករជម្រើសជាតិរបស់កម្ពុជាចំនួន ៦ នាក់ នឹងមិនអាចត្រឡប់មកកាន់មាតុប្រទេសវិញ ជាមួយក្រុមធំជម្រើសជាតិកម្ពុជាបាននោះទេ ហើយអ្នកដែលនៅសល់ភារកិច្ច ត្រូវទៅចូលរួមការប្រកួតជាបន្តទៀតនៅប្រទេសជប៉ុន នោះ ក៏មិនអាចធ្វើបានទៅដែរ ក៏ព្រោះតែពួកគេ បានឆ្លងកូវីដ ១៩ ក្នុងអំឡុងពេលស្នាក់នៅ ពេលប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 ជាមួយក្រុមជម្រើសជាតិហ្គាម នៅប្រទេសបារ៉ែន ដែលទើបបានបញ្ចប់កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ម្សិលមិញ។
តាមការបង្ហាញរបស់គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្រ្តា និងលោក ឈូក ពិសិដ្ឋ បានឱ្យដឹងថា កីឡាករ គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និង កែវ សុខសិលា សុទ្ធតែបានឆ្លងជំងឺកូវីដ ១៩ ហើយពេលនេះ អ្នកទាំង ៦ ត្រូវបានដាក់ឱ្យស្ថិតនៅសណ្ឋាគារមួយកន្លែង នៅក្នុងប្រទេសបារ៉ែន ដើម្បីព្យាបាល។
យ៉ាងណាក៏ដោយ ចំពោះស្ថានភាពជំងឺកូវីដរបស់កីឡាករកម្ពុជាទាំង ៦ នាក់ ខាងលើនេះ ត្រូវបានលោក ឈូក ពិសិដ្ឋ បញ្ជាក់ថា៖ «យើងបានទំនាក់ទំនងគ្នាជាប្រចាំ ដើម្បីតាមដានសុខភាពរបស់ពួកគាត់ ហើយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គឺសុខភាពពួកគាត់ នៅតែល្អប្រសើរ អ៊ីចឹងពួកគាត់ មិនត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ពួកគាត់ ត្រូវបានដាក់នៅសណ្ឋាគារដាច់ដោយឡែកមួយ ព្រោះស្ថានភាពជំងឺរបស់ពួកគាត់ ស្ថិតក្នុងកម្រិតស្រាលទេ ដ្បិតអីពួកយើង សុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់ មុននឹងធ្វើដំណើរ មកប្រទេសបារ៉ែននេះ»។
ថ្នាក់ដឹកនាំក្រុមជម្រើសជាតិទាំង ២ នេះ បានប្រាប់ឱ្យដឹងទៀតថា កីឡាករទាំង ៦ នាក់ ដែលបានឆ្លងកូវីដ ១៩នេះ នឹងត្រូវបន្តស្នាក់ និងព្យាយាមជំងឺកូវីដ១៩ នៅប្រទេសបារ៉ែន ចំនួន ១០ ថ្ងៃ ហេតុនេះពួកគេ នឹងមិនអាចត្រឡប់មកមាតុប្រទេសវិញ ជាមួយក្រុមធំជម្រើសជាតិ បានឡើយ ចំណែកអ្នកមានភារកិច្ចត្រូវបន្តដំណើរទៅប្រកួតជម្រុះពាន AFC U23 ASIAN Cup នៅប្រទេសជប៉ុន ក៏ត្រូវបានខកខានដូចគ្នា។
ជាមួយការទម្លាយពីព័ត៌មាន នៃការឆ្លងជំងឺកូវីដ ១៩ របស់កីឡាករជម្រើសជាតិទាំង ៦ នាក់ ខាងលើនេះ ត្រូវបានលោក ភា សុភ័ក្រ្តា អះអាងថា ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ ថា ហេតុអ្វី មិនឃើញអ្នកទាំងនេះ ជាពិសេសខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែការពារ សឿយ វិសាល អ្នកចាំទី កែវ សុខសិលា និងកីឡាករចាស់វិស្សា គួច សុកុម្ភៈ ដែលធ្លាប់មានវត្តមានក្នុងជម្រើស ១១ នាក់ដំបូង កាលប្រកួតជើងទី ១ មិនត្រូវបានដាក់ឱ្យលេង ពេលប្រកួតជើងទី២ ជាមួយក្រុមហ្គាម។
លោក ភា សុភ័ក្រ្តា បានបញ្ជាក់ថា៖ «ពួកខ្ញុំ បានជម្នះខ្លាំងបំផុត ទៅលើបញ្ហានេះ ជាពិសេសភ័យខ្លាំងបំផុត ខ្លាចបញ្ហានេះ ជះឥទ្ធិពលទៅដល់ផ្លូវចិត្តកីឡាកររបស់យើងផ្សេងទៀត នៅពេលប្រកួត ប៉ុន្តែអ្វីៗ វាបែរទៅជាការលើកទឹកចិត្តដ៏ខ្លាំងទៅវិញ នៅពេលកីឡាករទាំង៦ នាក់នេះ បានផ្ញើសារ ចូលទៅក្នុងគ្រុប ដើម្បីលើកទឹកចិត្តដល់កីឡាករ ដែលមានឱកាសបានចូលលេង និងឈានដល់ការទទួលបានជ័យជម្នះ»។
គួរបញ្ជាក់ថា តាមរយៈការប្រកួត នៅលើទឹកដីប្រទេសបារ៉ែននេះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្គាម ១-០ នៅជើងទី ១ ដែលរកបាន ចាន់ វឌ្ឍនាកា ហើយបានបន្តយកឈ្នះ ២-១ នៅជើងទី ២ ដែលជាការរកបានម្នាក់ ១ គ្រាប់របស់ សុះ ស៊ូហាណា និង កែវ សុខផេង។
ជាមួយលទ្ធផលដ៏ល្អនេះ បានជួយឱ្យក្រុមធំជម្រើសជាតិកម្ពុជា ឈ្នះបានកៅអី ឡើងទៅប្រកួតជុំទី ៣ នៃពានរង្វាន់ AFC Asian Cup 2023 ចំណែកក្រុម U23 ជម្រើសជាតិកម្ពុជា នឹងត្រូវបន្តដំណើរពីប្រទេសបារ៉ែន ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U23 ASIAN Cup នៅទីនោះ ដោយពួកគេ ត្រូវជួបក្រុមហុងកុង នៅថ្ងៃទី ២៣ មុនពេលប៉ះក្រុមម្ចាស់ផ្ទះ ជប៉ុន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១៕