ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) និង​ភាគីពាក់ព័ន្ធ បាន​សម្រេច​ធ្វើជា​ម្ចាស់​ផ្ទះ ការ​ប្រកួតកីឡាទូកក្តោងជើង​ឯក​អាស៊ីអា​គ្នេយ៍ ​ឆ្នាំ​ ២០២១ ជា​លើក​ដំបូង ហើយនឹង​យក​ព្រឹត្តិការណ៍នេះ ទៅធ្វើ​​នៅ​ខេត្ត​ព្រះ​សីហនុ ​ពី​ថ្ងៃ​ទី ​១២ ​ដល់​ថ្ងៃទី ​១៧​ ខែ​ធ្នូ ​​ដោយ​មាន​ប្រទេស​ចូល​រួម​ចំនួន​ ៦។​​

ការ​សម្រេច​ធ្វើជា​ម្ចាស់​ផ្ទះ​នេះ គឺ​បន្ទាប់ពីមានការ​ប្រជុំ​ ២​ លើក ​កាល​ពី​ថ្ងៃ ​១ ​ខែ​តុលា​ និង​ល្ងាច​ថ្ងៃទី ១៣​ ខែ តុលា ​ឆ្នាំ ​២០២១​ ក្រោម​ការ​ដឹកនាំ​របស់​លោកបណ្ឌិត​ ថោង ខុន អនុ​ប្រធាន​អចិន្រ្តៃយ៍ CAMSOC និងជា​ប្រធាន​គណៈកម្មការ​រៀបចំការ​ប្រកួតកីឡា​ទូកក្តោង​នេះ ដើម្បី​ជំរុញ​ឱ្យ​មានការ​​ឯក​ភាពគាំ​ទ្រ ​១០០ ​ភាគ​រយ​​។

​បើ​តាម​គម្រោង​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​នេះ ​នឹង​មាន​ប្រតិភូ​កីឡាករ ​មន្ត្រី​បច្ចេកទេស​អន្តរ​ជាតិ ​ប្រមាណ​ ១៥០ នាក់​ ដែល​ចំនួន​នេះ ​នៅ​កម្ពុជា ​មាន​លទ្ធភាព​ ក្នុង​ការ​គ្រប់គ្រង​បាន​ល្អ​ ទាំង​ការ​រៀប​ចំ​បដិ​សណ្ឋារកិច្ច ​ការ​ស្នាក់​នៅ​ ការ​ហូបចុក​ ស្រប​តាម​វិធាន​ការ​របស់​ក្រ​សួង​សុខា​ភិបាល​ ក៏​ដូច​រាជ​រដ្ឋាភិបាលកម្ពុជា ​ក្នុង​ការ​បដិសណ្ឋារ​កិច្ច​ឱ្យ​​ទទួល​បាន​ជោគជ័យ​ ទាំងការ​ថែរក្សា​សន្តិសុខ ​សណ្ដាប់​ធ្នាប់ ​និង​វិធាន​ការទប់​ស្កាត់កូវីដ១៩ ​ផងដែរ​។

លោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​ CAMSOC ​និង​ជាអនុ​ប្រធាន​អចិន្រ្តៃ​គណៈកម្មការ​ទូកក្តោង​ជើងឯកអាស៊ីអាគ្នេយ៍​នេះ​ ​បាន​ថ្លែង​​ថា៖​ «​គោល​ដៅ​ចម្បង ​នៃ​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ ទូក​ក្តោង ​ចុង​ឆ្នាំ ២០២១ ​នេះ ​គឺ​ដើម្បី​ឆ្ពោះ​ទៅ​ទទួល​ធ្វើម្ចាស់​ផ្ទះ ស៊ីហ្គេម​លើក​ទី ៣២​ ឆ្នាំ ២០២៣ ហើយ​ក៏ជា​កិត្តិយស​របស់​កម្ពុជា ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិនេះ​ផង​ព្រោះ​​មុន​ស៊ីហ្គេម​ មក​ដល់ ​គេ​តែង​តែ​ប្រ​កួត​ត្រៀម​មុន ​​បែបនេះ​»។

ការ​ប្រជុំ​សម្រេច​ចុង​ក្រោយ ដើម្បី​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ាន កាលពី​ថ្ងៃពុធ។ រូប CAMSOC

លោក​​​បាន​បន្តថា​ គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្តោង អាស៊ី​អាគ្នេយ៍​ បាន​រៀប​ចំ​ផែន​ការ​ការងារ ​និង​អ្នក​ទទួលខុស​ត្រូវ ​លើ​ផ្នែក​ជំនាញ​នីមួយៗ​ឱ្យ​​បាន​ល្អ ​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ ព្រោះ​ជា​លើក​ទី១ ​របស់​កម្ពុជា ​ដែល​យើង​ហៅ​ថា ​ប្រ​កួត​ត្រៀម​សម្រាប់​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ​ឆ្នាំ ​២០២៣ ​ពេល​​កម្ពុជា​ ​ធ្វើ​ជាម្ចាស់​ផ្ទះ​ ហើយ​យើង ​នឹង​បន្ត​បើក​កិច្ច​ប្រជុំ​ ជា​រៀង​រាល់​ដើម​សប្តាហ៍​ ដើម្បី​សម្រួច​គោល​ដៅ ​នៃ​ការ​រៀប​ចំនេះ ឱ្យ​ទទួល​បាន​ជោគជ័យ ​ជា​លទ្ធផល​ល្អ​។ ​

«សហព័ន្ធ​កីឡាទូក​ក្តោង​សិង្ហ​បុរី ​បាន​ជួយ​រៀប​ចំ ​លើ​ផ្នែក​បច្ចេកទេស​ ជូន​ដល់ម្ចាស់ផ្ទះ​កម្ពុជា ​ចំណែក​ទីតាំង​ប្រកួត ​លើ​លំហ​សមុទ្រ ​និង​រចនា​ទី​លាន ​ត្រូវ​បាន​ណែនាំ​ ​ដោយ​អ្នក​ជំនាញ​មក​ពី​សហព័ន្ធ​អន្តរជាតិ​ ដែល​ព្រឹត្តិ​ការណ៍​នេះ​ គឺ​ស្រប​តាម​គោល​ដៅ​យុទ្ធសាស្ត្រ ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី​៣២ ​ឆ្នាំ​ ២០២៣​ ជា​ប្រវត្តិ​សាស្ត្រ​ ជា​លើក​​ដំបូង ​របស់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»​។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «​កន្លង​មក​ សម្តេច​ពិជ័យសេនា ទៀ បាញ់ ប្រធាន​ CAMSOC ​បាន​ប្រជុំ​សម្រច​បង្កើត​គណៈ​កម្មការ​រៀប​ចំការ​ប្រកួត​កីឡា​ទូក​ក្តោង​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ២០២១​ នេះ ដោយ​គណៈ​កម្មការ​នេះ​ ដឹក​នាំ​ដោយ​ឯក​ឧត្តម​បណ្ឌិត ​ថោង ខុន ​ជា​ប្រធាន​ ​ខ្ញុំ ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍ អម​ដោយ​អនុ​ប្រធាន​ ៣ រូប​ និង​មាន​សមាជិក​ចំនួន ​៦ ​រូប ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ មន្ត្រី​ជា​ច្រើន​រូប ​នៃ​អនុ​គណៈ​កម្មការ​ជំនាញ-លេខា​ធិការ​ដ្ឋាន ដើម្បី​បម្រើ​​ការ​ប្រ​កួត​ឱ្យ​បាន​ល្អ»​៕​​