​ក្រុងប៉ារីស​: កីឡាការិនី Pernille Harder បាន​ស៊ុត​បញ្ចូល​ទី ១ ​គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម​នារី Chelsea ដែល​ចាញ់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន ដណ្ដើមបាន​នូវ​ជ័យជម្នះ​យ៉ាង​ប្រផិតប្រផើយ ២-១ លើ​ក្រុម​នារី Juventus ពី​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​របស់​ក្រប​​ខ័​ណ្ឌ UEFA Women''s Champions League កាល​​ពីថ្ងៃ​ពុធ​។​

​ក្រុម​ភ្ញៀវ Chelsea របស់​អង់គ្លេស ដែល​កាលពី​សប្ដាហ៍​មុន ប្រកួត​ស្មើ ៣-៣ ជាមួយ​ក្រុម​នៅ​អាល្លឺម៉ង់ Wolfsburg បាន​បើក​ការ​នាំមុខ​ក្រុម Juve មុន​តាមរយៈ​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស្កុ​ត​ឡេ​ន Erin Cuthbert ពេល​ការប្រកួត ដំណើរការ​ទៅបាន​កន្លះ​ម៉ោង តែ​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ នៅ​ប៉ុន្មាន​នាទី​បន្ទាប់ពីនោះ ដោយសារ​ការ​ស៊ុត​បាល់​ក្នុង​លំហ​ពី​សំណាក់​កីឡាការិនី​ចាស់វស្សា​សញ្ជាតិ​អ៊ី​តា​លី Barbara Bonansea​។​

​តែ​ក្រោយមក​ខ្សែប្រយុទ្ធ​អន្តរជាតិ​ដា​ណឺ​ម៉ាក Harder ដែល​ផ្លាស់​ពី​ក្រុម Wolfsburg មក​ក្រុម Chelsea ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក សម្រាប់​កីឡាការិនី ក្នុង​ឆ្នាំ​ ២០២០ បានធ្វើ​ចលនា​យ៉ាង​​រហ័ស​តម្រង់​ទៅរក​បាល់ ដែល​បុក​ខ្លួន​ខ្សែការពារ ហើយ​ឡង ដោយ​ការ​ស៊ុត​ផុតដៃ​អ្នកចាំទី Pauline Peyraud Magnin របស់​ក្រុម Juve ចូល​ទី​យ៉ាង​ស្អាត​។​

១​ គូ​ទៀត ក្រុម Wolfsburg បាន​លត់​ក្រុម Servette ដែល​មកពី​ប្រទេសជិតខាង​ស្វ៊ី​ស ៥-០​។ ៥​ គ្រាប់​របស់​ក្រុម Wolfsburg នោះ ២​ គ្រាប់​ស៊ុតដោយ​កីឡាការិនី Tabea Wassmuth ខណៈដែល​កីឡាការិនី Svenja Huth, Dominique Janssen និង Joelle Smits ធ្វើបាន​សម្រេច​ម្នាក់ ១ ​គ្រាប់​ដូចគ្នា​។​

​ក្រុម Chelsea និង Wolfsburg ឈរ​ទី១ និង​ទី២ ក្នុង​ពូ​ល ដោយមាន ៤ ​ពិន្ទុ​ស្មើគ្នា ដោយ​គ្រាន់​តែមាន​គ្រាប់​បាល់​ចំណេញ​ខុសគ្នា​។ ចំណែក​ Juve ឈរ​លេខ ​៣ ក្រោយ​បញ្ចប់ ២ ​ហ្គេម ឈ្នះ ១ ​ដង និង​ចាញ់ ១ ​ដង៕ AFP/VN