ភ្នំពេញ៖ ប្រដាល់ជើងចាស់មានទម្លាប់ប្រើក្បាច់នាគវាត់កន្ទុយ ធា នុរាជ បានសុំខ្លួនឡើងប្រកួតដណ្តើមប្រាក់លានប្រចាំសប្តាហ៍ ក្នុងកម្មវិធីប្រកួត នាល្ងាចថ្ងៃអាទិត្យ សង្វៀនថោន ខណៈដែលដៃគូប្រឈមសុទ្ធតែជាអ្នកប្រដាល់វ័យក្មេងជំនាន់ក្រោយ មាន សូដា កូម៉ាន់, សេក ធីណា និង ខុន បូឡា ប៉ុន្តែត្រូវបានគេមើលឃើញថាមានសមត្ថភាពល្អជាង។ ចំណែកជើងខ្លាំងវ័យក្មេង កាន់ ម៉េងហុង និង ពេជ្រ ប៊ុនសិដ្ឋ ត្រូវដាក់ឱ្យប្រកួតសងសឹកគ្នា ក្នុងការប្រកួតម៉ាសហ្វៃ ១ ទឹកមាន៩នាទី។
សិស្សគណក្លិបប្រដាល់មកុដរាជសីហ៍ ធា នុរាជ ជាកីឡាករមានបទពិសោធ ធ្លាប់ឡើងសង្វៀនជាង ១០ ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនទាន់លេចធ្លោ ក្នុងការប្រជែងយកគេឈ្មោះល្បីបាននៅឡើយ មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ ធា នុរាជ ឡើងប្រកួតភាគច្រើន បានលទ្ធផលចាញ់ញឹកញាប់ជាងឈ្នះ ប៉ុន្តែមិនងាយមានដៃគូណាផ្តួលគេឱ្យសន្លប់នោះឡើយ។
សម្រាប់ការចូលរួមប្រកួតប្រជែងដណ្តើមយកប្រាក់រង្វាន់លេខ ១ ចំនួន ៣,៤ លានរៀល ពីកម្មវិធីនេះ ត្រូវបានគេមើលឃើញថា ធា នុរាជ ទំនងដូចជាផ្សងសំណាងពេកហើយ ខណៈដែលវត្តមានកីឡាករ សូដា កូម៉ាន់, សេក ធីណា និង ខុន បូឡា ហាក់ដូចជាមានសមត្ថភាពល្អជាង។
លោក គង់ ចាន់ធីណា ជាគ្រូបង្វឹក បាននិយាយថា៖ «ធា នុរាជ លំបាកសង្ឃឹមឈ្នះណាស់ ដោយសារតែកម្រិតវិជ្ជាគុនដូចជាអស់ឡើង ឬរីកចម្រើន ទៅមុខហើយ គឺនិយាយទៅនៅតែកម្លាំងកាយ និងកម្លាំងចិត្តតែប៉ុណ្ណោះ រីឯស្នៀត និងបច្ចេកទេសថ្មីៗ មិនរីកចម្រើនទេ។ ទោះជាយ៉ាងណា គ្នាប្រឹងហាត់ ហើយ ៣ ប្រកួតចុងក្រកោយនេះ គេបានចាញ់ សោម ពិសិដ្ឋ ចាញ់ មាស សុជាតិ និងឈ្នះ ផាន់ សុវណ្ណ»។

ចំណែក ធា នុរាជ ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួននោះ បាននិយាយថា៖ «មួយរយៈនេះ ខ្ញុំប្រកួតចាញ់ញឹកញាប់ ដោយសារការហ្វឹកហាត់ មិនសូវបានល្អ ព្រោះជាប់រត់តុតុផង ហើយពេលវិលមកវិញ ជួយមើលកូន និងជួយលក់ដូរប្រពន្ធ ធ្វើឱ្យម៉ោងហ្វឹកហាត់ មានតិចពេក ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ ខ្ញុំហាត់ត្រៀមបានល្អ ដោយសង្ឃឹមឈ្នះ៧០ភាគរយ»។
ចំពោះលោក សេក គឹមស៊ន គ្រូបង្វឹករបស់ សេក ធីណា បាននិយាយថា៖ «កូនសិស្សខ្ញុំទៅប្រកួត ដឹងតែវ៉ៃអស់ពីសមត្ថភាព រីឯបញ្ហាចាញ់ ឬឈ្នះ មិនទាន់ហ៊ាននិយាយមុនឡើយ ហើយនៅក្នុងបេក្ខភាពទាំង ៤ នាក់នេះ ខ្ញុំមើលឃើញថា សូដា កូម៉ាន់ ជាឧបសគ្គ ក្នុងការប្រជែងជាងគេ»។
ជាមួយគ្នានេះ អ្នកស្រី សុខ សុខុម អ្នកមើលថែទាំកីឡាករ ខុន បូឡា និយាយ៖ «តាមខ្ញុំមើល សមត្ថភាពអ្នកប្រដាល់ទាំង ៤ នាក់នេះ ខ្ញុំគិតថា ខុន បូឡា ល្អជាង គឺនិយាយទៅ ខ្ញុំសង្ឃឹមឈ្នះតែម្តង»។ ចំណែក សូដា កូម៉ាន់ មិនអាចសុំសម្ភាសបានទេ ប៉ុន្តែមួយរយៈនេះ ប្រកួតបានល្អ និងភាគច្រើនឈ្នះ។
លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រចាំនៅសង្វៀនថោន បាននិយាយថា៖ «តាមខ្ញុំមើលមិនអាចមើលរំលងកីឡាករជើងចាស់បានទេ។ ធា នុរាជ បើហាត់បានល្អ គឺមិនអាចវាយតម្លៃមុនបានទេ ព្រោះទោះបីកន្លងមក គាត់ធ្លាប់ចាញ់ញឹកញាប់ ប៉ុន្តែគ្មាននរណាងាយនឹងផ្តួលគាត់ឱ្យសន្លប់បានឡើយ។ ហេតុនេះសម្រាប់ខ្ញុំ នៅតែគិតថា កីឡាករជើងចាស់ មានស្នៀតការពារបានល្អ ហើយបើកម្លាំងនៅថេរល្អវិញ ជើងថ្មីខ្លះ ពិតជាលំបាកយកឈ្នះណាស់»។
យ៉ាងណាមិញ ការវិលមកជួបគ្នារវាង ពេជ្រ ប៊ុនសិទ្ធ និង កាន់ ម៉េងហុង លក្ខណៈម៉ាសហ្វៃ រយៈពេល ៩ នាទី ត្រូវបានគេគិតថា នឹងក្លាយជាការប្រកួត ដែលមានការជក់ចិត្តខ្លាំង ព្រោះអ្នកទាំង២នេះ សុទ្ធតែកីឡាករមានភាពស៊ូ ហើយវ៉ៃមិនដកថយដូចគ្នា ជាពិសេស ពេជ្រ ប៊ុនសិទ្ធ ខណៈការជួបគ្នា ២ លើក កន្លងមក ក្នុងការប្រកួតគុនខ្មែរ គឺពួកគេឈ្នះម្នាក់ ១ លើក៕