ក្រុងមីឡាន: ភ្នាក់ងាររបស់កីឡាករ Franck Kessie បានបដិសេធថា ខ្សែបម្រើរបស់ក្រុម AC Milan រូបនេះ ត្រូវបានស្នើទៅក្រុមគូប្រជែងរួមក្រុង Inter Milan ដែលជាជើងឯកក្របខ័ណ្ឌ Serie A ចំពេលមានការសង្ស័យចំពោះអនាគតរបស់កីឡាករសញ្ជាតិកូតឌីវ័រជាមួយក្លិប នៅទឹកដី San Siro។

កីឡាករ Kessie ត្រូវផុតកុងត្រានៅដំណាច់រដូវកាលនេះ ហើយក៏មិនទាន់ឃើញមានសញ្ញាពីការបន្តកិច្ចសន្យាថ្មីរបស់គេជាមួយក្រុមរហស្សនាម «Rossoneri» (ក្រហម-ខ្មៅ) ដែរ បើទោះបីជាកីឡាករវ័យ ២៤ ឆ្នាំ បានបង្ហាញពីចេតនា ក្នុងការបន្តស្នាក់នៅជាមួយក្លិបជារៀងរហូតក៏ដោយ។

មានពាក្យចចាមអារ៉ាម ដែលភ្ជាប់ទំនាក់ទំនងរវាងកីឡាករ Kessie ជាមួយក្រុម Inter ខណៈដែលក្រុមជាច្រើន ដូចជា Manchester United, Barcelona, Paris Saint-Germain, Liverpool និង Arsenal សុទ្ធតែលេចមុខមក ដើម្បីត្រៀមប្រជែងយករូបគេ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

ក្នុងខណៈដែលនិយាយសម្រាលចំពោះព័ត៌មានពាក់ព័ន្ធនឹងក្រុម Inter នេះ លោក George Atangana ក៏បានព្រមានក្រុម Milan ផងដែរថា កីឡាកររបស់ខ្លួន ដែលបច្ចុប្បន្នមានវ័យ ២៤ ឆ្នាំ ត្រូវការកិច្ចសន្យាថ្មី ដែលឆ្លុះបញ្ចាំងពីគុណភាពរបស់កីឡាកររូបនេះ។

«កីឡាករម្នាក់ ដែលមានគុណភាពដូច Franck (Kessie) មិនចាំបាច់ត្រូវស្នើទៅអ្នកណាឡើយ។ ក្នុងករណីណាក៏ដោយ ខ្ញុំមិនធ្លាប់និយាយជាមួយក្រុម Inter ឡើយ។ កីឡាករដ៏សំខាន់ម្នាក់ ត្រូវការចង់បានកុងត្រាមួយ ដែលអាស្រ័យតាមស្តង់ដាររបស់គេ»។ នេះជាសម្ដីរបស់លោក Atangana ដែលបានប្រាប់ទៅកាន់គេហទំព័រ Calciomercato.com។

កីឡាករ Kessie បានចាត់ទុកក្រុម Milan ថា ជាផ្ទះរបស់ខ្លួនតាំងពីឆ្នាំ ២០១៧ មក ដោយការមកចូលរួមលើកទី១ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Atalanta មុននឹងកា្លយជាសមាជិកអចិន្ត្រៃ ក្នុងឆ្នាំ ២០១៩។

ក្រោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ សម្រាប់បង្ហាញខ្លួន ៣៧ ដង នៅ Serie A កាលបីរដូវកាលមុន កីឡាករ Kessie នៅមិនទាន់បានទម្លុះសំណាញ់ម្ដងណានៅឡើយទេ ពីការចូលលេង ៥ ហ្គេមដំបូង នារដូវកាលថ្មីនេះ៕ AFP/VN