ក្រុងម៉ាឌ្រី​ដ​: តុលាការក្រុង​ម្រ៉ា​ឌី​ដ កាលពី​ថ្ងៃ​ពុធ បានប្រកាស​ឱ្យដឹងថា បាន​បញ្ជា​ឱ្យ​ដាក់ពន្ធនាគារ​ចំពោះ​ខ្សែការពារ Lucas Hernandez របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រុម Bayern Munich ពាក់ព័ន្ធ​នឹង​ការរំលោភ​លើ​បទបញ្ជា​ហាមឃាត់ ក្នុង​ឆ្នាំ ​២០១៧​។​

​កីឡាករ Hernandez ដែល​បានឈ្នះ​ជយលាភី​ពាន World Cup 2018 ជាមួយ​ក្រុម​បារាំង ត្រូវបាន​កោះហៅ​ឱ្យទៅ​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ នៅ​ថ្ងៃ​អង្គារ​ក្រោយ តែ​រូបគេ​បាន​ប្ដឹងតវ៉ា​នឹង​ការសម្រេច​នោះ​។ រូបគេ​នឹងមាន​ពេលវេលា​ ១០​ ថ្ងៃ ​ចាប់ពី​ថ្ងៃទី ​១៩ ខែតុលា តទៅ ក្នុងការ​ព្រមព្រៀង​ដើរចូល​មន្ទីរ​ឃុំ​​ឃាំង​ដោយ​ស្ម័គ្រចិត្ត​។​

​នៅ​អេ​ស្ប៉ា​ញអ្នក​ដែល​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ក្រោម ២ ​ឆ្នាំ ជាទូទៅ​មិន​ចាំបាច់​នៅក្នុង​គុក​ឡើយ តែ​ក្នុងករណីនេះ ដោយសារ​វា​ជាការ​ប្រព្រឹត្ត​កំហុស​ដដែលៗ ដូច្នេះ កីឡាករ Hernandez ត្រូវបាន​បញ្ជា​ឱ្យ​អនុវត្ត​បែប​នោះ​។​

​កីឡាករ​វ័យ ២៥ ​ឆ្នាំ ត្រូវបាន​ចាប់ខ្លួនកាលពី ៤​ ឆ្នាំមុន ពីបទ​រំលោភ​លើដី​កាប​ង្គា​ប់​របស់​តុលាការ ដែល​ហាមឃាត់​រូបគេមិនឱ្យ​មានការ​ទាក់ទង ឬ​ពាក់​ព័ន្ធ​ជាមួយ​គូស្នេហ៍​របស់គេ ក្រោយពី​មានការ​ឈ្លោះប្រកែក​បែប​ហិង្សា​រវាង​អ្នក​ទាំង ២​។​

​ក្នុង​ខែធ្នូ ឆ្នាំ ​២០១៩ Hernandez ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៦​ ខែ ពីបទ​ល្មើស​នឹង​បទបញ្ជា​ហាមឃាត់​នេះ នៅពេលដែល​បានឃើញ​ស្វាមីភរិយា​គូ​នេះ ធ្វើដំណើរ​មកដល់​ក្រុង​ម៉ាឌ្រី​ដ បន្ទាប់ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៧ កីឡាករដែលមាន​កម្ពស់ ១,៨៤ ​ម៉ែត្រ​រូបនេះ ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មិត្តស្រី នា​កាលនោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​មាន​រងរបួស​ស្រាល បន្ទាប់ពី​មានការ​​ឈ្លោះប្រកែក​រវាង​អ្នក​ទាំង ២​។ មិនមាន​ភាគី​ណា ធ្វើការ​ប្ដឹងផ្ដល់​គ្នា​នោះឡើយ តែ​អ្នក​ទាំង ២ ត្រូវបាន​ព្រះរាជអាជ្ញា​របស់​ប្រទេស​អេ​ស្ប៉ា​ញ ធ្វើការ​ចោទប្រកាន់​។​

​បន្ទាប់មក Hernandez ដែល​កាលនោះ ជា​កីឡាករ​របស់​ក្រុម Atletico Madrid និង​សង្សារ ត្រូវបាន​សម្រេច​ឱ្យធ្វើ​កិច្ចការ​សហគមន៍​រយៈ​ពេល ៣១​ ថ្ងៃ​ដូចគ្នា ហើយ​ពួកគេក៏ត្រូវ​បញ្ជា​ផងដែរ មិនឱ្យ​មាន​ទំនាក់ទំនង​ជាមួយគ្នារ​យៈ​ពេល ៦​ ខែ​។ តែ ៤ ​ខែក្រោយ​មក ភាគី​ខាង​ប្រុស ត្រូវបាន​ចាប់ខ្លួននៅឯ​ព្រលានយន្តហោះ នាទី​ក្រុង​ម៉ាឌ្រី​ដ​។​

​សម្រាប់​កីឡាករ Hernandez ក៏​ជា​កីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​មាន់គក​បារាំង ដែល​បានឈ្នះ​ពាន Nations League កាលពី​សប្ដាហ៍​មុន ហើយ​រូបគេក៏បាន​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​ផងដែរ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្របខ័ណ្ឌ Bundesliga ពេលដែល​គេ​បានមក​ចូលរួម​ជាមួយ​ក្លិប​យក្ស​អាល្លឺម៉ង់ Bayern ដោយ​ការចាកចេញ​ពី Atletico ក្នុង​ឆ្នាំ ​២០១៩ ជាមួយនឹង​តម្លៃ​ខ្លួនប្រមាណ ៨០ ​លាន​អឺរ៉ូ (៩២,៥ ​លាន​ដុល្លារ​)៕ AFP/VN